ដុំគីស​សុដន់

ជម្រាប​សួរ​លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ។ ដោយយល់​ឃើញថា ទស្សនាវដ្ដី សុខភាពយើង ជា​ទស្សនាវដ្ដី​ដែល​សម្បូរទៅដោយ​បុគ្គលិក​មាន​សមត្ថភាព និង​ជំនាញ​ច្បាស់លាស់ ហើយអាច​ជឿជាក់​បាន។ ខ្ញុំបាទ​ជានិស្សិត​ម្នាក់ដែល​កំពុង​សិក្សា ថ្នាក់​បរិញ្ញាបត្រ ផ្នែក​អក្សរសាស្ដ្រ​អង់គ្លេស សូម​ធ្វើការ​ជម្រាបសួរ​លោក​វេជ្ជបណ្ឌិត​នូវ​សំណួរ​មួយដូច​តទៅ ៖

នារីម្នាក់​ធ្លាប់កើត​ដុំសាច់​គីស​នៅលើ​សុដន់ តែបាន​ធ្វើការ​វះកាត់​យកវា​ចេញជា​ស្ថាពរ ហើយ​លោក​គ្រូពេទ្យ​បានមាន​ប្រសាសន៍​ថា វានឹង​មិនកើត​ឡើងវិញ​ទៀតឡើយ។ សំណួរ​សួរថា តើ​ដុំសាច់​នេះវា​នឹងលែង​កើតមាន​ជារៀង​រហូត ឬ​យ៉ាងណា? ព្រោះ​ខ្ញុំបាទ​ឮថា ទាល់តែ​នារីនោះ​រៀបការ​រួច ទើបវា​លែងកើត​មានលើ​រូបនាង​តទៅ​ទៀត។ សូម​ជម្រាប​ថានេះ​ជាបទពិសោធន៍​របស់​ស្ដ្រី ដែល​គាត់ធ្លាប់​ជួប​ប្រទះ​នឹងការ​នេះ ហើយបាន​ធ្វើការ​ចែកចាយ​មកដល់​ខ្ញុំនិង​មិត្ដស្រី​របស់ខ្ញុំ។

ខ្ញុំបាទ​សង្ឃឹមថា​លោកនាយក​នឹង​ចំណាយ​ពេលវេលា​ដ៏មាន​តម្លៃ​របស់លោក​ធ្វើការ​ឆ្លើយតប​នូវសំណួរ​របស់ខ្ញុំ​បាទនេះ​យ៉ាង ឆាប់​បំផុត និង​ដោយ​អនុគ្រោះ​ជាទី​បំផុត។ លោក​នាយក​អាចឆ្លើយ​តបមក​ខ្ញុំបាទ​ជាភាសាខ្មែរ ឬ​អង់គ្លេស​ក៏បាន​តាមដែល​លោក​យល់ ឃើញ​ថាមាន​ភាព​ងាយស្រួល​សម្រាប់​លោក។

ជាចុងក្រោយ​នេះ ខ្ញុំបាទ​សូមជូន​ពរឱ្យ​ព្រះតាម​ថែរក្សា​លោក និង​ក្រុមគ្រួសារ​គ្រប់​ពេលវេលា និង​សូមឱ្យ​ក្រុមហ៊ុន​របស់ លោក​ដំណើរ​ការទៅមុខ​យ៉ាង​រលូន និង​រីកចម្រើន​ជានិច្ច។
ប្អូនប្រុស នៅភ្នំពេញ

វេជ្ជបណ្ឌិតយើង ៖ ជាដំបូង សូមថ្លែង​អំណរ​គុណដល់​ប្អូនប្រុស​ដែលបាន​គាំទ្រ​ខ្ញុំបាទ និង​អង្គភាព​ទស្សនាវដ្ដី សុខភាពយើង។ សុដន់របស់​ស្ដ្រី​មានតួនាទី​ច្រើន​សម្រាប់​ស្ដ្រី​ខ្លួនឯង ជាអាទិ​ជាប្រដាប់​ភេទ ឬ​តំបន់​សម្រើប​សម្រាប់​សុខភាព​ផ្លូវភេទ ជាប្រដាប់​បន្ដពូជ សម្រាប់ចិញ្ចឹម​បីបាច់​ទារក​តាមរយៈ​ការបំបៅ​ដោះ និង​ជាសរីរាង្គ​សម្រស់​សម្រាប់​នារីភេទ​ដែល​មិនអាច​ខ្វះបាន។ ដូច្នេះ​ហើយបាន​ជា ឮគេ​និយាយ​ជាញឹកញយ​អំពី​សុដន់។ តើអ្វី​ទៅជាដុំសាច់​គីស​នៅលើ​សុដន់? ពាក្យថា​ដុំសាច់គីស​នេះហាក់​ដូចជា​មិនសូវ​ត្រឹមត្រូវ​ទេ។ គីស​មាននិយមន័យ​ដោយ​សម្គាល់​ទៅលើដុំ​ដែលមាន​លក្ខណៈ​ជាស្បោង​ឬថង់ ដែលមាន​ផ្ទុក​ទៅដោយ​ជាតិទឹក​នៅខាង​ក្នុង។ ទឹកនោះ អាច​ជាទឹក​មានលក្ខណៈ​រាវ ខាប់ៗ ស្អិត ឬជា​ទឹករំអិល​ជាដើម។ មានគីស​មួយ​ប្រភេទ​ទៀតមាន​លក្ខណៈ​លាយឡំ​បញ្ចូល​គ្នា គឺជា​ដុំសាច់​ផង និង​ទឹកផង។ គីស​នៅលើ​សុដន់​ខ្លះមិន​តម្រូវឱ្យ​ធ្វើការ​វះកាត់​ទេ លើកលែង​តែដុំគីស​នោះមាន​ការ​រំខាន​យ៉ាងខ្លាំង ឬមាន​ទំហំ​ធំជាង​៣សង់ទីម៉ែត្រ។ តាមធម្មតា​ក្រោយពី​វះកាត់ គេត្រូវ​យកដុំសាច់​ដែលវះកាត់​រួចមក​នោះ យកទៅ​ធ្វើការ​វិភាគ​ជាបន្ដ។ ព្រោះគេ​មិនអាច​មើលដឹង​ថាជាគីស​កាច ឬ​ស្លូត​នោះទេ ពោលជា​ដុំសាច់​មហារីក ឬ​ដុំសាច់​ធម្មតា​នោះទេ។ ដូច្នេះ​សំណួរ​ដែលសួរ​ថាអាច​កើតវិញ​ឬក៏អត់នោះ​ក្រោយការ​វះកាត់​មិនប្រាកដថា​ទាក់ទង់​នឹងស្ដ្រី​នៅលីវ ឬមាន​ស្វាមីនោះ​ទេ តែ​ទាក់ទង​នឹង​ប្រភេទ​សាច់គីស​ឬការ​រាលដាល​របស់វា​នៅលើ​សុដន់។ បើ​ប្អូនចង់ដឹង​លម្អិត​ច្បាស់ គួរតែ​នាំស្ដ្រី​នោះទៅ​សាកសួរ​គ្រូពេទ្យ​ដែលធ្វើការ​វិនិច្ឆ័យរោគ និង​វះកាត់​ខាង​រោគស្ដ្រី​ឱ្យស្ដ្រីរូប​នោះ ទើប​អាចដឹង​ថាវា​ជាដុំគីសស្អី​ពិតប្រាកដ។ សូម​ប្អូនប្រុស​ជួប​សំណាង​ល្អ កុំឱ្យ​មានជម្ងឺ​បៀតបៀន​លើ​រូបប្អូន និង​គ្រួសារ​ប្អូនអី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative