វិបត្ដិ​ផ្លូវចិត្ដ​ស្ដ្រី​លក់ខ្លួន

លើលោក​នេះ​មិនមាន​អ្វីទៀង​ទាត់ទេ ការ​ស្វែងរក​លាភ​សក្ការៈ​ដើម្បី​ផ្គត់ផ្គង់​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ អាស្រ័យ​ទៅតាម​ជីវភាព​ពិត​នៅក្នុង​សង្គម​ជាក់ស្ដែង​របស់​បុគ្គល​រៀងៗខ្លួន ពេលខ្លះ​ស្ដ្រីអាច​ឈានដល់​មានការ​រកស៊ី​ផ្លូវភេទ​ដោយសារ​បញ្ហា​ច្រើនយ៉ាង ។ ហេតុដូច្នេះ​ហើយ ដើម្បី​ចៀសវាង​រាល់បញ្ហា​មិនល្អ​ចំពោះ​ជីវិត និង​វិបត្ដិ​ផ្លូវចិត្ដ ស្ដ្រី​គួរតែ​រួមគ្នា​ប្រឈម​មុខ​ដោះស្រាយ​យ៉ាងប្រត្យក្ស។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ជាជំនួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​វិបត្ដិ​ផ្លូវចិ​ត្ដស្ដ្រីលក់​ខ្លួន ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ លោក វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកលវិទ្យា អនុប្រធាន​ផ្នែក​ជម្ងឺ​ផ្លូវចិត្ដ​នៃ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ-សូវៀត។

វិបត្ដិ​ផ្លូវចិត្ដ​របស់ស្ដ្រី​លក់ខ្លួន

នៅក្នុង​ពាក្យពេចន៍​អក្សរសាស្ដ្រ​ខ្មែរ​បានបង្កប់​អត្ថន័យ​រួចស្រេច​ហើយ ជាប្រភេទ​ស្ដ្រី​បម្រើ​ផ្លូវភេទ​ដើម្បី​ទទួលបាន​លាភសក្ការៈ។ ប៉ុន្ដែ​បុរស​ក៏ជា​តួអង្គ​សំខាន់​ដែលបង្ក​ឱ្យមាន​ស្ដ្រីលក់ខ្លួន​ឡើង តែ​ដោយសារ​វប្បធម៌​នៃការ​រស់នៅ​និង​ប្រពៃណី​ខ្មែរ​មានលក្ខណៈ​រឹតត្បិត​ចំពោះ​ស្ដ្រីច្រើនជាង​បុរស។

មូលហេតុ​បណ្ដាល​ឱ្យមាន​ស្ដ្រី​លក់ខ្លួន

ជីវិត​ជាស្ដ្រី​មានការ​លំបាក ដូច្នេះ​ប្រសិនបើ​មិត្ដនារី​មានគំនិត​ឈ្លាសវៃ និងការ​យល់ដឹង​ខ្ពស់ គឺ​រកឃើញ​នូវ​ប្រភព​សុភមង្គល អនាគត​មានពន្លឺ​ប្រកប​ដោយ​កិត្ដយស​ល្អ និង​រឹងមាំ។ ផ្ទុយទៅវិញ​មាន​មូលហេតុ​ជាច្រើន​ដែលបង្ក​ឱ្យមាន​ស្ដ្រី​លក់ខ្លួន ដែលភាគ​ច្រើន កើត​ចេញពីការ​ប្រព្រឹត្ដ​របស់​បុគ្គល​ម្នាក់ៗ គួបផ្សំ​នឹង​បរិយាកាស​នៅជុំវិញ​ខ្លួនដូចជា ៖

1 . កត្ដា​បុគ្គល ៖ នារី​ពេលដែល​ធំដឹងក្ដី​ឡើងទៅ​ប្រកបមុខ​របរបម្រើ​ផ្លូវភេទ​ផ្ដើមឡើង​ពីជីវភាព​មិន​គ្រប់គ្រាន់ ពុំមាន លទ្ធភាព​ចាប់យក​ចំណេះដឹង​ផ្សេងៗ​សម្រាប់​ប្រកបមុខ​របរ​ដើម្បី​បានកម្រៃ​ចិញ្ចឹម​ជីវិត ក្រុម​គ្រួសារ និង​កូនចៅ។ ស្ដ្រី​មួយចំនួន​ទៀត បណ្ដាល​មកពីការ​លែងលះ​គ្នា ធ្វើឱ្យ​មានការ​សម្រេចចិត្ដ​ទាំងបង្ខំ ដោយសារ​គ្មានជម្រើស​ក៏ដាច់ចិត្ដ​ប្រកបមុខ​របរ ដើម្បី​ទទួល​កម្រៃ សម្រាប់​តម្រូវ​ការចាំបាច់។

2 . កត្ដា​សង្គម ៖ កើតពី​ជនខិលខូច​មួយចំនួន​តូច ដែលមិន​បាន​គោរពច្បាប់​អាច​ទៅបំពាន ឬ​ចាប់រំលោភស្ដ្រី​ក្រមុំ​ណាម្នាក់ ធ្វើឱ្យ​គិតថាខ្លួន​បាត់បង់​ព្រហ្មចារី គឺ​អស់ន័យ​ហើយគ្មាន​ការ​អៀនខ្មាស និងមាន​ស្ដ្រីខ្លះ​ចាញ់បោក​សង្សារ ក៏ឈាន​ទៅ​ប្រកប​របរ​រកស៊ី ផ្លូវភេទ​ដែរ។

3 . កត្ដា​ដៃគូ​ស្នេហា ៖ ការ​សេពគប់​ដៃគូសង្សារ​មិនល្អ​អាចអូសទាញ​នាំឱ្យ​ប្រើប្រាស់​ថ្នាំញៀន ហើយ​គិតថា​ខ្លួន​បាត់បង់ អស់ក្ដី​អៀនខ្មាស​ក៏ទៅ​ប្រកប​របរ​បម្រើ​ផ្លូវភេទ។

4 . កត្ដា​គ្រួសារ ៖ ដោយសារ​តែក្រុម​គ្រួសារ​មានជីវភាព​ខ្វះខាត មិនបាន​ចុងផ្ដើម​កូនស្រី​ឱ្យ​ទទួលបាន​ការអប់រំ​ខ្ពស់ បម្រើ ការងារ​ត្រឹមតែ​ជាកម្មករ​រោងចក្រ ងាយឆោត​ល្ងង់​តាមអ្នកដទៃ​ឆបោក ជាឱកាស​ងាយធ្លាក់ខ្លួន​បម្រីផ្លូ​វភេទ។

5 . កត្ដាវ​ប្បធម៌ ៖ សព្វថ្ងៃនេះ​ចរន្ដទីផ្សារ​សេរី ធ្វើឱ្យ​លំហូរ​វប្បធម៌​ចូលមក​ពីក្រៅ​គ្រប់​មជ្ឈដ្ឋាន ជាការ​ពិតថ្វីត្បិត​ក្រសួង វប្បធម៌ សមត្ថកិច្ច​ទប់ស្កាត់​ក្ដី ក៏នៅមាន​ជនខិលខូច​មួយចំនួន​នាំនូវ​វប្បធម៌ រូបភាព ភាពយន្ដ​អាសអាភាស គាប់ជួន​ខ្លួន​កំពុង​ឈ្លក់​វង្វេង ញៀនស្រាប់​ផង គ្រប់គ្រង​ខ្លួនឯង​មិនបាន​នឹង​រូបភាព​ស្រើបស្រាល បណ្ដោយ​ឱ្យខ្លួន​ទៅជា​ស្ដ្រីបម្រើ​សេវាកម្ម​ផ្លូវភេទ។

6 . កត្ដា​ឥទ្ធិពល​ទឹកប្រាក់ ៖ ចិត្ដ​លោភលន់​តែងតែ​មានមិន​ចេះចប់​នៅក្នុង​ជីវិត រីករាយ​ទទួលយក​នូវអ្វី​ដែលបាន​មកងាយៗ រហ័ស​ទាន់ចិត្ដ​សម្រាប់​តម្រូវការ​ចាំបាច់ ទឹកប្រាក់​ជាវត្ថុចាំបាច់​មួយធ្វើ​ឱ្យមនុស្ស​ហ៊ាន​ធ្វើអ្វីៗ​ដើម្បី​ប្រាក់។ យ៉ាងណាមិញ​ស្ដ្រី​លក់ខ្លួន សប្បាយ​ស្ដាយ​នូវលាភ​ទាំងនេះ ក៏ស្វែងរក​អន្ទង​អ្នកស្រុក​ភូមិ​ជាមួយគ្នា​បញ្ចុះបញ្ចូល​ឱ្យមក​បម្រើ​ផ្លូវភេទ​ជាមួយគ្នា ដើម្បី​ទទួល​លាភសក្ការៈ។ ពេលខ្លះ​ស្ដ្រី​បម្រើ​ស្រាបៀរ​ពិសាជាតិ​ស្រវឹង ជ្រួល​ជ្រើម និង​ភ្លើងពណ៌​បៀរហ្គាឌិន ឈ្លក់​វង្វេង​អារម្មណ៍ ត្រេកអរ​ទទួល​ទឹកប្រាក់​ពីជនខិលខូច អាច​នាំទៅ​បម្រើ​ផ្លូវភេទ​ដើម្បីប្រាក់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ស្ដ្រី​លក់ខ្លួន​ប៉ះពាល់​ផ្នែក​ផ្លូវចិត្ដ

គ្រប់​តួនាទី​ភារកិច្ច​ទាំងអស់ ពេល​បំពេញ​ការងារ​រមែង​តែងតែ​មាន​គំនាប​និងផល​ប៉ះពាល់​ផ្នែក​ផ្លូវចិត្ដ ៖

  • កិត្ដិយស ៖ តាម​ប្រពៃណី​ខ្មែរ ស្ដ្រីមាន​តម្លៃ​ខ្លាំងណាស់​ទៅលើ​ព្រហ្មចារី នៅពេល​ជនណា​ម្នាក់​ឆបោក​បំពាន​ខូចខ្លួន​ប្រាណ ងាយ​នឹងប៉ះ​ទង្គិច​ផ្លូវចិត្ដ មាន​វិបត្ដិ​ធ្ងន់ធ្ងរ។
  • ទំនួល​ភារកិច្ច ៖ នៅពេល​ស្ដ្រី​បម្រើ​ផ្លូវភេទ​បានជួប​បុរស​គ្រប់ប្រភេទ គ្រប់​ជំពូក និង​គ្រប់រូបភាព គួបផ្សំ​ការ​រើសអើង​ពី សង្គម​ខាងក្រៅ​ផង ធ្លាក់​ទឹកចិត្ដ អស់សង្ឃឹម​ដិតដក់ដាម​ស្នាមដំបៅ​ផ្សេងៗ ធ្វើឱ្យ​អារម្មណ៍​ភ័យខ្លាច បាក់ស្បាត​ផ្នែក​ផ្លូវចិត្ដ​ដែរ។

អាការ​របស់​ស្ដ្រីលក់​ខ្លួន​ប៉ះពាល់​ផ្នែក​ផ្លូវចិត្ដ

ស្ដ្រីនោះ​បង្ហាញ​ឱ្យឃើញ​ស្ដែងឡើង​នូវភាព​ឈឺចាប់ មាន​អារម្មណ៍​ឆេវឆាវ ទឹកមុខ​ស្រងូត​ស្រងាត់ គេងយប់​សុបិន​អាក្រក់ ភ្ញាក់ឡើង​រន្ធត់ មាន​អារម្មណ៍​អស់សង្ឃឹម និង​ពេលខ្លះ​រៀបរាប់​បញ្ចេញ​យោបល់​ប្រាប់មិត្ដ​ភក្ដិ​ជិតស្និទ្ធ​នៅក្បែរ​ខ្លួន។

វិធី​ការពារ​វិបត្ដិ​ផ្លូវចិត្ដ​ស្ដ្រី​លក់ខ្លួន

ស្ដ្រី​លក់ផ្លូវភេទ​មាន​វិបត្ដិ​ផ្លូវចិត្ដ​មិនអាច​ទប់ស្កាត់​បានទេ ព្រោះ​របរ​បម្រើ​ផ្លូវភេទ​ប៉ះទង្គិច​រួចទៅ​ហើយ​ខាងផ្នែក​ផ្លូវចិត្ដ មាន តែ​វិធី​ជួយ​ខ្លួនឯង និង​ស្វែងរក​អ្នក​ឯកទេស​ផ្នែក​ពិគ្រោះ​ជម្ងឺ​ផ្លូវចិត្ដ​ដើម្បី​ប្រឹក្សា​នោះទេ ទើបអាច​ជួយបាន។

វិធី​ព្យាបាល​វិបត្ដិ​ផ្លូវចិត្ដ​ស្ដ្រី​លក់ខ្លួន

ក្នុង​ករណី​ស្ដ្រីលក់ខ្លួន​ទើបតែ​មាន​វិបត្ដិ​ផ្លូវចិត្ដ​ក្នុង​កម្រិត​ណាមួយ​ស្រាល ឬ​ជាមធ្យម​អាចជួយ​ខ្លួនឯង​បាន​តាមរយៈ​ការ​ពិគ្រោះ ពិភាក្សា​ជាមួយ​មិត្ដភក្ដិ ចែក​រំលែក​នូវ​បទពិសោធន៍​អាក្រក់​ជូននារី​ដែលខ្លួន​ទុកចិត្ដ​បំផុត​ដឹង ធ្វើឱ្យ​អារម្មណ៍​ជាសះស្បើយ​ពីការ​ប៉ះទង្គិច​ផ្លូវចិត្ដ​កន្លងមក​ហើយ។ មិត្ដអាច​ជួយគាំទ្រ​លើក​ទឹកចិត្ដ និង​ត្រូវមាន​ពេលវេលា​លម្ហែកម្សាន្ដ​ខ្លះ ដើម្បី​មាន​ឱកាស​សម្រាក​កាយ សម្រាក​ចិត្ដ ឬដើរ​កម្សាន្ដ ហាត់ប្រាណ​ជាការ​បន្ធូរអារម្មណ៍ និង​បរិភោគ​អាហារ​ណាមាន​តុល្យភាព​ជួយឱ្យ​ស្ដ្រី​ធូរស្បើយ​ឡើងវិញ។ ពេលសេព​សន្ថវៈ​ស្ដ្រី​ត្រូវការពារ​ដោយ​ប្រើប្រាស់​ស្រោមអនាម័យ និង​ទទួល​ដំណេក​ឱ្យបាន​គ្រប់គ្រាន់។ ប៉ុន្ដែ​បើក្នុង​ករណី​ណាមួយ​ខ្លួនឯង ឬ​មិត្ដភក្ដិ​ជួយ​មិនបាន​ទេ មានតែ​ស្វែងរក​អ្នកជំនាញ​ឯកទេស​បម្រើសេវា​ផ្នែក​ផ្លូវចិត្ដ។ ប៉ុន្ដែ​បើដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ ភ្លេចភ្លាំង ឬ​វិកលចរិត ឮ​សូរសម្លេង​ដូចជា​មាន​នរណា​មករំខាន គឺ​មានតែ​ថ្នាំទេ​ដែលអាច​ជួយបាន​ក្នុងកម្រិត​ធ្ងន់ធ្ងរ​ណាមួយ។

ដំបូន្មាន​អ្នក​ជំនាញ

ជាចុងក្រោយ​មិត្ដនារី​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​ក្ដី ឬ​ជម្ងឺ​ផ្លូវចិត្ដ​ក្ដី កាលណា​មាន​អារម្មណ៍​ដក់ជាប់​នូវ​អំពើ​សាហាវ​លើ​ផ្លូវចិត្ដ និង​ផ្លូវ កាយ​ជាអ្នក​បម្រើសេវាកម្ម​ផ្លូវភេទ​តាម​តម្រូវការ​របស់បុរស​គ្រប់ជំពូក ដើម្បី​លាភសក្ការៈ​ជាតម្រូវការ​ចាំបាច់ គួរតែ​បោះបង់​ចោល ហើយ​ស្វែងរក​មុខរបរ​ដែល​សមសួន​ទៅនឹង​ទីផ្សារ។ ស្វែងរក និង​ចូលរួម​ជាមួយ​អង្គការ​ដែល​តែងតែ​ជួយ​ផ្ដល់​នូវការ​បណ្ដុះ​បណ្ដាល ចំណេះដឹង ជំនាញ​វិជ្ជាជីវៈ ទាំង​កម្លាំងចិត្ដ និង​កម្លាំងកាយ​ចូលទៅ​រស់នៅ​ជាមួយ​អង្គការ​ទទួលបាន​ការ​ផ្គត់ផ្គង់។ បើស្ដ្រី​លក់ខ្លួន​មានវិបត្ដិ​ផ្លូវចិត្ដ​ធ្ងន់ធ្ងរ​កើតឡើង ដូចជា​កាមរោគ ឬ​ជម្ងឺ​ផ្សេងៗ សូមទៅ​ពិគ្រោះ និង​ស្ដាប់​យោបល់​ជាមួយ​អ្នកជំនាញ​ផ្នែក​ជម្ងឺ​ផ្លូវចិត្ដ ផ្ដល់យោបល់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative