របៀប​ហាត់​ប្រាណ​សម្រាប់​មនុស្ស​ធាត់

ការ​ហាត់ប្រាណ​គឺជា​ការជួយ​ឱ្យមនុស្ស​មាន​សុខភាពល្អ និង​ជួយ​សម្រក​នូវ​ជាតិខ្លាញ់​ទាំងឡាយ​ដែលមាន​នៅក្នុង​ខ្លួន (មនុស្សធាត់) ប៉ុន្ដែ​ប្រសិន​ជាលោកអ្នក​ហាត់ប្រាណ​មិនបាន​ត្រឹមត្រូវ​តាមក្បួន​ខ្នាតទេ វាអាច​បណ្ដាល​ឱ្យ​លោកអ្នក​ជួបនូវ​ផល​ប៉ះពាល់​ផ្សេងៗ​ដែលអាច​កើតមាន​ឡើង ជាពិសេស​ការឈឺ​សន្លាក់​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក ហ៊ី ឌីណារិន្ទ ប្រធានក្លឹប​គីងកុង ចូលរួម​បកស្រាយ​អំពី​ប្រធានបទ​មនុស្ស​ធាត់​គួរតែ​ហាត់ប្រាណ​នៅពេលណា។

ការធ្វើ​លំហាត់​ប្រាណ

ការធ្វើ​លំហាត់​ប្រាណ​គឺជាការ​ផ្ដល់ផល​ប្រយោជន៍​ឱ្យ​សុខភាព ឬ​រាងកាយ​ឱ្យបាន​មាំមួន ចលនា​បេះដូង​ដើរបាន​ល្អ និងធ្វើ​ឱ្យ សារពាង្គ​របស់​មនុស្ស​ស្វាហាប់ និយាយ​រួមធ្វើឱ្យ​សុខភាព​របស់អ្នក​ហាត់​គឺល្អ​តែម្ដង។

មនុស្ស​ធាត់​គួរហាត់​ប្រាណ​ដោយ​របៀបណា?

មនុស្ស​ធាត់មាន​របៀប​ហាត់ប្រាណ​ដូចមនុស្ស​ដទៃដែរ ប៉ុន្ដែ​គ្រាន់ថា​មនុស្សធាត់​គួរតែ​អនុវត្ដនូវ​គោលការណ៍​៣ចំណុច​ដូច ខាងក្រោម ៖

1 . ត្រូវធ្វើ​លំហាត់ប្រាណ​ឱ្យត្រូវ​នឹងខារយ៉ូ​(ខារយ៉ូ​មាន​ន័យថា​ជាការ​ធ្វើលំហាត់​ប្រាណ​ដើម្បី​ឱ្យ​បេះដូង​មាន​ចលនា​ដើរបានល្អ ដូចជា​រត់ ការ​ធាក់កង់ ការ​រត់លើ​ម៉ាស៊ីន​ជាដើម)។ ហើយ​លក្ខណៈ​ដែល​ហាត់​ជាមួយ​នឹងម៉ាស៊ីន​នេះគឺ​មានម៉ោង​ដែល​ត្រូវ​ហាត់ មិនមែ​នចេះតែ​ហាត់​នោះទេ ការហាត់​ឱ្យបាន​ជាប់ជា​មធ្យម​យ៉ាងតិច​ត្រូវហាត់​៣០នាទី​ដែរ។ នៅពេល​ដែល​លោកអ្នក​ហាត់មិន​គ្រប់នាទី ឧបមា​លោកអ្នក​ហាត់បាន​ត្រឹមតែ​១០ទៅ​១៥នាទី វាធ្វើ​ឱ្យខ្លាញ់​ដែលមាន​នៅក្នុង​ខ្លួន​របស់​លោកអ្ន្នក​វាមិនទាន់​ក្ដៅ។ ប្រការដែល​ល្អ ដើម្បី​ទទួលបាន​នូវ​សុខភាព​ល្អ លោកអ្នក​គួរ​ហាត់ប្រាណ​ចាប់ពី​៣០នាទី​ឡើង​ទៅទើប​ជាការ​ប្រសើរ។

2 . ចំពោះ​មនុស្ស​ធាត់គួរតែ​ចៀសវាង​នូវចំណី​អាហារ​មួយចំនួន​ដែលមាន​ជាតិកាបូ​អារ៉េ និង​បាយ ដោយសារ​តែបាយ​វាផ្ទុក នូវ​ជាតិប៉ាត់ស្ដា។ លោកអ្នក​គួរតែ​បង្វែរ​អារម្មណ៍​មក​ទទួលទាន​អាហារ​ដែលមាន​សារធាតុ​សំខាន់ៗ ដូចជា​បន្លែ​ផ្លែឈើ។ ហើយ​ការ ទទួលទាន​សាច់ លោកអ្នក​គួរតែ​ជ្រើសរើស​ប្រភេទ​សាច់ណា​ដែលមាន​ពណ៌ស ដូចជា​សាច់ត្រី សាច់មាន់ និង​ចៀសវាង​នូវការ​ទទួលទាន​សាច់ក្រហម មាន​ដូចជា​សាច់គោ ឬ​សាច់ជ្រូក​ជាដើម។

3 . លោកអ្នក​គួរតែ​ធ្វើ​លំហាត់​ប្រាណ​មួយចំនួន​ដែល​ទាក់ទង​នឹង​ចលនា​ដងខ្លួន​របស់​លោកអ្នក។
សរុប​សេចក្ដីមក​គោលការណ៍​ដែលបាន​រៀបរាប់​ខាងលើ​នេះ ពិតជាមាន​ប្រយោជន៍​ណាស់​ដល់មនុស្ស​ធាត់។

អត្ថប្រយោជន៍​នៃការ​ធ្វើ​លំហាត់​ប្រាណ​របស់​មនុស្សធាត់

ការ​ហាត់ប្រាណ​តែងតែ​ទទួលបាន​នូវអត្ថប្រយោជន៍​​ជាច្រើន ដោយ​អ្នកខ្លះ​ចង់ហាត់​ប្រាណ​ដើម្បី​សម្រក​ទម្ងន់ និង​ផលប្រយោជន៍​មួយទៀត​គឺចង់​ឱ្យចលនា​បេះដូង​ដើរ​បានល្អ។ ធម្មតា​មនុស្ស​ធាត់​តែងតែ​មានខ្លាញ់​ច្រើន វាមិន​ត្រឹមតែ​មាននៅលើ​ដងខ្លួន ប៉ុណ្ណោះ​ទេ វាអាច​មាន​នៅក្នុង​សរសៃឈាម ខ្លាញ់​រុំបេះដូង។ សម្រាប់​មនុស្សធាត់​ការ​ហាត់ប្រាណ​ជួយ​សម្រក​ទម្ងន់ ឬ​សម្រក​នូវ​សារធាតុផ្សេងៗ ហើយការ​ដកដង្ហើម​របស់​លោកអ្នក​មានភាព​ងាយស្រួល​ទៀតផង។

ផល​ប៉ះពាល់​នៅពេល​ដែល​មនុស្ស​ធាត់​ហាត់​មិនបាន​ត្រឹមត្រូវ

ធម្មតាការ​ធ្វើលំហាត់​ប្រាណ​មិនថា​មនុស្សធាត់ ឬ​ស្គ្គមទេ នៅពេល​អ្នក​ទាំងនោះ​ធ្វើខុស​នូវ​ចលនា​ណាមួយ មានន័យ​ថា ធ្វើមិនបាន​​ត្រឹមត្រូវ​តាម​ក្បួនខ្នាត វានឹង​ធ្វើឱ្យ​មានផល​ប៉ះពាល់​ដល់​រាងកាយ និង​សរីរាង្គ​ខាងក្នុង។ ចំពោះការ​ធ្វើ​លំហាត់​ប្រាណ និង​ការទទួលទាន​អាហារ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាមក្បួន វាមិន​បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់​ទៅដល់​សុខភាព​នោះទេ ប៉ុន្ដែ​ប្រសិន​បើការ​ហាត់ប្រាណ និងការ​ទទួលទាន​អាហារ​មិនបាន​ត្រឹមត្រូវ វាធ្វើឱ្យ​លោកអ្នក​មានផល​ប៉ះពាល់ និងអាច​ឱ្យ​លោកអ្នក​ឈឺ​សន្លាក់​ជាដើម។

ដំបូន្មាន​របស់​អ្នក​ប្រឹក្សា

ចំពោះ​មនុស្សធាត់ មុន​ដំបូង​គួរតែ​ហាត់ ឬធ្វើ​ចលនា​សន្សឹមៗ ការធ្វើ​បែបនេះ​ដើម្បី​ចៀសវាង​កុំឱ្យ​មានផល​ប៉ះពាល់​ទៅដល់ សរីរាង្គ។ លោកអ្នក​គួរតែ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន ព្រោះ​វាជួយ​សម្រករាង និង​ធ្វើឱ្យ​មាន​សុខភាពល្អ​ទៅដល់​រាងកាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative