ជម្ងឺ​ទឹកដក់​ក្នុងភ្នែក​ទាំង៣​ប្រភេទ

កែវភ្នែក​ប្រៀប​ដូចជា​គ្រាប់​ពេជ្រ​ដ៏មាន​តម្លៃ​សម្រាប់​មនុស្ស​គ្រប់គ្នា។ ការ​យកចិត្ដ​ទុកដាក់​ក្នុងការ​ថែរក្សា​សុខភាព​ភ្នែក ជាកិច្ចការ​ដ៏មាន​សារៈ​ប្រយោជន៍​ដែលឱ្យ​លោកអ្នក​អាច​ចៀសផុត​នូវ​បញ្ហា​ទាំងឡាយ​ដែល​កើតមាន​ចំពោះ​សុខភាព​ភ្នែក។ ជម្ងឺ​ទឹកដក់​ក្នុងភ្នែក​មាន​មូលហេតុ​ភាគច្រើន​បណ្ដាល​មកពី​ការ​ហូរចេញ​របស់​ទឹកក្នុង​ភ្នែក​មាន​កម្រិត​តិចជាង​ធម្មតា បណ្ដាល​ឱ្យមាន​ការ​កកស្ទះ​ទឹក​នៅផ្នែក​ខាងក្នុង​គ្រាប់ភ្នែក ហើយ​ភ្នែក​របស់យើង​នឹងមាន​សភាព​ឡើងរឹង​ដូចថ្ម ដែល​គេហៅ​ថា ជម្ងឺ​ទឹកដក់​ក្នុងភ្នែក។ ជម្ងឺ​ទឹកដក់​ក្នុងភ្នែក​នេះក៏ត្រូវ​បាន​បែងចែក​ជាប្រភេទ​ផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ធ្វើការ​បកស្រាយ​ឱ្យកា​ន់តែ​ច្បាស់ពី​ប្រភេទ​របស់ជម្ងឺ​ទឹកដក់​ក្នុងភ្នែក លោក​វេជ្ជបណ្ឌិត ងី ម៉េង អនុប្រធាន​នៃ​កម្មវិធីជាតិ​សម្រាប់​សុខភាព​ភ្នែក ក៏បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង។

ចំណាត់​ថ្នាក់​ប្រភេទ​ជម្ងឺ​ទឹកដក់​ក្នុងភ្នែក

ទឹកដក់​ក្នុងភ្នែក​ជាជម្ងឺ​ដែល​បំផ្លាញ​សរសៃ​ប្រសាទ​ភ្នែក បង្កឡើង​ពីមូលហេតុ​ច្រើន ហើយ​សម្ពាធ​ទឹកក្នុង​ភ្នែក​ឡើងខ្ពស់ គឺជា​មូលហេតុ​សំខាន់​ដែលធ្វើ​ឱ្យទីធ្លា​ខ្សែភ្នែក​ខូច ឬ​រួមតូច​បន្ដិចម្ដងៗ។ សម្ពាធទឹក​នៅក្នុង​ភ្នែកធម្មតា​នៅចន្លោះ​៩-២១​មីលីហុងគ្រី (mmHg) ចំណែក​សម្ពាធ​ទឹកខុស​ធម្មតា​នឹងទៅស​ង្កត់​សរសៃ​ប្រសាទភ្នែក​ដែល​នៅផ្នែក​ក្រោយ​របស់​គ្រាប់ភ្នែក ធ្វើឱ្យ​សរសៃ​ប្រសាទ ភ្នែក​អន់ថយ ធ្វើឱ្យ​ភ្នែក​ស្រវាំង ហើយ​បើទុក​ចោល​មិនបាន​ទទួលការ​ព្យាបាល​ភ្នែក​នឹងអាច​ពិការ​តែម្ដង។ ទោះបីជា​អ្នកជម្ងឺ​បាន​ទទួលការ​ព្យាបាល​រហូត​សម្ពាធ​ទឹកក្នុង​ភ្នែក​ថយចុះ​មកដូច​ធម្មតា តែខ្សែភ្នែក​ដែលខូច​ដោយ​ជម្ងឺ​ទឹកដក់​នេះ ក៏​មិនអាច​ត្រឡប់មក​ល្អ ដូចដើម​បានទេ ហេតុនេះ​ហើយ​ទើបគេ​ចាត់ទុក​ជម្ងឺ​ទឹកដក់​ក្នុងភ្នែក​ជាជម្ងឺ​មួយប្រភេទ​ដែល​ធ្ងន់ធ្ងរ​ណាស់។ ជម្ងឺនេះ​គេចែកចេញ​ជាបី ប្រភេទគឺ​ប្រភេទ​បន្ទាន់​ធ្ងន់ធ្ងរ ប្រភេទ​មុំបិទ និង​ប្រភេទ​មុំបើក។

ជម្ងឺ​ទឹកដក់​ប្រភេទ​បន្ទាន់​ធ្ងន់ធ្ងរ

ស្ថិតក្នុង​ប្រភេទ​នេះ គឺកើត​មកពី​សម្ពាធ​ទឹកក្នុង​ភ្នែក​ដែលឡើង​ខ្ពស់​មួយ​រំពេច ធ្វើឱ្យ​អ្នកជម្ងឺ​មានអាការ​ឈឺភ្នែក​ខ្លាំង ឈឺក្បាល ភ្នែក​ស្រវាំង​យ៉ាងលឿន​បំផុត និង​អាចមាន​អាការ​ចង់ក្អួត​ចង្អោរ​ផងដែរ។ ប្រសិន​មិនបាន​ទទួលការ​ព្យាបាល​អាការ​នេះទេ នឹង​កើនខ្លាំង​ឡើង​ជាលំដាប់។ ប្រភេទនេះ​ភាគច្រើន​កើតមាន​ចំពោះ​ក្រុមមនុស្ស​ដែលមាន​អាយុ​ចាប់ពី​៤៥ឆ្នាំ​ឡើងទៅ។

ជម្ងឺ​ទឹកដក់​ប្រភេទ​មុំបិទ

ជម្ងឺ​ទឹកដក់​ប្រភេទនេះ​រមែង​តែមិន​មានអាការ​អ្វីទេ ហើយ​ជម្ងឺ​វិវឌ្ឍន៍​ទៅបន្ដិចម្ដងៗ មុំប្រស្រី​ភ្នែកបិទ សម្ពាធ​ទឹក ក្នុងភ្នែក​នឹង​កើនឡើង​ខ្ពស់ទៅៗ។ បើគេ​ពិនិត្យ​ទៅលើ​ទងសរសៃប្រសាទ​ភ្នែក​នឹងឃើញ​ថា ទង​សរសៃ​ប្រសាទភ្នែក​ខូង បណ្ដាល​មកពី ជម្ងឺ​ទឹកដក់ ហើយ​ទីធ្លាភ្នែក​រួមតូច។

ជម្ងឺ​ទឹកដក់​ប្រភេទ​មុំបើក

ជម្ងឺ​នឹងវិវឌ្ឍន៍​យឺតៗ សម្ពាធទឹក​ក្នុងភ្នែក​ឡើងខ្ពស់​ម្ដងបន្ដិចៗ ទើប​មិនមាន​អាការ​ឈឺចាប់ ដែល​រមែង​កើត​ចំពោះភ្នែក​ទាំង​សងខាង។ រយៈពេល​ដំបូង​មិនមាន​អាការ​ខុសធម្មតា​ទេ ដល់ពេល​ជម្ងឺនេះ​វិវឌ្ឍន៍​ខ្លាំងទៅ សរសៃ​ប្រសាទភ្នែក​ត្រូវ​បំផ្លាញ​ជារឿយៗ ធ្វើឱ្យ​គំហើញ​កាន់តែ​រួមតូច ពេលនោះ​ទើបអ្នក​ជម្ងឺ​ចាប់ផ្ដើម​ដឹង ហើយ​បើសិន​មកជួប​គ្រូពេទ្យ​យឺតពេល​គឺភ្នែក​អាចពិការ​បាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការ​គិតគូរ​ពីជម្ងឺ​ទឹកដក់​ក្នុងភ្នែក

អ្នកដែល​ជាសាច់ញាតិ​គ្រួសារ​អ្នកជម្ងឺ​ទឹកដក់​នឹងអាច​មាន​ឱកាស​កើតជម្ងឺ​នេះច្រើន​ជាងមនុស្ស​ទូទៅ ព្រោះ​វាមាន​ចំណែក​ទាក់ទង​នឹងផ្នែក​ជម្ងឺ​តំណពូជ​ផងដែរ។ ជម្ងឺ​ទឹកដក់​នេះភាគច្រើន​ជាជម្ងឺ​ដែល​កើតឡើង​ដោយ​ឯកឯង តែមាន​ជម្ងឺ​ទឹកដក់​ខ្លះកើត​មកពី​អ្នកជម្ងឺ​ដែល​ទៅទិញ​ថ្នាំភ្នែក​ប្រភេទ​ខ្លះមក​ប្រើប្រាស់​ដោយ​ខ្លួនឯង ដែល​ប្រើប្រាស់​ក្នុងការ​ព្យាបាល​បានយ៉ាង​ល្អឬ​មិនបាន​ល្អ តែវា​ក៏មាន​ផលវិបាក​ធ្វើឱ្យ​កើតមាន​ជម្ងឺ​ទឹកដក់​នេះ ជាពិសេស​ប្រសិនបើ​ដាក់ថ្នាំនេះ​ជាប់គ្នា​ជាច្រើន​ដប។ ការ​ជ្រើសរើស​វិធី​ព្យាបាល​ណាមួយ​នោះ គឺ​អាស្រ័យ​ទៅនឹង​ប្រភេទ និងភាព​ធ្ងន់ធ្ងរ​នៃជម្ងឺ ដោយ​គ្រូពេទ្យភ្នែក​ជាអ្នក​ត្រួតពិនិត្យ​ថាតើ​គួរប្រើ​វិធីណា​ទើបអាច​បានផល​ល្អ បំផុត​សម្រាប់​អ្នកជម្ងឺ។ នៅពេល​ភ្នែកម្ខាង​ដែលមាន​ជម្ងឺ​ទឹកដក់​បាន​ទទួលការ​ព្យាបាល​រួចហើយ គ្រូពេទ្យ​នឹង​ធ្វើការ​ណែនាំ​ឱ្យអ្នក​ជម្ងឺ ការពារ​ភ្នែកម្ខាង​ទៀត​កុំឱ្យ​កើតជម្ងឺ​នេះដែរ។ ដោយ​សារតែ​ជម្ងឺ​ទឹកដក់​រមែង​កើតលើ​ភ្នែក​ទាំងសង​ខាង ការ​ការពារ​អាចធ្វើ​បាន​តាមរយៈ​ការបន្ដក់​ថ្នាំ ការ​បាញ់​កាំរស្មី ឬការ​វះកាត់ ព្រោះ​ប្រសិនជា​ទុកចោល​រហូត​កើតជា​ជម្ងឺ​ទឹកដក់​ហើយ ទើបមក​ព្យាបាល ភ្នែក​ដែល​ខូចនោះ មិនអាច​ត្រឡប់​ដូចដើម​នោះទេ។ ការ​ព្យាបាល​គ្រាន់តែ​អាច​គ្រប់គ្រង​សម្ពាធ​ទឹកក្នុង​ភ្នែក​ឱ្យនៅ​ធម្មតា និង​ជួយធ្វើ​ឱ្យភ្នែក​មិនបន្ដ​ខូចតទៅទៀត​បាន ការ​ប្រើប្រាស់​ថ្នាំភ្នែក​ក្នុងការ​ព្យាបាល​ជម្ងឺ​ទឹកដក់ គឺជាវិធី​ដែលបាន​ផល និង​និយមខ្លាំង​ជាទីបំផុត។

ការ​ប្រើប្រាស់​ថ្នាំ​បន្ដក់​ព្យាបាល​ជម្ងឺ​ទឹកដក់​ក្នុងភ្នែក

បច្ចុប្បន្ននេះ​មានថ្នាំ​បន្ដក់ភ្នែក​ព្យាបាល​ជម្ងឺ​ទឹកដក់​ជាច្រើន​ប្រភេទ​ប្រើក្នុង​គោលដៅបញ្ចុះ​សម្ពាធ​ទឹកក្នុង​ភ្នែក គឺ​ក្រុម ប្ដ្រូស្ដេក​គ្លែនដីន ​(Prostaglandine)។ ថ្នាំនេះ​ត្រូវដាក់​ម្ដងមួយ​ដំណាក់ ហើយ​១ថ្ងៃ​ដាក់ម្ដង​តែប៉ុណ្ណោះ នៅពេល​ល្ងាច ឬ​មុនពេល​ចូលគេង។ ផល​ប៉ះពាល់​ដែលអាច​កើតមាន គឺ​អាចមាន​អាការ​ភ្នែក​ក្រហម​នៅពេល​ខ្លះ តែអាច​បាត់ទៅវិញ​ដោយ​ឯកឯង ឬ​ក្រោយ ពេលប្រើ​ថ្នាំ​ប្រហែល​រយៈពេល​១ម៉ោង​អាការភ្នែក​ក្រហម​នឹង​ថយចុះ។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​ដែលមាន​អាយុ​លើសពី​៤០ឆ្នាំ​ឡើងទៅ គួរតែ​មក​ទទួលការ​ពិនិត្យ​ភ្នែក និង​វាស់​សម្ពាធ​ទឹកក្នុង​ភ្នែក​ពីគ្រូពេទ្យ ភ្នែក​ដើម្បី​ដឹងមុនពី​ជម្ងឺនេះ មុនពេល​មាន​សភាព​ធ្ងន់ធ្ងរ។ ដើម្បី​ចៀសវាង​ការ​កើតជម្ងឺ​នេះ លោកអ្នក​មិនគួរ​ទិញថ្នាំ​ដាក់ភ្នែក​ដោយ​ខ្លួនឯង​នោះទេ គួរប្រើ​ថ្នាំណា​ដែលមាន​វេជ្ជបញ្ជា​ពីគ្រូពេទ្យ​ឱ្យប្រើ​តែ​ប៉ុណ្ណោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative