បង្គន់​សាធារណៈ​ឆ្លងរោគ

នាងខ្ញុំ​ជាអាជីវក​រលក់ដូរ​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ។ នាងខ្ញុំ​ត្រូវទៅ​បំពេញ​ការងារ​ស្ទើរពេញ​មួយថ្ងៃ។ នាងខ្ញុំ ត្រូវ​ប្រើប្រាស់​បង្គន់​សាធារណៈ។ នាងខ្ញុំ​សូមសួរ​ថា តើអាច​ឆ្លងជម្ងឺ​អ្វីដែរ​ទេ? ត្រូវ​ប្រុងប្រយ័ត្ន​យ៉ាងណា​ទៅ?
លោកស្រី អ. ព. ស អាយុ២៩ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើង ៖ ករណី​ប្រើបង្គន់​សាធារណៈ​វាអាស្រ័យ​ជាខ្លាំង​ទៅនឹង​ប្រភេទ​បង្គន់ និង​ការធ្វើ​អនាម័យ។ ដូច​ប្អូនស្រី​បានដឹងខ្លះ​ហើយថា កើតជា​ស្ដ្រីម្នាក់​ត្រូវមាន​ភារកិច្ច​មមាញឹក​ជាខ្លាំង​ក្នុងការ​ថែទាំ​សុខភាព មិនថា​នៅក្នុង​ផ្ទះ ឬ​នៅក្រៅ​ផ្ទះឡើយ ទោះទៅណា​មកណា​ក្ដី។ ការចូល​បន្ទប់ទឹក ឬ​បង្គន់ត្រូវ​គិតគូរ​ពីភាព​ស្អាត និង​អនាម័យ​ជាពិសេស។ បន្ទប់ទឹក និងបង្គន់​ជាកន្លែង​ដែល​សម្បូរ​ទៅដោយ​មេរោគ​ជាច្រើន​ប្រភេទ។ បង្គន់ដែល​នៅតាម​គេហដ្ឋាន ជួន​ពិបាក​ក្នុងការ​ធ្វើអនាម័យ ចុះ​ទម្រាំ​នៅតាម​ទីសាធារណៈ​ទៀត តើ​អនាម័យ​មានកម្រិត​ណាទៅ? ម្យ៉ាងទៀត​ប្រភេទ​បង្គន់ក៏​ត្រូវគិតគូរ​ដែរ ជាទូទៅ​មាន២​ប្រភេទ គឺ​បង្គន់ចាន​(អង្គុយ​ចោងហោង) និងបង្គន់​កន្ថោរ (អង្គុយ​ផ្ទាល់​ពីលើ)។ ករណី​បង្គន់ចាន​ដែលអង្គុយ​ចោងហោង ដូចជា​មិនសូវ​កើតជា​បញ្ហាទេ។ តែក្នុង​ករណីប​ង្គន់កន្ថោរ​ដែល​អង្គុយ ផ្ទាល់​ពីលើ​ពិតជា​ត្រូវគិតគូរ ព្រោះថា​ប្អូនស្រី​អាចអង្គុយ​ពីលើភាពក​ខ្វក់ និង​មេរោគ។ មុននឹង​អង្គុយ សូម​សម្អាតចាន​បង្គន់ និង​បន្ទះ អង្គុយ​សិន អាច​ប្រើក្រដាស​ជូត រឹតតែ​ប្រសើរ​បើមាន​ក្រដាស​ជូតសម្លាប់​មេរោគ និង​ទ្រាប់​ក្រដាស​មុនអង្គុយ​ពីលើ។ ត្រូវ​ត្រួតពិនិត្យ ផងដែរ​ថាបង្គន់​នេះមាន​ទឹកលាង​ស្អាត​ត្រឹមត្រូវ​ឬទេ មុនពេល​ចូល និង​ចេញពី​បង្គន់ ដូចជា​មុនបត់ជើង​បាញ់ទឹក​ចោលសិន និង​ពេលចេញ​ត្រូវបាញ់​ទឹក១ដង​ទៀត។ អនាម័យ​សម្រាប់​ប្អូនស្រី ក៏ដូចជា​សម្រាប់​មនុស្ស​ដទៃទៀត​ផងដែរ​សុទ្ធតែ​សំខាន់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative