គេង​យល់សប្ដិ៍​ចេញ​ទឹកកាម

ខ្ញុំបាទ​អាយុ​២១ឆ្នាំ មិនធ្លាប់​រួមភេទ​ជាមួយ​នារី​ណាម្នាក់​ម្ដងឡើយ។ ជារៀង​រាល់ពេល​ខ្ញុំបាទ​យល់សប្ដិ៍ តែងតែ​ចេញ​ទឹកកាម។ តើការ​ចេញ​ទឹកកាម​នៅពេល​យប់នេះ​មាន​គ្រោះថ្នាក់​ដល់​សុខភាព ឬ​ទេ?
លោក ប. ផ. ប អាយុ​២១ឆ្នាំ ខេត្ដកំពត

វេជ្ជបណ្ឌិត​យើង ៖ យល់សប្ដិ៍​ចេញ​ទឹកកាម​ច្រើនតែ​កើតលើ​ក្មេងប្រុស​ជំទង់​អាយុ​វ័យ​១៤ឆ្នាំ និងអាច​អាយុ​ច្រើន​ឬតិចជាង​នេះ។ តាម​វេជ្ជសាស្ដ្រ បាតុភូត​បែបនេះ​គឺជារឿង​ធម្មតាទេ​របស់​បុរសភេទ ជាពិសេស​លើ​យុវជន និង​ក្មេងប្រុស​ជំទង់។ វាជា​សញ្ញា​មួយ​បញ្ជាក់ថា​គេ​ចាប់ផ្ដើម​ពេញ​រូបពេញ​រាង​ដល់​វ័យកម្លោះ​ហើយ ដែល​ប្រហាក់​ប្រហែល​នឹងការ​ចាប់​មករដូវ​ដំបូង​របស់​ក្មេងស្រី​(ចូលម្លប់)​ដែរ។ សរុបមក​ការចេញ​ទឹកកាម​របស់​ក្មេងប្រុស និងការ​មក​រដូវ​ដំបូង​របស់​ក្មេងស្រី ជាដំណាក់​កាល​ដែល​ពួកគេ​អាច​បន្ដពូជ​ពង្សវង្ស​ត្រកូល​បង្កើតកូន​ចៅបាន​ហើយ។ បើ​ពួកគេ​មានការ​រួមភេទ​ពួកគេ​អាចមាន​ផ្ទៃពោះ។

ការចេញ​ទឹកកាម​ពេល​ទទួលទាន​ដំណេក​លង់លក់​កណ្ដាល​យប់​មិនបង្ក​គ្រោះថ្នាក់​ដល់​សុខភាព​រាងកាយ​ទេ។ ប៉ុន្ដែ​គ្រាន់តែ អ្នក​ខ្លះអាច​មាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ​បន្ដិចបន្ដួច​ពេល​ភ្ញាក់ពី​ដំណេក​ពេលព្រឹក​ប៉ុណ្ណោះ។ ជាមធ្យម បាតុភូត​នេះអាច​កើតពី២ ទៅ​៣ដងក្នុង​១ខែ​នៅលើ​យុវជន​ដែលមាន​សុខភាពល្អ​កម្លាំង​មាំមួន។ ប៉ុន្ដែ​ក៏មាន​យុវជនខ្លះ​កើតមាន​បាតុភូត​នេះញឹកញាប់​ជាងនេះ ផងដែរ។ ដូច្នេះ​បើប្អូនប្រុស​មានបញ្ហា​នេះ ហើយ​សុខភាព​របស់​ប្អូនប្រុស​ទ្រុឌទ្រោម សូមប្អូន​រួសរាន់​ទៅជួប​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ និងធ្វើការ​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative