ក្បួន​ថែរក្សា​គភ៌ ៖ ការ​ទទួលទាន​អាហារ (ត)

ការ​ទទួលទាន​អាហារ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​ម្ដាយ និង​កូន នៅពេល​ពពោះ។ ប៉ុន្ដែក៏​មិនត្រូវ​ទទួលទាន តាម​តែចិត្ដ​ចង់ ឬ​នឹកឃើញ​នោះទេ។ លោកអ្នក​បាន​ជ្រាបហើយ​អំពី​ចំណី​អាហារ​ដែលត្រូវ​ទទួលទាន​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ នៅលើ​ទំព័រ​ទស្សនាវដ្ដី សុខភាព​យើង លេខមុន។ នៅពេល​នេះ សូមបន្ដយ​ល់ដឹង​អំពី​ចំណី​អាហារ​ដែល​មិនត្រូវ​ទទួលទាន​វិញម្ដង ការ​ទទួលទាន​ភេសជ្ជៈ និង​បរិមាណ​ចំណី​អាហារ​ដែលត្រូវ​ទទួលទាន​ដើម្បីទប់ទល់​ការឡើង​ទម្ងន់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ចំណី​អាហារ​ដែលមិនត្រូវ​ទទួលទាន

លោកអ្នក​បានជ្រាប​ហើយ​អំពី​ចំណី​អាហារ​ដែលត្រូវ​ទទួលទាន​ចំនួន៥​ប្រភេទ​ធំៗ គឺអាហារ​ដែលសម្បូរ​ទៅដោយ​ប្រូតេអ៊ីន ជាតិ​កាល់ស្យូម ជាតិ​ខ្លាញ់ ជាតិ​ស្ករ ជាតិ​វីតាមីន និងជាតិ​រ៉ែខនិជ។ ប៉ុន្ដែស្ដ្រី​មាន​ផ្ទៃពោះ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ចំណី​អាហារ​មួយចំនួន ដូច​តទៅ ៖

  • សណ្ដែក​សៀង និង​ផលិតផល​ធ្វើពី​សណ្ដែក​សៀង ៖ ផលិត​ផល​ទាំងនេះ​មានផ្ទុក​ទៅដោយ​ជាតិ​ភីតូអឺសស្ដ្រូ​ហ្សែន ដែលអាច​បង្កការ​ប៉ះពាល់​ទៅដល់​ទារក។ ដោយ​សារការ​ប្រុងប្រយ័ត្ន ចំណី​អាហារ​ទាំងនេះ​ត្រូវបាន​កំណត់​ឱ្យ​ទទួលទាន​យ៉ាងតិច​បំផុត យ៉ាងច្រើន​គឺ១​ដង១ថ្ងៃ ហើយបើ​អាចធ្វើ​ទៅបាន​គួរតែ​គេចឱ្យ​បាន​ផងដែរ រាល់​អាហារ​បំប៉ន ឬ​គ្រាប់ថ្នាំ​ដែលមាន​ផ្ទុកសារធាតុ​ទាំងនេះ ។
  • ជាតិ​ប៊រ និង​ប្រេង ៖ តម្រូវ​ឱ្យមាន​ការ​កាត់បន្ថយ​ការ​ទទួលទាន​សារធាតុ​ប៊រ និង​ប្រេងទាំង​ឡាយ​ផងដែរ ឬក៏​ទទួលទាន តែក្នុង​កម្រិត​តិចតួច​បំផុត។
  • ថ្លើម​សត្វ ៖ មិនត្រូវ​ទទួលទាន​ថ្លើមសត្វ​នោះទេ ព្រោះថា​វាផ្ទុក​ទៅដោយ​វីតាមីន​អាយ៉ាង​ច្រើនដែល​អាចបង្ក​ជាគ្រោះថ្នាក់​ទៅដល់​ទារក​បាន។
  • គ្រឿង​ទេស ហឹរ និង​ខ្លាញ់ច្រើន​ជ្រុល ៖ អ្នកមាន​ផ្ទៃពោះ​ក៏តម្រូវ​ឱ្យចៀសវាង​ការ​ទទួលទាន​គ្រឿង​ទេស ហឹរ ឬ​ខ្លាញ់ ច្រើនជ្រុល​ផងដែរ។ ហើយ​ហាមប្រាម​ចំពោះ​ផលិតផល ឬ​ចំណីអាហារ​ដែលហាម​ចំពោះ​អ្នកជម្ងឺ​លើសជាតិ​ខ្លាញ់​ខ្លាំង។
  • ផលិតផល​ដាក់ស្ករ​ផ្អែម និង​អាហារ​បម្រុង ៖ តម្រូវឱ្យ​ទទួលមាន​កម្រិត​ផងដែរ ចំពោះ​ចំណីអាហារ​ឬ​ផលិតផល ដែល​ផ្អែមខ្លាំង នំផ្អែម​ឬស្រួយ​ខ្លាំង ស្ករគ្រាប់ សូកូឡា។ល។
  • ផលិតផល​ឬចំណី​អាហារ​បន្ថែម​ពណ៌​ឬគ្រឿង​ទេស ៖ ផលិតផល​ឬចំណី​អាហារ​ដែល​បំពាក់ពណ៌​ច្រើនពេក ឬដាក់​ដើម្បីយក​រសជាតិ​ត្រូវបាន​ហាម​មិនឱ្យ​ទទួលទាន​ផងដែរ​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ។
  • ចំណី​អាហារ​បង្ក​ប្រតិកម្ម​ឬអាឡែកស៊ី ៖ ចំណី​អាហារ​មួយចំនួន ដូចជា​ត្រប់ស្រួយ សណ្ដែកដី គ្រាប់​ស្វាយចន្ទី និង​ចំណី អាហារ​ដែលបង្ក​ប្រតិកម្ម​ផ្សេងទៀត ត្រូវ​ហាម​ឬបញ្ចៀស​ផងដែរ ដោយសារ​វាអាច​បង្ក​ជាប្រតិកម្ម​ចំណី​អាហារ​ទៅដល់​ទារកបាន។

ស្ថានភាព​អាហា​រូបត្ថម្ភ​ពិសេស​ពេលមាន​ផ្ទៃពោះ

របប​អាហារ ឬការ​ជ្រើសរើស​ចំណី​អាហារ​ដែលបាន​រៀបរាប់​មកនេះ ជាករណី​ទូទៅ​សម្រាប់អនុវត្ដ ប៉ុន្ដែ​ករណី​មួយចំនួន ត្រូវ​សម្រប​តាម​ផងដែរ ជាពិសេស​ករណី​ដូចតទៅ ៖

  • ស្ដ្រីមាន​ផ្ទៃពោះ នៅវ័យ​ជំទង់
  • ស្ដ្រី​ដែល​ពពោះ​កូនភ្លោះពីរ ឬ​ភ្លោះបី ឬ​ភ្លោះបួន
  • ស្ដ្រី​ដែល​ពពោះ​កូនញឹកពេក​(ស្ដ្រី​កូនញឹក)
  • ស្ដ្រីដែល​ពពោះ​ជាអ្នក​ទទួលទាន​បួស ឬតែ​បន្លែសុទ្ធ​(គាត់អាច​ប្រឈម​នឹងកង្វះ​វីតាមីនដេ បេ១២ ជាតិដែក ជាតិ​អ៊ីយ៉ូដ និងជាតិ​កាល់ស្យូម)។

ភេសជ្ជៈ​ដែលត្រូវ​ទទួលទាន

សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ ការ​ទទួលទាន​ភេសជ្ជៈ​ឬទឹក​ឱ្យបាន​១លីត្រ​កន្លះក្នុង​មួយថ្ងៃ​ដូចមនុស្សធ​ម្មតា ជាការ​ត្រឹមត្រូវ និង គួរ​ធ្វើ។ ទង្វើនេះ​អាចជួយ​ឱ្យស្ដ្រី​មាន​ផ្ទៃពោះ​ចៀសផុត​ពីរោគ​រលាក​ផ្លូវនោម ដែល​ស្ដ្រីមាន​ផ្ទៃពោះ​ភាគច្រើន​ជួបប្រទះ។

1 . ទឹក ៖ ការ​ជ្រើសរើស​ទឹកមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ ពីព្រោះ​ថាទឹកដាំ​ឬទឹក​ម៉ាស៊ីន​មាន​រសជាតិ និង​គុណភាព​ខុសគ្នា​ពីកន្លែង​មួយ​ទៅកន្លែង​មួយទៀត។ ប្រសិនបើ​ទឹកដែល​ត្រូវ​ទទួលទាន​នោះមាន​សារធាតុ​នីត្រាត​ច្រើនពេក ត្រូវបាន​ហាមប្រាម​មិនឱ្យទទួលទាន​សម្រាប់​ស្ដ្រី​ដែល​ពពោះ។ ស្ដ្រីមាន​ផ្ទៃពោះ​គួរតែ​ទទួលទាន​ទឹកស្អាត ឬទឹក​បរិសុទ្ធដែល​គ្មាន​មេរោគ មានជាតិ​រ៉ែខនិជ​សមល្មម តែ​មិនសូវ​សម្បូរ​ជាតិ​អំបិល។ ទឹក​ដែលធ្វើឱ្យ​ឃ្លានអាហារ​អាចធ្វើ​ឱ្យស្ដ្រី​នោះ​ទទួលទាន​បានច្រើន ប៉ុន្ដែ​នាំឱ្យ​ក្រពះ​រីកប៉ោង​ធំ និង​ធ្វើឱ្យការ​ទទួល​ទានកើនឡើង​ខ្លាំង។

រូបភាពទស្សនាវដ្តីសុខភាពយើង

2 . កាហ្វេ តែ និង​ទឹកថ្នាំ​រុក្ខជាតិ ៖ កាហ្វេ និង​តែ គឺជា​សារធាតុភ្ញោ​ច។ ហេតុនេះ​មិនត្រូវ​ទទួលទាន​ច្រើនពេក​នោះទេ។ ប៉ុន្ដែ​លោកស្រី​អ្នកនាង​អាច​ជ្រើសរើស​យក​កាហ្វេ​ដែលគ្មាន​កាហ្វេអ៊ីន និង​ភេសជ្ជៈ​ដែល​មិនសូវ​មានជាតិ​កាហ្វេអ៊ីន តែ​អាចមាន​ជាតិ ស៊ីកូរ៉េ។ រីឯ​ទឹកថ្នាំ​រុក្ខជាតិ​ដែល​ស្ងោរ​ឬដាំ​រម្ងាស់​អាចអនុញ្ញាត​ឱ្យ​ទទួលទាន​បានតែ​ពពួក​សារធាតុ​ណាដែល​ជួយឱ្យ​គេងលក់​ស្រួល និង​លាងសម្អាត​ជាតិពុល​ពីរាងកាយ។

3 . ទឹក​ដោះគោ ៖ ស្ដ្រីមាន​ផ្ទៃពោះ​អាច​ទទួលទាន​ទឹកដោះគោ​ស្រស់​ឱ្យបាន​កន្លះលីត្រ​ក្នុងមួយ​ថ្ងៃ។ បើ​លោកស្រីអ្ន​កនាង មិន​ចូលចិត្ដ​ទឹកដោះគោ​ស្រស់ គួរ​ជ្រើសរើស​ផលិតផល​ដែលធ្វើ​ពីទឹកដោះ​យកមក​ទទួលទាន ដូចជា​យ៉ាអួរ​ទឹក​(ទឹកដោះគោ​ជូរ) ហ្វ្រូម៉ា​ពណ៌ស​ជាដើម។

4 . ភេសជ្ជៈ​ផ្សេងៗ​ទៀត

ទឹកស៊ុប​បន្លែ និង​បបរ​សម្បូរ​ទៅដោយ​សារធាតុ​រ៉ែខនិជ​មានអត្ថ​ប្រយោជន៍​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ។ តែសូម​កុំភ្លេច ទទួលទាន​ទឹកបន្លែ ដូចជា​ទឹកការ៉ុត​ជាដើម វាអាច​ផ្ទុក​ទៅដោយ​វីតាមីន​ជាច្រើន​មុខ។ ជាពិសេស​សូមភ្លក្ស​រសជាតិ​ទឹកផ្លែឈើ​​ណាដែល សម្បូរ​ទៅដោយ​វីតាមីនសេដែលស្រ​ស់ និង​មិនសូវ​ផ្អែមពេក។

បរិមាណ​ដែលត្រូវ​ទទួលទាន

ជាមធ្យម​ស្ដ្រីធម្មតា​នៅខ្លួន​ទទេ​ត្រូវ​ទទួលទាន​ចំណី​អាហារ​ដែល​សរុប​ជាកាឡូរី​ក្នុង​១ថ្ងៃ​គឺចំនួន​២០០០​កាឡូរី។ ក្នុង​ករណី ស្ដ្រីមាន​ផ្ទៃពោះ ការ​ទទួលទាន​អាចតម្រូវ​ឱ្យកើនឡើង​ពី២១០០ទៅ​២២៥០​កាឡូរី។ បើ​ធ្វើការ​ប្រៀបធៀប​ជាក់ស្ដែង អាច​ប្រហាក់​ប្រហែល​នឹងតម្រូវ​ការ​ជាក់ស្ដែង​ជាចំណី​អាហារគឺ ៖

  • ជាតិ​ទឹកដោះគោ​ស្រស់ ឬ​ពាក់កណ្ដាល​ស្រស់ កន្លះលីត្រ
  • ហ្វ្រូម៉ា​ចំនួនកន្លះ​ខាំ(៥០ក្រាម)
  • សាច់សត្វ​ពី១ខាំ​ទៅ១ខាំកន្លះ
  • ប៊រ និង​ប្រេង សរុប​ចំនួន​ប្រហែល​៣០ក្រាម
  • បន្លែ​ស្រស់ និង​ឆ្អិន​លាយគ្នា​ចំនួន​២ខាំកន្លះ
  • ដំឡូង ឬ​ដំឡូង​បារាំង​ចំនួន១ខាំ
  • នំប៉័ង ឬ​អង្ករ​បាយ ចំនួន​១ខាំ
  • – ផ្លែឈើ​ស្រស់ ១ផ្លែ។

(សូម​បន្ដអាន​នៅលេខ​ក្រោយ)
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ដកស្រង់ ៖ សៀវភៅក្បួនថែរក្សាគភ៌ និពន្ធដោយវេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative