តេន​ញ៉ា

អាហារ​គឺជា​សារធាតុ​ដ៏សំខាន់​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវការ​ជាចាំបាច់ ដើម្បី​ជួយ​ទ្រទ្រង់​សរីរាង្គឱ្យ​មានភាព​រឹងមាំ និង​មាន​សុខភាព​ល្អ។ ប៉ុន្ដែ​ប្រសិនជា​លោកអ្នក​ទទួលទាន​អាហារ​មិនបាន​ស្អាត និង​ចម្អិន​មិនបាន​ឆ្អិនល្អ វាធ្វើ​ឱ្យលោកអ្នក​អាច​កើតមាន​ឡើងនូវ​ពពួក​មេរោគ​ផ្សេងៗ ជាពិសេស​តេនញ៉ា​នេះ​តែម្ដង។ តេនញ៉ា​កើតមាន​ឡើង​ដោយសារ​តែ​លោកអ្នក ទទួលទាន​អាហារ​ដែល​មិនបាន​ស្អាត និង​ចម្អិន​មិនបាន​ឆ្អិនល្អ មាន​ដូចជា​សាច់គោ ឬ​សាច់ជ្រូក និង​បន្លែ​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ម៉ក់ សុភក្ដិ៍ អ្នកឯកទេស​ព្យាបាល​ថ្លើម​ក្រពះពោះ​វៀននៅ មន្ទីរពេទ្យ​កាល់ម៉ែត នឹង​ធ្វើការ​បកស្រាយ​អំពី​តេនញ៉ា។

តេនញ៉ា​ជាអ្វី?

តេនញ៉ា​គឺជាប្រភេទ​ដង្កូវតូចៗ​ម្យ៉ាង​ដែលមាន​រាង​សំប៉ែត និង​ពណ៌ស ហើយ​មាន​ប្រវែងពី​៥ម៉ែត្រ​ទៅ១០ម៉ែត្រ​(លូតលាស់ ដល់​កម្រិត)។ ជាទូទៅ​ពពួក​តេនញ៉ា​វាស្ថិត​នៅក្នុង​ពោះវៀន រួចវា​ចែកចេញ​ជា២​ប្រភេទ​គឺ ៖

  • តេនញ៉ា សាស៊ី​ណាតា គឺជា​ប្រភេទ​តេនញ៉ា​ដែលមាន​ប្រភព​ពីសត្វគោ
  • តេន​ញ៉ា សូយ៉ូម គឺជា​ប្រភេទ​តេនញ៉ា​ដែលមាន​ប្រភព​ពីសត្វ​ជ្រូក។

ជាទូទៅ​តេនញ៉ា​មាន​រាង​សំប៉ែត និងមាន​តម្ពក់​សម្រាប់​ថ្ពក់។ តម្ពក់​នេះមាន​បួនដែល​មាននៅ​ត្រង់ម្ដុំ​ក្បាល​របស់វា (តេនញ៉ា)។ តម្ពក់​នេះ​នៅពេល​ដែលវា​ទៅដល់​ម្ដុំពោះវៀន​វានឹង​ថ្ពក់ ឬចាប់​ពោះវៀន ដើម្បីទំ​ហើយខ្លួន​របស់វា​នឹងទំ​នៅត្រង់​កន្លែងនោះ​ជាមិនខាន។

មូលហេតុ​ដែល​បណ្ដាល​ឱ្យកើត​មាន​តេនញ៉ា

តេនញ៉ា​ជាទូទៅ​មាន​ប្រវែងវែង និងមាន​លក្ខណៈ​ជាកង់ៗ ហៅថា អាន់ណូ។ នៅក្នុង​អាន់ណូ​វាមាន​ពងច្រើន ហើយ​ជាពង​របស់​តេនញ៉ា។ រយៈពេល​មួយ​នៅពេល​ដែលកង់ៗ​របស់វា​ផ្ដាច់​(ផ្ដាច់ចេញ​ពីខ្លួន​របស់វា) ក្នុងមួយ​ថ្ងៃ វាអាច​ផ្ដាច់ចេញ​មកក្រៅ ពី៥កង់​ទៅ៦កង់ ហើយ​នៅពេល​ដែលវា​ចេញគឺ​វាចេញ​តាមរយៈ​លាមក។ ពេលដែល​មនុស្ស​បត់ជើង​គឺកង់​របស់​តេនញ៉ា​ចេញមក​ក្រៅ រហូត​ធ្លាក់មក​ទំនៅលើ​ដី។ នៅពេល​ដែល​សត្វជ្រូក ឬ​សត្វគោ​ស៊ីចំណី​អាហារ ដែលមាន​ជាប់នូវ​ពងអាន់​ណូ(ពងតេនញ៉ា) ធ្វើឱ្យ​ពង អាន់ណូចូ​លទៅក្នុង​ពោះវៀន​របស់សត្វ។ ពេលដែល​ពងអាន់ណូ​ចូលទៅក្នុង​ពោះវៀន​សត្វ វាធ្វើ​ចលនា​ទៅក្នុង​សរសៃ​ឈាម បន្ទាប់ មកវា​ចូលទៅក្នុង​សរីរាង្គ​ទាំងអស់​ដែលមាន​នៅក្នុង​ខ្លួន​របស់​សត្វ។ រយៈពេល​បីខែ​ក្រោយមក ពងអាន់ណូ​នឹង​បំលែងខ្លួន​ទៅជាកូន​ដង្កូវ​តូចៗ។ ហើយ​កូនដង្កូវ​តូចៗនេះ​វាចូល​ទៅក្នុង​សាច់ ឬ​សាច់ដុំ​របស់​សត្វគោ ឬ​ជ្រូក។ នៅពេល​ដែល​មនុស្ស​យកសាច់​គោ ឬ​សាច់ជ្រូក មក​ទទួលទាន​ដោយ​ចម្អិន​មិនបាន​ឆ្អិន ធ្វើឱ្យ​ពពួក​ដង្កូវតូចៗ​ទាំងនេះ​ចូលទៅក្នុង​ពោះវៀន​របស់មនុស្ស ហើយ​តម្ពក់​របស់វា​ក៏ទៅទំ ជាពិសេស​នៅម្ដុំ​ក្បាល​នៅត្រង់​ពោះវៀន​តូច។

ក្នុងករណី​មួយទៀត នៅពេល​ដែលមនុស្ស​បន្ទោរបង់​រួច ហើយ​យកលាមក​មកធ្វើ​ជាជី ឬ​យកមក​ស្រោច​បន្លែ រួចយក​បន្លែ ទាំងនោះ​យកមក​ទទួលទាន​ដោយ​លាងសម្អាត​មិនបាន​ត្រឹមត្រូវ ឬ​ចម្អិន​មិនបាន​ឆ្អិន វាធ្វើ​ឱ្យពង​អាន់ណូ​ចូលក្នុង​ពោះវៀន​របស់​មនុស្ស ដោយ​ងាយ ហើយបង្កើត​ជាតេនញ៉ា​ដូចគ្នា​ដែរ។ ដូច្នេះ​ពេលដែល​ពងអាន់ណូ​ចូលក្នុង​ពោះវៀន​រួច វាធ្វើចលនា​ទៅសរសៃ​ឈាម រហូត​អាចទៅ​ដល់​ខួរក្បាល សួត បេះដូង ហើយ​ធ្វើឱ្យ​អ្នកជម្ងឺ​មានសភាព​ធ្ងន់ធ្ងរ​បាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

រោគ​សញ្ញា​តេនញ៉ា

រោគសញ្ញា​ភាគច្រើន​មិនស្ដែង​ឱ្យ​លោកអ្នក​ដឹងទេ ប៉ុន្ដែ​ប្រសិនជា​មានក៏​មានរោគ​សញ្ញា​ស្រាលៗ​ខ្លះ ដូចជា​ឈឺពោះ (ឈឺ​ពេញពោះ​តែម្ដង) ជួនកាល​អ្នកជម្ងឺ​មានរាក ឬ​មានជាទល់​លាមក ហើយ​បញ្ហា​សំខាន់​គឺវា​អាចមាន​នៅក្នុង​ខោទ្រនាប់។ ធម្មតា នៅពេល​ដែលវា​ផ្ដាច់ចេញ​ជាកង់ៗ រួចវា​ធ្លាក់មក​ទំជាប់​នឹង​ខោទ្រនាប់​រហូត​ធ្វើឱ្យ​អ្នកជម្ងឺ​រមាស់គូទ។ ប្រសិន​ជាមាន​អាន់ណូ ឬ​កូន តេនញ៉ា​ធ្វើចលនា​ចូលទៅ​ដល់​ខួរក្បាល វាមាន​រោគសញ្ញា​ដូចជា​ធ្វើឱ្យ​អ្នកជម្ងឺប្រកាច់ ឬ​មាន​លក្ខណៈ​ស្រដៀង​នឹងមនុស្ស​ឆ្កួត​ជ្រូកដែរ។

ផល​ប៉ះពាល់​ដែលបង្ក​ដោយ​តេនញ៉ា

អាការ​រោគដូច​បាន​រៀបរាប់​ខាងលើ​នេះ គឺវា​ធ្វើឱ្យ​មានការ​ប៉ះពាល់​ក្នុង​ខួរក្បាល។ ជាធម្មតា​ប្រសិន​ជាមាន​ពពួក​ដង្កូវ​មាន នៅក្នុង​ពោះវៀន សារធាតុ​ទាំងប៉ុន្មាន​ដែលមាន​សារសំខាន់​ជួយ​ទ្រទ្រង់​សរីរាង្គ​របស់​មនុស្ស តេនញ៉ា​នឹងស្រូប​យក​សារធាតុ​ទាំងអស់ ដែលធ្វើ​ឱ្យ​សុខភាព​របស់មនុស្ស ឬ​រាងកាយ​មានការ​ចុះខ្សោយ និងស្គម​រីងរៃ។ ប្រសិន​ជាមាន​ការ​ចូលទៅដល់​សួត ឬ​បេះដូង វាធ្វើ​ឱ្យអ្នក​ជម្ងឺ​ឧស្សាហ៍​ញ័រទ្រូង ឬ​ឈឺទ្រូង ឆាប់ហត់ ឬមាន​រោគសញ្ញា​ដូចជា​ហឺតដែរ។

វិធី​ការពារ​កុំឱ្យកើត​មាន​តេនញ៉ា

ការ​ទទួលទាន​បន្លែត្រូ​វតែ​លាងសម្អាត​ឱ្យបាន​ស្អាត យកល្អ​ប្រសិន​ជាអាច​ចម្អិន​បានរឹតតែ​ប្រសើរ ព្រោះការ​ចម្អិន​បន្លែ​ឱ្យ​ឆ្អិន វាជួយ​សម្លាប់​នូវពពួក​មេរោគ ឬ​ពពួក​ប៉ារ៉ាស៊ីត​ទាំងឡាយ​ដែលមក​តោងជាប់​នឹងបន្លែ​ដែល​លោកអ្នក​ទទួលទាន។ រាល់ពេល​ដែលចេញ ពី​បង្គន់ត្រូវ​លាងដៃ​ឱ្យបាន​ស្អាត​ជាមួយ​សាប៊ូ។ សម្រាប់​ការ​ទទួលទាន​អាហារ​សាច់វិញ​ក៏ត្រូវ​ចម្អិន​ឱ្យបានឆ្អិន​ល្អផ​ងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដំបូន្មាន​របស់​អ្នក​ប្រឹក្សា

សូម​លោកអ្នក​ទទួលទាន​អាហារ​យ៉ាងណា​ឱ្យមាន​អនាម័យ​ជានិច្ច។ នៅពេល​ដែលលោក​អ្នកចេញ​ពីបង្គន់​គួរតែ​លាង​ជម្រះ ដៃឱ្យ​បានស្អាត​មុនពេល​ទទួលទាន​អាហារ ព្រោះប្រសិនជា​លោកអ្នក​មិនទាន់​លាងសម្អាត​ដៃទេ វាធ្វើ​ឱ្យមេរោគ​ជាប់នឹងដៃ​របស់​លោកអ្នក​បាន។ សម្រាប់ការ​ទទួលទាន​សាច់គោ ឬ​សាច់ជ្រូក​ត្រូវតែ​ចម្អិន​ឱ្យបាន​ឆ្អិន​ចាំទទួលទាន។ ប្រសិនជា​លោកអ្នក​បត់ជើង​រួច បន្ទាប់មក​មាន​អាការ​ដូចជា​រមាស់​គូទ ឬ​ចេញ​ជាដង្កូវ និង​ប៉ារ៉ាស៊ីត​ផ្សេងៗ លោកអ្នក​គួរតែ​ប្រញាប់​ប្រញាល់​ទៅជួប​ជាមួយ​គ្រូពេទ្យ ដើម្បីឱ្យ​គ្រូពេទ្យ​ពិនិត្យ​ឈាម ឬ​លាមក​ដើម្បី​រកមើល​ពពួក​ដង្កូវ ឬ​ប៉ារ៉ាស៊ីត​មាន​ឬអត់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative