រួមភេទ​ពេលមាន​ផ្ទៃពោះ

នាងខ្ញុំ​ធ្លាប់អាន​អត្ថបទ​ទស្សនាវដ្ដី សុខភាព​យើង ជាពិសេស​ទំព័រ​ទាក់ទង​នឹង​សុខភាព​ស្ដ្រី និង​សុខភាព​ផ្លូវភេទ។ នាងខ្ញុំ បានអាន​អត្ថបទ​ទាក់ទង​នឹងការ​រួមភេទ​ពេលមាន​ផ្ទៃពោះ​របស់​លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ។ នាងខ្ញុំ​នៅតែ​សង្ស័យ​ថា ការ​រួមភេទ​ពេលមាន​ផ្ទៃពោះ​អាចបង្ក​គ្រោះថ្នាក់​ដល់ម្ដាយ និង​ទារក​ក្នុងផ្ទៃ?
លោក​ស្រី ឌ. ស. ល អាយុ​៣៦ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើង ៖ រហូតមក​ដល់សព្វ​ថ្ងៃ ការ​រួមភេទ​ពេលតាំង​គភ៌​(ពេលមាន​ផ្ទៃពោះ)​នៅតែ​ជារឿង​ចម្រូង​ចម្រាស់ ជាពិសេស​ទំនាក់ទំនង​ផ្លូវភេទ​ក្នុងរឿង​ប្ដីប្រពន្ធ​ខ្មែរ។ ការ​រួមភេទ​អាចធ្វើ​បានធម្មតា តែ​ទៅតាម​ល័ក្ខខ័ណ្ឌ​ត្រឹមត្រូវ។ តាមការ​អង្កេតបាន​បង្ហាញ ថាមាន​ស្ដ្រី​ប្រមាណ​ជា៥០% ដែល​គ្រែង​រអាល​ថាការ​រួមភេទ​បង្ក​គ្រោះថ្នាក់​ដល់គភ៌ ឬ​ផ្ទៃពោះ។ ថ្មីៗនេះ ការ​សិក្សា​មួយ​នៅកាណា​ដា បានបង្ហាញ​ថាប្ដី​ប្រពន្ធ​ជាច្រើន​គូមាន​បញ្ហា​នៅពេល​រួមភេទ ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ។ តើនេះ​ជាការ​ពិតឬទេ? លទ្ធផល​នៃការ​សិក្សាផ្សេងទៀត​ជាច្រើន​ដែលគួរ​ឱ្យទុក​ចិត្ដបាន បានផ្ដល់​លទ្ធផល ឬការ​សន្និដ្ឋាន​ដូចតទៅ –

  • អាយុ​របស់​គភ៌​មិនមាន​ទំនាក់ទំនង​ទៅនឹង​ចំនួនដង​នៃការ​រួមភេទ​នោះឡើយ។ មាន​ន័យថា​ការ​រួមភេទ​មិនកាត់​បន្ថយ​អាយុនៃ​គភ៌ ឬ​ធ្វើឱ្យ​កើតកូន​មិន​គ្រប់ខែ​នោះឡើយ។
  • ហើយ​ក៏មាន​ការ​ទាក់ទងគ្នា​រវាង​សកម្មភាព​ផ្លូវភេទ និង​គ្រោះបង្ក​ការកើត​កូន​មិន​គ្រប់ខែ​នោះដែរ។

សរុប​សេចក្ដីមក​អាច​និយាយ​បានថា​កាលណា​គភ៌​វិវឌ្ឍន៍​ទៅធម្មតា សកម្មភាព​ផ្លូវភេទ ឬការ​រួមភេទ​ក៏អាច​ប្រព្រឹត្ដិ​ទៅ “ជាធម្មតា”​ដែរ។ បើមាន​បញ្ហាអ្វី​កើតមាន​ឡើង សូម​សាកសួរ​យោបល់​អ្នកជំនាញ ជាពិសេស​សំណួរ​ថាតើ​គ្រោះថ្នាក់​នៃការ​រួមភេទ​ពេលមាន​គភ៌​អាចកើត​មាន​ឬទេ ជាអាទិ​ករណី​សុកបាំង​មាត់ស្បូន និងការ​គំរាម​កំហែង​ការ​សម្រាលកូន​មិនគ្រប់​ខែ។ ត្រង់​ចំណុចនេះ បើ​ចង់ដឹង​អំពីប្រការ​គួរ​ចៀសវាង​ការ​រួមភេទ​ពេលមាន​គភ៌ សូម​លោកស្រី​ព្យាយាម​ស្វែងយល់​លម្អិត​ក្នុង​អត្ថបទ“ការ​រួមភេទ​ពេលមាន​ផ្ទៃពោះ” “ផែនការ​រួមភេទ​ពេលមាន​ផ្ទៃពោះ” និង“ក្បាច់​រួមភេទ​ពេលមាន​ផ្ទៃពោះ”ដែលបាន​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី សុខ ភាពយើង លេខ០០៧ ០០៨ និង​លេខ០០៩​សម្រាប់ខែ​សីហា ខែ​កញ្ញា និង​ខែតុលា ២០០៦។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative