វិធីកែខៃ​​​​សក់ងាប់

លោកអ្នកតែងតែចង់បានសក់ដែលរស់រវើក ហើយភ្លឺរលោងជានិច្ច។ ប៉ុន្ដែបើសក់​របស់លោកអ្នកមានបញ្ហា ជាពិសេសគឺសក់ងាប់ ជារឿងមួយដែលធ្វើឱ្យ​លោកអ្នកមាន​ការព្រួយបារម្ភបំផុត ហើយបានរិះរក​គ្រប់វិធីដើម្បីព្យាបាលសក់​ឱ្យមានភាពស្រស់ស្អាតឡើងវិញ។ ចំពោះវិធីនៅក្នុងការកែខៃ​ដើម្បីឱ្យសក់ស្រស់ស្អាត​ឡើងវិញនេះ មិនមែនជារឿងដែល​លំបាកនោះទេ តែត្រូវ ទាមទារការអត់ធ្មត់បន្ដិច ព្រោះវិធីកែខៃសក់ងាប់​គឺត្រូវប្រើរយៈពេលយូរ ទើបអាចធ្វើឱ្យសក់វិលមករក​សភាពដើមវិញបាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោក ហោ លីហាក់ អ្នកគ្រប់គ្រងផ្នែកព្យាបាល និងថែរក្សាសម្ផស្សនៃសម្អាង ការលុច្ស ដើម្បីពន្យល់អំពី​វិធីសាស្ដ្រនៅក្នុងការ​កែខៃសក់ងាប់។

តើអ្វីទៅគឺ​ជាសក់ងាប់?

សក់ងាប់គឺជាប្រភេទសក់មួយ​ដែលមានសភាពរឹងស្ងួត ហើយមានកង្វះ​នូវសារជាតិចិញ្ចឹម ជាពិសេសគឺ​ជាតិប្រេង។

មូលហេតុដែលបណ្ដាល​ឱ្យសក់ងាប់

សក់ងាប់បណ្ដាលមកពីកត្ដាច្រើនយ៉ាង ជាពិសេសសក់ដែលគាប ឬផ្លុំញឹកញាប់ ការផ្លាស់ប្ដូរពណ៌សក់​ញឹកញាប់ ឬការ ប្រើប្រាស់​ផលិតផលខុសជាដើម។ សក់ក៏អាចងាប់​ទៅតាមប្រភេទ​ស្បែកក្បាលដែរ ដូចជាស្បែកក្បាល​ដែលមានសភាពស្ងួតខ្លាំងពេក​ ព្រោះកាលណាស្បែកក្បាលស្ងួតខ្លាំង ធ្វើឱ្យសរសៃសក់ខ្វះនូវវីតាមីន​សម្រាប់ចិញ្ចឹមសរសៃសក់ ដែលជាហេតុធ្វើឱ្យសរសៃសក់ងាប់​ បានដោយងាយ។

វិធីកែខៃ​សក់ងាប់

បើសិនជាសក់ងាប់ លោកអ្នកត្រូវតែមានវិធីសាស្ដ្រ​នៅក្នុងការកែខៃ ព្រោះបើសិនជាមិនមាន​វិធីសាស្ដ្រកែខៃ​ចំពោះ សរសៃសក់ងាប់នោះ អាចបណ្ដាលឱ្យសក់​មានសភាពកាន់តែធ្ងន់ធ្ងរ គឺធ្វើឱ្យសក់ផុយ ស្រួយ ហើយជ្រុះថែមទៀតផង។ វិធីសាស្ដ្រកែខៃ​ចំពោះសក់ងាប់គឺមានតែមួយគត់ គឺត្រូវធ្វើឱ្យសរសៃសក់រស់ឡើងវិញ តាមរយៈការបញ្ចូលជាតិប្រេង និងជាតិទឹកឱ្យបានគ្រប់គ្រាន់​ទៅដល់សរសៃសក់។ លោកអ្នកត្រូវតែទទួលទាន​ទឹកឱ្យបានច្រើន និងទទួលទានបន្លែឱ្យបានច្រើន ជាពិសេសបន្លែដែល​មានជាតិជ័រ ដូចជាសណ្ដែកពណ៌ខៀវ ននោង ហោឡាំងតាវ ត្រយូងចេក ត្រកួន រួមទាំងផលិតផល​ដែលមានគុណភាព​ហើយមានជាតិប្រេ​ ដែលអាចជាជំនួយ​ដល់សរសៃសក់បាន។

វិធីការពារ​កុំឱ្យសក់ងាប់

ដើម្បីការពារកុំឱ្យសក់ងាប់ លោកអ្នកត្រូវជ្រើសរើស​ផលិតផល​ដែលមានជាតិប្រេង និងជាតិទឹក​ឱ្យបានគ្រប់គ្រាន់​ ចៀសវាង​ការប្រើប្រាស់ផលិតផល​រំហួតជាតិប្រេងចេញ​ពីសរសៃសក់ ដែលធ្វើឱ្យសរសៃសក់ងាប់។ មិនត្រូវផ្លុំឬគាបសក់ញឹកញាប់ ពេកនោះទេ និងមិនត្រូវផ្លាស់ប្ដូរពណ៌សក់​ញឹកញាប់ពេកនោះដែរ ព្រោះការផ្លុំ គាប និងការផ្លាស់ប្ដូរពណ៌សក់​ញឹកញាប់ពេកអាច បណ្ដាលឱ្យសក់ងាប់ ផុយ ឬស្រួយជាដើម។

ដំបូន្មានអ្នកជំនាញ

ដើម្បីកុំឱ្យកើតមាននូវបញ្ហាសក់ងាប់ លោកអ្នកគួរតែជ្រើសរើស​ផលិតផលណាដែលមានគុណភាពខ្ពស់ ជាពិសេសមិនមែន ជាផលិតផលរំហួតជាតិប្រេង​ចេញពីសរសៃ។ ដើម្បីឱ្យសក់ស្អាត លោកអ្នកគួរតែយកចិត្ដទុកដាក់​ចំពោះសក់ឱ្យបានដិតដល់ មិនត្រូវ ធ្វេសប្រហែសឡើយ។ បើមានបញ្ហា លោកអ្នកគួរតែទៅពិភាក្សា​ជាមួយអ្នកជំនាញ ដើម្បីរកវិធីការពារ និងព្យាបាលសក់ ចៀសវាង ការកើតមានបញ្ហាធ្ងន់ធ្ងរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១


Google Analytics Alternative