ជម្ងឺ​សន្លាក់

ខ្ញុំបាទ​ជាអ្នក​អានទស្សនាវដ្ដី សុខភាព​យើង គ្រប់​លេខ។ ខ្ញុំបាទ​ចង់សួរ​វេជ្ជបណ្ឌិត​យើងថា តើជម្ងឺ​សន្លាក់​មានប៉ុន្មាន​ប្រភេទ? តើអាច​ព្យាបាល​ជាសះស្បើយ​ឬទេ?
លោក. ជ. ស. ប៉ អាយុ២៤ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើង ៖ សូម​អរគុណ​ប្អូនប្រុស​ដែលបាន​គាំទ្រ​ទស្សនាវដ្ដី សុខភាពយើង។ ជម្ងឺ​សន្លាក់ មានច្រើន​ប្រភេទ​មាន​ដូចជា ជម្ងឺ​គាំង​សន្លាក់ ជម្ងឺ​រលាកសន្លាក់ ជម្ងឺ​សឹកសន្លាក់​ជាដើម។ ជម្ងឺសន្លាក់​ភាគច្រើន​កើតលើ​មនុស្ស​វ័យចំណាស់។ មនុស្ស​វ័យចំណាស់ អាយុ​លើសពី​៦៥ឆ្នាំ ៨០%​ជាបុរស​ភេទ និង៧០%​ជាស្ដ្រីភេទ កើតមាន​ជម្ងឺ​សន្លាក់។ ចាស់ៗ​អាយុ​លើសពី​៨០ឆ្នាំ ស្ទើរតែ​១០០% កើតជម្ងឺ​សន្លាក់។ ជម្ងឺសន្លាក់​មិនមែន​ជាជម្ងឺ​សួរពូជ​ទាំងអស់​ទេ តែជាជម្ងឺ​ដែលកើត​ទៅលើ​វ័យ ទៅតាម​ភេទ និង​ទៅតាម​ទីតាំង សរីរាង្គ ឬ​ជាលិកា ដូចជាទ្រនាប់​ក្បាលឆ្អឹង ខ្សែពួរ​សាច់ដុំ ពួរក្បាល​ឆ្អឹង និង​ជាលិកា​មិនមែន​សាច់ដុំ​ដែលព័ទ្ធ​ជុំវិញ​ឆ្អឹង សរសៃឈាម វ៉ែន និង​សរសៃឈាម​អាកទែរ​ជាដើម។

ជម្ងឺ​សន្លាក់​បង្កឡើង​ដោយ​មូលហេតុ​ជាច្រើន ដូចជា​មេរោគ ការសឹក​រិចរ៉ិល​ក្បាលសន្លាក់ ការ​ប៉ះទង្គិច ឬ​ប្រព័ន្ធ​ភាពស៊ាំ។ ដូច្នេះការ​ព្យាបាល​ត្រូវធ្វើ​ឡើងទៅតាម​មូលហេតុ​និមួយៗ និង​ទៅតាម​កម្រិតធ្ងន់ ឬ​ស្រាល។ ជម្ងឺសន្លាក់​ទាំងនេះ​សុទ្ធតែ​អាច​ព្យាបាល បាន​ដោយការ​ប្រើប្រាស់​ថ្នាំលេប ថ្នាំចាក់ និងការ​វះកាត់។ រីឯ​រយៈពេល​នៃការ​ព្យាបាល​អាស្រ័យ​ទៅតាម​មូលហេតុ​ជម្ងឺ របៀប​ព្យាបាល និង​កម្រិត​ធ្ងន់ធ្ងរ។ សង្ឃឹមថា​នៅលេខ​ក្រោយៗ ទស្សនាវដ្ដី សុខភាព​យើង នឹង​ខិតខំ​ស្រាវជ្រាវ​យកជម្ងឺ​សន្លាក់​ទាំងឡាយ​មកបកស្រាយ​ជូន ជាការ​យល់ដឹង​លម្អិត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative