ជម្ងឺ​បូស​ដៃស្បូន

ជម្ងឺ​បូសដៃ​ស្បូន​ជាជម្ងឺ​ដែល​បង្កឱ្យ​មានផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ស្ដ្រី។ ជាពិសេស​ជម្ងឺនេះ​អាចឆក់​យកជីវិត​របស់​អ្នកជម្ងឺ​បានថែម​ទៀតផង។ បើសិន​ជាអ្នក​ជម្ងឺ​មានការ​ធ្វេស​ប្រហែស មិន​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេនោះ អាច​បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់ដល់​អាយុជីវិត​បាន។ 

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានធ្វើ​កិច្ចសម្ភាស​ផ្ទាល់​ជាមួយ​លោកស្រី ក.ម មាន​អាយុ​៣២ឆ្នាំ រស់នៅ​ភ្នំពេញ ដែលមាន​ជម្ងឺនេះ​ជាយូរ​មកហើយ។ ខ្ញុំហាក់​ដូចជា​មិនអាច​គិតដល់​ថា ៖ ម្ដាយ​ក្មេកខ្ញុំ​កន្លងមក​គាត់មាន​ជម្ងឺឆ្លង​នៅលើ​ប្រដាប់​បន្ដពូជ​របស់​គាត់ (ស្បូន-ដៃស្បូន) រហូត​បណ្ដាល​ឱ្យគាត់​កើតជម្ងឺ​បូស​នៅលើ​កន្សោម​កូន ដោយសារ​ការ​រីករាលដាល​ដោយជម្ងឺ​ឆ្លងនេះ​នោះទេ។ បន្ទាប់ពី​បានឆ្លុះ​មើលដោយ​អេកូ ដុំនោះ​មានទំហំ​ដល់ទៅ​៥ស.ម។ គ្រូពេទ្យបាន​និយាយ​ប្រាប់គាត់​ថា ជម្ងឺនេះ​កម្រ​កើតមាន​ណាស់ ហើយ​អាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់ដល់​ជីវិត ប្រសិនណា​គាត់​មិនព្រម​ទទួល​ធ្វើការ​វះកាត់ ហើយ​គ្រូពេទ្យ​បាននិយាយ​បន្ដទៀត​ថា វាជា​រឿង​ចៃដន្យ​មួយដ៏​អាក្រក់​បំផុត​ដែលគាត់​ទទួលរង​គ្រោះ​ដោយជម្ងឺ​នេះ។ ហេតុអ្វី​បានជា​ជម្ងឺនេះ​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត?

ជាការ​ពិតការ​វះកាត់​អាចជួប​ប្រទះផល​ប៉ះពាល់​ច្រើន ដោយបូស​នេះអាច​បែកធ្លាយ ហើយ​ខ្ចរខ្ចាយ​ចូលទៅ​ក្នុង​អាងពោះ​ទាំងមូល ដែលអាច​បណ្ដាល​ឱ្យអ្នក​ជម្ងឺនេះ​អាចស្លាប់​បានដោយ​ប្រភេទ​ជម្ងឺមួយ​ផ្សេងទៀត​គឺពិស​របស់​មេរោគ​ជ្រាបចូល​ក្នុងឈាម (Septicemie)។

យោបល់​របស់​អ្នកជំនាញ
លោក​វេជ្ជបណ្ឌិត អ៊ូច ឌីណា ឯកទេស​ផ្នែក​សម្ភព និង​រោគស្ដ្រី​នៅមន្ទីរពេទ្យ​កាល់ម៉ែត្រ បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្ដី សុខភាព​យើងថា ដើមហេតុ​នៃជម្ងឺ​នេះកកើត​ឡើង​ដោយការ​ឆ្លងចូល​នៃមេរោគ​២បែប ដែលដើរ​តួសំខាន់​ជាងគេ​គឺ នេសេរីយ៉ា (Naisseria gonorrhee) និង​ក្លាមីឌីយ៉ា​(Clamydia trachomatis). ជម្ងឺ​បូសលើ​កន្សោមកូន​គឺជា​ផល​ប៉ះពាល់​បន្ទាប់​ពីជម្ងឺ រលាក​មាត់ស្បូន និង​ភ្នាសស្បូន ដែល​បណ្ដាល​មកពី​ការឆ្លង​ចូលនៃ​មេរោគ​ផ្សេងៗ ពិសេស​គឺមេរោគ​២ខាងលើ​ដែលដើរ​តួសំខាន់។

ស្ដ្រី​ដែល​ទទួលរងគ្រោះ​ច្រើនជាងគេ​ជាពិសេស​ស្ដ្រី​រកស៊ី​ផ្លូវភេទ ព្រោះ​ពួកគេ​មានដៃគូ​ច្រើនពេក បណ្ដាល​ឱ្យគាត់​ចៀសមិនផុត​ពីគ្រោះថ្នាក់​ដ៏កាច​សាហាវ​នេះ។ ស្ដ្រី​ភាគច្រើន​ខ្មាសអៀន​ក្នុងការ​ទៅពិនិត្យ​រោគស្ដ្រី ប៉ុន្ដែ​បងប្អូនស្ដ្រី​ត្រូវគិត​ថា សុខភាព​ជារឿង​សំខាន់​ជាង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative