លាបម្សៅនៅលើស្បែក

សព្វថ្ងៃ​នេះ មាន​ម្ស៉ៅលាប​ច្រើន​បែបយ៉ាង​ណាស់។ អ្នកខ្លះ​ប្រើលាប​លើស្បែក​ក្នុង១​ថ្ងៃ២ ឬ​៣ដង ដូចជា​ពេលព្រឹក​ម្ដង ពេលថ្ងៃ ពេលយប់​ម្ដងទៀត​ជាដើម។ តើការ​លាប​ជាប្រចាំ​នៅលើ​ស្បែក​បែបនេះ ផ្ដល់ផល​ល្អដល់​ស្បែក​ឬទេ? តើគួរ​ទុកពេល​ឱ្យស្បែក​នៅទទេ​ដែរឬទេ?
អ្នក​នាង អ.ម.ន អាយុ​៣២ឆ្នាំ ខេត្ដ​សៀមរាប

វេជ្ជបណ្ឌិត​យើងៈ ផលិតផល​សម្អាង ឬគ្រឿង​សម្អាង​(ផលិតផល​កូស្មេទិច) បង្កើតឡើង​ក្នុង​គោល​បំណង​ជួយ​ថែទាំ និង​ការពារ​ស្បែក​របស់​យើង ព្រមទាំង​ជួយ​ចិញ្ចឹម​ស្បែក​ដោយ​បន្សើម​ជាតិទឹក​នៅលើ​ស្បែក។ ដូច្នេះ​ផលិតផល​ទាំងនេះ​មានអត្ថ​ប្រយោជន៍​ខ្លាំង​ណាស់ បើយើង​ប្រើប្រាស់​វាចំ​គោលដៅ ឬចំ​តម្រូវការ​ពិតប្រាកដ​របស់ស្បែក​យើង​ជាអាទិមាន ផលិតផល​សម្រាប់​ចិញ្ចឹម​ស្បែកស្ងួត ឬ​ផលិតផល​សម្រួល​ក្រពេញ​ញើស​សម្រាប់​ស្បែកខ្លាញ់​ជាដើម។

ការ​ប្រើប្រាស់​ផលិតផល​ទាំងនេះ​២ដង ឬ​៣ដង​ក្នុង១ថ្ងៃ មិន​ឆ្លើយតប​បាន​ត្រឹមត្រូវ​ទៅនឹង​ធម្មជាតិ​ស្បែក ឬ​តម្រូវការ​ពិត ប្រាកដ​របស់ស្បែក​ឡើយ។ ហើយការ​ប្រើប្រាស់​ខុសឆ្គង​អាចបង្ក​ឥទ្ធិពល​អាក្រក់​ទៅលើស្បែក​ទៅវិញ។ ករណី​ត្រឹមត្រូវ​បំផុត មុននឹង ប្អូនស្រី​សម្រេចចិត្ដ​ប្រើប្រាស់​ផលិតផល​ណាមួយ គួរតែ​ប្អូនស្រី​សាកសួរ​យោបល់​ជាមួយ​គ្រូពេទ្យ ឬ​អ្នកជំនាញ​ជាមុនសិន ប្រយោជន៍​ឱ្យ ដឹងថា​តើប្អូន​មានស្បែក​ប្រភេទ​ណា និង​ថាតើ​ត្រូវលាប​ម្សៅ​បែបនេះ​បែបនោះ​ប៉ុន្មានដង​ក្នុង១ថ្ងៃ? សូម​ប្អូនស្រី​ព្យាយាម​ធ្វើឱ្យបាន ដើម្បី​សុខភាព​ស្បែក​របស់​ប្អូនស្រី។ ពេលលាប សម្រស់​របស់យើង​កើនឡើង​មួយកម្រិត​មែន តែ​ថ្ងៃក្រោយ​ស្បែក​របស់យើង​នឹងខូច ក៏មិនល្អ​ដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative