ជម្ងឺ​រលាក​ទងសួត​កុមារ

ជម្ងឺ​រលាក​ទងសួត​កុមារ ឬ​ជម្ងឺ​រលាក​ផ្លូវដង្ហើម​គឺជា​ជម្ងឺមួយ​មិនសូវ​ជាកាច​សាហាវ​ប៉ុន្មាន​ទេ ដោយ​ខុសប្លែក​ពីជម្ងឺ​ដទៃៗ​ទៀត ប៉ុន្ដែ​ក៏អាច​សម្លាប់​កុមារ​បានដែរ​(កុមារ​ដែលអាច​ស្លាប់បាន​ចាប់ពី​៣ខែ​ចុះក្រោម)។ ជាធម្មតា​កុមារ​ដែល​កើតមាន​នូវជម្ងឺ រលាក​ទងសួត​នេះ នឹងជា​សះស្បើយ​ក្នុង​រយៈពេល​ពី៧​ទៅ១០​ថ្ងៃក្រោយ​មក។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេស​ជម្ងឺ​កុមារ​នៃមន្ទីរ​ពេទ្យ​កុមារជាតិ នឹង​ធ្វើការ​បកស្រាយ​អំពីជម្ងឺ​រលាក​ទងសួត​កុមារ។

ជម្ងឺ​រលាក​ទងសួត​កុមារ

ជម្ងឺ​រលាក​ទងសួត​កុមារ​គឺជាប្រ​ភេទ​នៃជម្ងឺ​ម្យ៉ាង​ដែល​ឆ្លងតាម​របប​ផ្លូវដង្ហើម​ដែលបង្កឡើង​ដោយ​វីរុស​ម្យ៉ាង។ ជម្ងឺនេះ ច្រើនតែ​កើតមាន​នៅលើ​កុមារ​ដែលមាន​អាយុ​ក្រោម​១ឆ្នាំ។

មូលហេតុ​បង្កជម្ងឺ​រលាក​ទងសួតកុ​មារ

មូលហេតុ​ដែល​បណ្ដាល​ឱ្យកើត​មានជម្ងឺ​រលាក​ទងសួត​កុមារ​នេះ គឺ​ដោយសារ​កុមារម្នាក់​អាចកើត​មានជម្ងឺ​រលាក​ទងសួត តាមរយៈ​ការឆ្លង​ចូលនូវ​វីរុស​ណាមួយ​ក្នុង​ចំណោម​វីរុស​ជាច្រើន​មុខ​នៅក្នុង​ខ្លួន​កុមារ។ ជាពិសេស​តាមរយៈ​ការ​ប៉ះពាល់ ការ​លេង​ជាមួយ​ក្មេងដែ​លមាន​ជម្ងឺ​រលាក​ទងសួត ឬការ​ប៉ះពាល់​ប្រដាប់​ប្រដា​ដែល​ប្រឡាក់​តំណក់​ទឹកមាត់ ឬ​ទឹកសម្បោរ​របស់​អ្នកជម្ងឺ​រួច​យកដៃ​មកបៀម ឬ​ប៉ះមុខ​ប៉ះមាត់​ខ្លួនឯង ដោយ​មិនបាន​លាងសម្អាត​ដៃឱ្យ​បានស្អាត​ជាដើម។ វីរុសនេះ​ចូលទៅ​បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​តូចៗ​នៅក្នុង​សួត ហើយ​ធ្វើឱ្យ​ផ្លូវដង្ហើម​ទាំងនោះរួ​មតូចដោ​យសារ​ស្លេស្ម និង​ការឡើង​ហើម។

រោគសញ្ញា​ជម្ងឺ​រលាក​ទងសួត​កុមារ

ជាទូទៅ​រោគសញ្ញា​ដំបូង​គឺដូចគ្នា​ទៅនឹង​រោគសញ្ញា​ជម្ងឺ​ផ្ដាសាយ​ធម្មតា​ដែរ មាន​ដូចជា​ហៀរសម្បោរ ក្អក និង​ក្ដៅខ្លួន​ជាដើម។ មួយឬ​ពីរថ្ងៃ​បន្ទាប់មក កុមារ​ក្អក​កាន់តែ​ខ្លាំង ដង្ហើម​ឮសូរ​ញឹកញាប់ ព្រមទាំង​មានផត​នៅចន្លោះ​ទ្រូង និង​ពោះ។ ជួនកាល​មានការ​ពិបាក​ដកដង្ហើម ធ្វើឱ្យ​កុមារ​មិនអាច​បៅបាន​គ្រប់គ្រាន់ ឬគេង​មិនបាន​ស្រួលបួល​ទៀត។ ដង្ហើម​ឮសូរ​ខ្លាំង​និង​ពិបាកដក​ដង្ហើម ជាទូទៅ​មាន​រយៈពេល​ពីរឬ​បីថ្ងៃ។ នៅពេល​ដែល​បាត់អាការ​ដង្ហើម​ញាប់ និង​ឮខ្លាំង​នេះ កុមារ​ចាប់ផ្ដើម​ធូរស្រាល​បន្ដិចម្ដងៗ។ ប៉ុន្ដែ អាការ​ក្អកនេះ​អាច​នៅមាន​ទៀត ជួនកាល​រហូតដល់​ច្រើន​អាទិត្យ​ក៏មានដែរ។

ពេលណា​គួរនាំ​កុមារ​ទៅជួប​គ្រូពេទ្យ?

ត្រូវនាំ​កុមារយក​ទៅជួប​គ្រូពេទ្យ នៅពេល​ដែលកុមារ​មិនអាច​បៅបាន​គ្រប់គ្រាន់ ដោយ​ពិបាកបៅ មិន​ព្រមបៅ ឬនោម​តិចជាង​ធម្មតា ឬ​កាន់តែ​ពិបាក​ដកដង្ហើម មើលទៅ​ឃើញ​សភាព​ល្ហិតល្ហៃ រញ៉ាំរញ៉ូវ មិនព្រម​គេង ឬមាន​បបូរមាត់​ឡើងស្វាយ ទើបមាតា​គ្រប់រូប​ត្រូវនាំ​កុមារ​ដែលជា​កូនយក​ទៅជួប​គ្រូពេទ្យ​ឱ្យបាន​ទាន់ពេល​វេលា។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផល​ប៉ះពាល់​នៃជម្ងឺ​រលាក​ទងសួត​កុមារ

  • កុមារ​រលាក​ទងសួត​ភាគច្រើន​អាច​ព្យាបាល​បានដោយ​យកថ្នាំ​ទៅប្រើ​នៅផ្ទះ ដោយ​មិនចាំបាច់​នាំកុមារ​មកសម្រាក​នៅ​មន្ទីរពេទ្យ​ឡើយ ដោយ​កុមារ​នឹងជាសះ​ស្បើយ​ក្នុង​រយៈពេល​ពី៧ទៅ​១០ថ្ងៃ​ក្រោយមក។
  • កុមារ​មួយចំនួន​ត្រូវការ​សម្រាក​នៅមន្ទីរពេទ្យ​ដើម្បី​ផ្ដល់​ជំនួយ​ពីអុកស៊ីសែន និង​សារធាតុរាវ​ផ្សេងៗ។
  • ជម្ងឺ​រលាក​ទងសួត​អាច​បណ្ដាល​ឱ្យកុមារ​ស្លាប់បាន ប៉ុន្ដែក្នុង​កម្រិតទាប​បំផុត។ ក្រុម​កុមារ​ដែលមាន​អត្រា​គ្រោះថ្នាក់​ខ្ពស់ គឺទារក​ដែលមាន​អាយុក្រោម៣​ខែ ឬកុមារ​ដែលមាន​ជម្ងឺបេះដូង​ពីកំណើត និង​កុមារ​ដែលមាន​ភាព​មិន​ប្រក្រតី​ពីកំណើត​មួយចំនួន​ទៀត។
  • បន្ទាប់ពី​ជាសះស្បើយ​ពីជម្ងឺរ​លាក​ទងសួត​រួចមក ឃើញថា​កុមារ​មួយចំនួន​អាចកើត​មានជាអាការ​ហត់ ឬ​ដង្ហក់ច្រើ​ន លើកច្រើន​សារ​ដដែលៗ ក្នុងនោះ​កុមារមួ​យចំនួន​អាចលែងមាន​អាការ​ហត់ ឬដង្ហក់​នេះ នៅពេល​ដែល​កុមារនោះធំ​ឡើង។ កុមារ​មួយចំនួន​តូចទៀត​អាចនឹង​កើតមាន​ជម្ងឺ​ហឺត​ផងដែរ។

វិធី​ការពារ​ជម្ងឺរ​លាក​ទងសួត​កុមារ

  • មិនត្រូវ​បណ្ដោយ​ឱ្យកូន​មកលេង​ជាមួយ​ក្មេង​ដែលមាន​ជម្ងឺ​រលាក​ទងសួត ឬមក​ប៉ះពាល់​ប្រដាប់ប្រ​ដា​ដែលក្មេង​មានជម្ងឺ រលាក​ទងសួត​លេង​នោះទេ។
  • មាតាបិតា​គ្រប់រូប​ត្រូវយក​កូន(កុមារ)​មកលាងដៃជា​មួយ​នឹងសាប៊ូ​ឱ្យបាន​ញឹកញាប់ និង​ចៀសវាង​ការ​លេង​ជាមួយ​កុមារ ដែលមាន​ជម្ងឺ​រលាក​ទងសួត។

ដំបូន្មាន​របស់​អ្នក​ប្រឹក្សា

កុមារ​ត្រូវការ​ជាតិទឹក​បន្ថែម ដូចនេះ​សូម​លោកអ្នក​ផ្ដល់​ជាតិទឹក និង​អាហារ​មួយចំនួន​ដល់កូន​ក្នុង​បរិមាណ​តិចៗឱ្យ​បាន​ញឹកញាប់ ឬក៏​បំបៅដោះ​ឱ្យកូន​ឬកុមារ​ឱ្យបាន​ញឹកញាប់។ សូមយក​កូន​របស់​លោកអ្នក​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ប្រសិនជា​កូន​របស់​លោកអ្នកមាន​អាការ​ពិបាក​ដកដង្ហើម ពិបាក​បៅ ឬក៏​ពិបាក​គេង​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative