ឆ្អល់​ពោះនៅពេលបរិភោគអាហាររួច​

ពេល​ទទួលទាន​បាយរួច ខ្ញុំ​ឧស្សាហ៍​ឈឺចុក​ឆ្អល់​នៅក្នុង​ពោះ​ខ្លាំងណាស់។ ទោះបីជា​ខ្ញុំខំ​ទទួលទាន​តិចៗ និង​ត្រឹមត្រូវ​បែបណា​ក៏ដោយ ក៏ខ្ញុំ​នៅតែ​ឈឺណែន​ក្នុងពោះ និងមាន​អាការ​ចង្អោរ។ តើមាន​វិធី​អ្វីជួយ​ឱ្យខ្ញុំបាន​ទទួលទាន​ដោយគ្មាន​បញ្ហា​អ្វីកើត​ឡើងឬទេ?
លោក ត.ព អាយុ៤២ឆ្នាំ ខេត្ដ​កំពង់ចាម

វេជ្ជបណ្ឌិត​យើងៈ រោគសញ្ញា​ដែល​លោកបាន​ធ្វើការ​រៀបរាប់​មកនេះ អាចជា​ករណី​វិបត្ដិ​រំលាយ​អាហារ ឬការ​រំលាយ​អាហារ​មិនបាន​ល្អ ដែល​បណ្ដាល​មកពី​មូលហេតុ​ជាច្រើន​ផ្សេងៗគ្នា។ វិបត្ដិ​រំលាយ​អាហារ ឬការ​រំលាយ​អាហារ​មិនបាន​ល្អ អាច​ដោយសារ​ក្រពះ​រួមតូច កាលបើ​ពេល​ទទួលទាន​ឆាប់ឆ្អែត តែ​មាត់​នៅតែ​ឃ្លាន។ ការ​រំលាយ​អាហារ​មិនបាន​ល្អខ្លះ មាន​តឹងពោះ ហើម​ពោះ ភើ និង​ក្អែល​លេប អាហារ​វិញ​ជាដើម។ វិបត្ដិ​រំលាយ​អាហារ ឬការ​រំលាយ​អាហារ​មិនបាន​ល្អ អាចកើត​ដោយសារ​ច្រាល​អាហារ​ពីក្រពះ​មកបំពង់​អាហារ​ ជាទូទៅមាន​រោគសញ្ញា​ក្រហាយ​តាម​បណ្ដោយ​ក្រោយឆ្អឹង​សន្ទះទ្រូង ពី​ចុងដង្ហើម​ឡើងមក​ដើមក។ វិបត្ដិ​រំលាយ​អាហារ​ម្យ៉ាងទៀត​ ដែលកើត​ញឹកញាប់​ផងដែរ ពាក់ព័ន្ធ​ទៅនឹង​វិបត្ដិ​របត់​ពោះវៀន ឈឺចាក់​ខ្លាំង និង​ចង្អោរ ប៉ុន្ដែ​បែបនេះ​ក៏អាច​ជាករណី​វិបត្ដិចរាចរ របស់​ពោះវៀនតូច​ផងដែរ។

ការ​ព្យាបាល​វិបត្ដិ​រំលាយ​អាហារ​នេះ ពឹងផ្អែក​ទាំងស្រុង​ទៅលើ​មូលហេតុ​ផ្ទាល់​របស់វា។ តាមការ​រៀបរាប់​របស់​លោក លោកហាក់​ដូចជា​គោរពការ​ទទួលទាន និង​របប​អាហារ​បាន​ត្រឹមត្រូវ។ ប៉ុន្ដែ​លោក​ត្រូវគិត​ផងដែរ​ថា ការ​ទទួលទាន​ថ្នាំពេទ្យ​មួយចំនួន ដោយគ្មាន​វេជ្ជបញ្ជា ក៏អាច​បង្កផល​ប៉ះពាល់​ដល់ការ​រំលាយ​អាហារ​ផងដែរ ដូចជា​ថ្នាំអាស្ពីរីន​ជាដើម។ ដូច្នេះ​សូម​លោក​អញ្ជើញ​ទៅជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួលការ​ព្យាបាល​បាន​ត្រឹមត្រូវ។ ការ​សម្រេចចិត្ដ​លេបថ្នាំ​ពេទ្យ​ដោយខ្លួនឯង​គ្មាន​វេជ្ជបញ្ជា មិនគួរ​ធ្វើឡើយ។ សូម​លោក​ទម្លាប់​បរិភោគ​មួយៗ កុំតក់​ក្រហល់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative