ពេលមាន​ផ្ទៃពោះ ត្រូវពិនិត្យ​អ្វីខ្លះ?

បើទោះបី​ជាមក​ដល់ពេលនេះ​ការ​ផ្សព្វផ្សាយ​មាន​យុទ្ធនាការ​យ៉ាង​គគ្រឹក​គគ្រេង​យ៉ាងណា​ក៏ដោយ​ក៏ស្ត្រី​មួយចំនួន​នៅតែ​មាន​ចម្ងល់​ថា ហេតុអ្វី​បានជា​នៅពេល​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវទៅ​មន្ទីរពេទ្យ​ធ្វើអ្វី។ ព្រោះ​ចាស់ៗ​ពីមុន ពួកគាត់​សម្រាល​កូន​ច្រើន​យ៉ាងណា គាត់​មិនដែល​ទៅពេទ្យ​ម្ដេច​ក៏គាត់​មិនអី។ ការ​យល់ឃើញ​ទាំងនេះ​ហើយ ដែលជា​ហេតុផល​មួយ​បង្អាក់​មិនឱ្យ​ស្ដ្រីមាន​ផ្ទៃពោះ​ទាំងឡាយ​ទៅពិនិត្យ​សុខភាព​ឱ្យបាន​ត្រឹមត្រូវ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ឱ្យ​សុភាពនារី ជាពិសេស​ស្ដ្រី​ដែល​កំពុង​តែនឹង​ក្លាយជា​ម្ដាយ​នៅពេល​ខាងមុខ​ជ្រាប​អំពីហេតុផល​មួយចំនួន​អំពីការ​ពិនិត្យ​សុខភាព​នៅពេល​មាន​ផ្ទៃពោះ​នោះ។ សូមស្ដ្រី​ទាំងអស់​ជួបជាមួយ​លោក​សាស្ដ្រាចារ្យ លៀង ច័ន្ទរិទ្ធ អនុ​ប្រធាន​មន្ទីរពេទ្យ មិត្ដភាព​ខ្មែរ​សូវៀត តាមរយៈ​ទស្សនាវដ្ដី សុខភាពយើ​ង។

ភាព​ចាំបាច់​នៃការ​ទៅពិនិត្យផ្ទៃ​ពោះ

សុភាពនារី​ទាំងអស់​ចាំបាច់​ត្រូវ​ជ្រាបថា ជារៀង​រាល់ថ្ងៃ​នៅទូទាំង​ពិភព​លោកមាន​ស្ដ្រី​ប្រហែល​១៤០០នាក់​ស្លាប់​ដោយសារ​បញ្ហា​ផ្សេងៗ​ដែល​ទាក់ទង​នឹងការ​មាន​ផ្ទៃពោះ និង​ការ​សម្រាល។ មានស្ដ្រី​រាប់ម៉ឺន​នាក់​ទៀត​ជួប​ប្រទះ​ផលវិបាក​ក្នុងពេល​មាន​ផ្ទៃពោះ ដែល​គំរាម​កំហែង​ដល់ជីវិត​ស្ដ្រី និង​ទារក ឬ​បន្សល់ទុក​ឱ្យពួកគេ​នូវ​ពិការភាព។

ប្រសិនបើ​ស្ដ្រី​ទទួល​បានការ​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​នោះ គ្រោះថ្នាក់​ទាំងឡាយ​នៅពេល​មាន​ផ្ទៃពោះ ពេល​សម្រាល និង​ក្រោយពេល​សម្រាល​ត្រូវបាន​កាត់បន្ថយ​ឬមិនមាន​តែម្ដង។ ដើម្បីធានា​បាននូវ​សុវត្ថិភាព ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវតែ​ទៅ​មន្ទីរពេទ្យ នៅពេល​ដែល​សង្ស័យថា​ខ្លួនមាន​ផ្ទៃពោះ។ គ្រូពេទ្យ​ជំនាញ​ធានា​ឱ្យមាន​ភាពសុខសាន្ដ​ដល់ស្ដ្រី​មានផ្ទៃពោះ និងសុខភាព របស់​ទារក ដោយការ​ពិនិត្យ​ទៅលើ ៖

  • ពិនិត្យភាព​លូតលាស់​នៃ​ផ្ទៃពោះ ដើម្បី​ពេលមាន​បញ្ហា​កើតឡើង ស្ដ្រី​អាចទៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា
  • ពិនិត្យ​សម្ពាធឈាម​ដែលអាច​ជាដើមចម​នៃ​គ្រោះថ្នាក់​ទាំងម្ដាយ និង​ទារក
  • ពិនិត្យ​ជម្ងឺកង្វះ​ឈាម​ក្រហម និង​ផ្ដល់​គ្រាប់ថ្នាំជាតិដែ​ក ឬ​អាស៊ីត​ហ្វលីក​ដល់​ស្ដ្រី ព្រោះ​ថ្នាំនេះមាន​ប្រយោជន៍​សម្រាប់ បំប៉ន​សុខភាព​ទាំងម្ដាយ និង​ទារក ធ្វើឱ្យ​ទារក​ឆ្លាត។ ពិសេស​ថ្នាំនេះមាន​សារជាតិ​អាចជួយ​ការពារ​ទារកពី​ភាព​ពិការ​ពីកំណើត ដូចជា ពកឆ្អឹង​ខ្នង គ ថ្លង់ កំបុតម្រាម​ដៃជើង និងភាព​មិន​ប្រក្រតី​នៃសរីរាង្គ​ផងដែរ។
  • ការ​ពិនិត្យរក​ជម្ងឺ​ឆ្លងណា​មួយក្នុង​ពេលមាន​ផ្ទៃពោះ ជាពិសេស​ជម្ងឺ​រលាក​តម្រង​នោម និង​ជម្ងឺកាមរោគ
  • ផ្ដល់ថ្នាំ​វ៉ាក់សាំង​តេតាណូស​ដល់ស្ដ្រី​មាន​ផ្ទៃពោះ​ដើម្បី​បង្ការ​ម្ដាយ និង​ទារក ដែល​ទើបនឹង​កើតពីជម្ងឺ​តេតាណូស
  • ពិនិត្យ​រកការ​វិវត្ដន៍​របស់​ទារក​ក្នុងផ្ទៃ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រការ​ដែលស្ដ្រី​គួរយល់​ដឹងក្នុង​ការ​ទៅពិនិត្យ​ផ្ទៃពោះ

ក្រៅពីការ​ពិនិត្យ​នូវ​ចំណុច​មួយចំនួន​ដែលបានរៀ​បរាប់​ខាងលើ​នោះ ស្ដ្រី​ជាម្ដាយ​ត្រូវបាន​ទទួលការ​ផ្ដល់​ដំបូន្មាន​បន្ថែមទៀត​ទៅលើ​ការយល់​ដឹងមួយ​ចំនួន​ដែលចាំ​បាច់ ដូចជា ៖

  • ផ្ដល់ឱ្យ​ម្ដាយ​នូវ​បទពិសោធន៍​នៃការ​សម្រាល និងផ្ដល់​ដំបូន្មាន​ពីការ​បំបៅដោះ​កូន និង​ការ​ថែរក្សា​ទារក​ដែល​ទើបនឹង​កើត
  • ផ្ដល់ឱ្យ​នូវ​របៀប​នៃការ​បរិភោគ​អាហារ​ដែលមាន​ប្រយោជន៍​សម្រាប់​ពេលមាន​ផ្ទៃពោះ ដើម្បី​ការ​លូតលាស់​របស់​ទារក និង​អាហារ​គួរចៀសវាង​ទាំងឡាយ ដូចជា​ការ​ជក់បារី ការ​ផឹកស្រា ការ​ប្រើប្រាស់​ឱសថ​ជាដើម
  • ការផ្ដល់​ដំបូន្មាន​ពីរបៀប​ចៀសវាង​ការឆ្លង​នៃជម្ងឺ​កាមរោគ
  • ផ្ដល់ឱ្យ​ស្ដ្រី​បានដឹង​អំពី​សញ្ញា​គ្រោះថ្នាក់​ទាំងឡាយ​នៅពេល​មាន​ផ្ទៃពោះ និងពេល​សម្រាល
  • ផ្ដល់ឱ្យ​ស្ដ្រី​បានដឹង​ពីអ្វី​ដែលត្រូវ​ជួប​ប្រទះ​នៅពេល​មាន​ផ្ទៃពោះ ដូចជាការ​ប្រែប្រួល​សភាព​រាងកាយ ការធាត់​លើស​ទម្ងន់ សុដន់​ឡើងតឹង​ជាដើម។

ទាំងអស់នេះ​ជាប្រការ​ដែលស្ដ្រី​គួរតែ​បានដឹង អំពី​សារៈប្រយោជន៍​ទាំងឡាយ​នៅពេល​ដែល​ទៅពិនិត្យ​ផ្ទៃពោះ។ រយៈពេល ពិសេស​នៃការ​មាន​ផ្ទៃពោះ ស្ដ្រី​ត្រូវតែ​ទៅទទួល​ការពិនិត្យ​ឱ្យបាន​យ៉ាងហោច​ណាស់​ពីរដងដែរ ។

ដំបូន្នាន​អ្នក​ជំនាញ

ប្រសិនបើ​ស្ដ្រីមិន​បាន​ទៅពិនិត្យ​ផ្ទៃពោះ​ទេនោះ គ្រោះថ្នាក់​ទាំងឡាយ​នឹងអាច​កើតមាន​ឡើង។ ហេតុនេះ​បើគ្រាន់​តែ ចំណាយ​ពេល​សម្រាប់​ការ​ពិនិត្យ​ផ្ទៃពោះ នោះស្ដ្រី​ទាំងអស់​គួរតែអនុវត្ដ​ឱ្យបាន​គ្រប់ៗ​គ្នា។ គ្រប់ស្ដ្រី​ទាំងអស់ ពេលមាន​ផ្ទៃពោះ​តែងតែ​សង្ឃឹម​ថា កូន​របស់​នាងកើត​មកមាន​សុខភាព​ល្អ ហើយនាង​ក៏មាន​កម្លាំង​ក្នុងការ​បីបាច់​ថែរក្សា​គេដែរ។ ហេតុនេះ​កុំ បង្អង់​យូរ សូមទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅជិត​បំផុត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative