ធ្លាក់ស​ជារៀង​រាល់ខែ

នាងខ្ញុំ​រៀបការ​បាន២០​ឆ្នាំហើយ និង​មានកូន​២នាក់។ ថ្មីៗនេះ​ចម្លែក​ណាស់ នាងខ្ញុំ​មានធ្លាក់ស​ជារៀង​រាល់ខែតាម​ទ្វារមាស។ តើ​ត្រូវ​ព្យាបាល​បែបណា​ទៅ?
លោក​ស្រី ម.គ.ស អាយុ​៤៥ឆ្នាំ កំពង់ស្ពឺ

វេជ្ជបណ្ឌិត​យើងៈ សដែល​ធ្លាក់នោះ​មានសភាព​ជាអន្លាយៗ​ដូច​សម្បោរ ឬ​ប្រៀប​ដូចជា​ផ្នែកស​នៃពង​មាន់ ដែល​កើតមាន​ឡើងនៅ ចន្លោះ​ពេលមក​ឈាមរដូវ មិន​តម្រូវ​ឱ្យមាន​ការ​ព្យាបាល​ឡើយ គឺជា​ករណី​ធ្លាក់ស​ធម្មតា។ ពីព្រោះ​ថា សមិន​ធម្មតា​ជាទូទៅ គឺ​មាន លក្ខណៈ​ដុំៗ មាន​ពណ៌លឿង ពណ៌​បៃតង ព្រម​ទាំងមាន​រមាស់ និង​ក្រហាយ​នៅនឹង​ទ្វារមាស។ ការ​រួមភេទ​ពេលធ្លាក់ស​អាចបង្ក​ការ ឈឺ​ផ្សា។ មូលហេតុ​ចម្បង​ដែលអាច​បង្កការ​ធ្លាក់ស គឺដោយ​មេរោគ​ផ្សិត កង់ឌីដា អាល់ប៊ីកង់។ តែក៏​ឃើញមាន​ពពួក​មេរោគ ឬ​ប៉ារ៉ាស៊ីត​ផ្សេងទៀត​ដែរ ដូចជា​ក្លាមីឌីយ៉ា មីកូបា្លស​ជាដើម។ បែបនេះ​អាចជា​ករណី​ជម្ងឺ​កាមរោគ​ផងដែរ។

រោគសញ្ញា និង​ការ​ព្យាបាល​ជម្ងឺ​ធ្លាក់ស មានតែ​គ្រូពេទ្យ ឬ​អ្នក​ជំនាញទេ ដែលអាច​ធ្វើការ​វិនិច្ឆ័យ​ថាជាស​ធម្មតា ឬស​មិនធម្មតា និង​អាចផ្ដល់​ការ​ព្យាបាល​ត្រឹមត្រូវ។ ដូច្នេះ​សូមកុំ​បណ្ដែត​បណ្ដោយ​យូរ ត្រូវ​រួសរាន់​ទៅជួប​គ្រូពេទ្យ​ព្យាបាល ចៀសវាង​ឱ្យបាន​នូវ​គ្រោះថ្នាក់ផ្សេងៗ ដូចជា​ការមាន​មេរោគ​នៅក្នុង​ខ្លួន​ជាដើម ដែលអាច​ជាដើមចម​នៃផល​អាក្រក់​ជាច្រើន​ទៀត។ បើឈឺ​បន្ដិចបន្ដួច ឆាប់​ទៅពិគ្រោះ និង​ទទួលការ​ព្យាបាល យើង​ចំណេញ​គ្រប់យ៉ាង ឬ​ច្រើនជាង​ទុកឱ្យ​អង្ករក្លាយ​ជាបាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative