លំ សូក្រិត សុខភាព​ជាគន្លឹះ​នៃភាព​ជោគជ័យ​សម្រាប់​មនុស្ស​ម្នាក់ៗ

សូក្រិត​ជាតារា​ចម្រៀង​មួយរូប​ដែលមាន​រូបរាង​ស្រស់​សង្ហា មិនចាញ់​នឹងតារា​ភាពយន្ដ្ដ​ប៉ុន្មានទេ។ មហាជន​ទូទៅ​បាន​ស្គាល់​រួចមក​ហើយ​នូវផលិតកម្ម​រ៉ក់ ជាពិសេស​គឺក្រុម​រ៉ក់ប៊យ ដែលលោក​មាន​តួនាទី​ជាប្រធាន​ក្រុម​រ៉ក់ប៊យ។ ការ​បោះជំហាន ចូល​វិស័យ​សិល្បៈ​រយៈពេល​បួនឆ្នាំ​ចុងក្រោយ​នេះ កាន់តែ​ធ្វើឱ្យ​លោក​មានការ​មមាញឹក​ជាខ្លាំង​ក្ន្នុង​វិស័យ​សិល្បៈ ប៉ុន្ដែ​សូក្រិត​មិនដែល​ធ្វេស​ប្រហែស​ឡើយ​នូវការ​ថែរក្សា​សុខភាព​រាងកាយ និង​សម្រស់។ តើលោក​សូក្រិត​មាន​រូបមន្ដ​ថែរក្សា​សម្រស់ និង​សុខភាព រាងកាយ​យ៉ាងណា​បាន​ជាមិនចាញ់​នឹង​តារា​ភាពយន្ដ?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក លំ សូក្រិត បាន​ចូលខ្លួន​មក​បកស្រាយ​ពីការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​លោក​ផ្ទាល់ជូន​ដល់​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់ ជាពិសេស​ប្រិយមិត្ដ​ដែលមាន​ការ​គាំទ្រ​ចំពោះ​រូបលោក​ទទួល​ជ្រាប​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ប្រវត្ដិ​មុនឈាន​ចូល​សិល្បៈ

មុនឈាន​ជើងចូល​សិល្បៈ លោក​សូក្រិត​ជានិសិ្សត​ម្នាក់​ដែលបាន​បញ្ចប់​បរិញ្ញា​បត្រនៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការដូង។ ស្រប​ជាមួយ​ពេលនោះ លោក​ក៏មាន​ចំណាប់អារម្មណ៍ប្រ​ឡង​ចម្រៀង​នៅមជ្ឈមណ្ឌល​ផលិតកម្ម​រ៉ក់ បន្ទាប់មក​លោក​បាន​ប្រឡងជាប់​លេខ៣។ សូក្រិត​បានចូល​ក្នុងវិស័យ​សិល្បៈ​ជាអ្នក​ចម្រៀង​នៅកំឡុង​ឆ្នាំ២០០៧។ ពេលនោះ​ហើយ​ដែលធ្វើ​ឱ្យមាន​ការ​លេចធ្លោ​ជាងគេ​នៅក្រុម Rock Boy។
ការ​ថែរក្សា​សម្រស់

  • ការ​ថែរក្សាសក់ ៖ លោក​ជាមនុស្ស​ម្នាក់ដែល​ចូលចិត្ដ​លេងសក់ ឱ្យតែ​មានការ​ប្រគំ​តន្ដ្រី ឬកម្មវិធី​ពិសេស​ម្ដងៗ លោក​តែងតែ​ធ្វើសក់​ជាប្រចាំ។ ដូច្នេះ​ហើយ​ទើបតម្រូវ​ឱ្យលោក​ត្រូវ​កក់សក់ និង​បន្ទន់​សក់ ដើម្បី​ជម្រះ​ជាតិប្រេង ឬ​ជាតិកខ្វក់​ផ្សេងៗ។
  • ការ​ថែរក្សា​ស្បែកមុខ ៖ ស្បែកមុខ​ជាសម្រស់​នៃភាព​ទាក់ទាញ ដូចនេះ​សូក្រិត​ត្រូវការ​សម្អាត​ផ្ទៃមុខ​ជាប្រចាំ ជាមួយ​ផលិតផល​ដែលល្អ និង​មាន​គុណភាព ដើម្បី​កម្ចាត់​នូវធូលី និង​ជាតិខ្លាញ់​ទាំងឡាយ​កុំឱ្យ​តោងជាប់​លើផ្ទៃមុខ។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ លោក​មិនដែល​ភ្លេចទេ​ក្នុងការ​ថែរក្សាស្បែ​ក ពេលដែល​ត្រឡប់​ពីការ​ប្រគំតន្ដ្រី ឬ​លេងកីឡា លោក​តែងតែ​សម្អាត​ជាមួយ​សាប៊ូ​ដុសខ្លួន។ ព្រោះ​ប្រសិន​បើមិន​សម្អាត​ជាមួយ​សាប៊ូទេ វាអាច​បណ្ដាល​ឱ្យមេរោគ​តោងជាប់​នឹង​ដងខ្លួន រហូត​អាចបង្ក​ទៅជា​បាក់តេរី​និងមេរោគ​ផ្សេងៗ​ដែលអាច​កើតមាន​ឡើង។
  • ការ​ថែរក្សា​ភ្នែក ៖ ភ្នែក​គឺជា​សរីរាង្គ​មួយដ៏​សំខាន់​សម្រាប់​មនុស្ស​ម្នាក់ ដូច្នេះ​ហើយបាន​ជាលោក​ត្រូវថែរក្សា​ភ្នែក​ឱ្យបាន​ខ្ជាប់ខ្ជួន។ ពេល​ដែលភ្នែក​របស់​លោកមាន​បញ្ហា និងមាន​ធូលីដីលោក​ត្រូវតែ​សម្អាត និង​បន្ដក់​ថ្នាំភ្នែក​កុំឱ្យមា​នបញ្ហា​ទៅថ្ងៃ​ក្រោយ។
  • ការ​ថែរក្សា​ធ្មេញ ៖ សុខភាព​មាត់ធ្មេញ​ជាបញ្ហា​សំខាន់​ណាស់​មិនថា​ទាំងរូប​លោក ឬ​អ្នកដទៃឡើយ ដូចនេះ​លោកត្រូវ​សម្អាត​មាត់ធ្មេញ​(ដុសធ្មេញ)​យ៉ាងតិច​៣ដង​ក្នុងថ្ងៃ និងទៅ​ពិនិត្យ​មាត់ធ្មេញ​២ដង​ក្នុងមួយឆ្នាំ​ផងដែរ។

ការ​ថែរក្សា​សុខភាព​រាងកាយ

  • ការ​ទទួលទាន​ដំណេក ៖ ដោយ​មានការ​មមាញញឹក​នឹង​ការងារ​ពេក ហេតុនេះ​ហើយ​ទើបបានជា​លោក​មិនសូវ​បាន​ទទួលទាន​ដំណេក​គ្រប់គ្រាន់។ លោក​សូក្រិត​មិនសូវ​មានពេល​គ្រប់គ្រាន់​ក្នុងការ​សម្រាក​នោះទេ ដោយ​ហេតុថា​លោក​ជាប់រវល់​ក្នុងការ​ថតចម្រៀង និង​ច្រៀង​ចម្រៀង​នៅពេល​រាត្រី។
  • ការ​ទទួលទាន​អាហារ ៖ លោក​ទទួលទាន​ចំណី​អាហារ​មិនសូវ​បាន​ទៀងទាត់​ទេ ដោយ​លោកជាប់​រវល់។
  • លំហាត់​ប្រាណ ៖ ការ​ហាត់ប្រាណគឺ​ជារឿង​មួយដ៏​សំខាន់​សម្រាប់​មនុស្សម្នាក់ៗ​មិនថា​ទាំងរូប​លោក ឬ​អ្នកដទៃ​ឡើយ។ ហើយ​លោក​ជាមនុស្ស​ម្នាក់​ដែល​ចូលចិត្ដ​លេងកីឡា​បាល់ទះ និង​ទាត់បាល់ ព្រោះ​វាធ្វើ​ឱ្យលោក​មាន​សុខភាព​ល្អ។

រូបភាពទស្សនាវដ្តីសុខភាពយើង

គោល​បំណង​ទៅថ្ងៃ​អនាគត

លោក​សូក្រិត​មានបំណង​នឹងបន្ដ​ការសិក្សា​នៅសាកលវិទ្យាល័យ​មួយទៀត។

បណ្ដាំផ្ញើ​របស់​លោក សូក្រិត

សូម​ផ្ដាំផ្ញើ​ទៅ​ប្រិយមិត្ដ ជាពិសេស​មិត្ដ​យុវវ័យ និង​យុវតី​ទាំងឡាយ សូម​មេត្ដា​កុំប្រើប្រាស់​ក៏ដូចជា​ការ​សេព​នូវគ្រឿង​ញៀន ព្រោះ​គ្រឿងញៀន​បណ្ដាល​ឱ្យ​លោកអ្នក​ខូច​សុខភាព​រាងកាយ​ចាស់​ទ្រុឌទ្រោម ខាតទាំង​ថវិកា ខាត​ទាំង​ពេលវេលា។ លោកអ្នក​គួរតែ​យកពេល​វេលា​ដ៏មាន​តម្លៃនេះ​ទៅសិក្សា​រៀន​សូត្រ ឬ​ទៅលេង​កីឡា​ជាដើម ទើបជាការ​ប្រសើរ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ លំ សូក្រិត
  • អាយុ ៖ ២៥ឆ្នាំ
  • ថ្ងៃ ខែ ឆ្នាំ​កំណើត ៖ ១៩៨៦
  • កម្ពស់ ៖ ១,៧៥សង់ទីម៉ែត្រ
  • កម្រិត​វប្បធម៌ ៖ បញ្ចប់​បរិញ្ញាបត្រ​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការដូង
  • ទម្ងន់ ៖ ៦៧គីឡូក្រាម
  • បងប្អូន ៖ ៤នាក់ ប្រុស២ ស្រី២(ជាកូនទី២)
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ ជាអ្នក​សិល្បៈ
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative