មិនអាច​មានកូន​ដោយ​វិបត្ដិ​ក្រពេញ​អ័រម៉ូន

កូន​ជាចំណងដៃ​នៃសេចក្ដី​ស្នេហា។ ប្រសិនបើ​បុរសស្ដ្រី​មិនមាន​កូន​ទេនោះ សុភមង្គល​ក្នុង​គ្រួសារ​ក៏មិនអាច​កើតឡើង​បានដែរ។ មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើឱ្យ​បុរសស្ដ្រី​មិន​អាចមាន​កូនបាន។ បញ្ហា​ក្រពេញ​អ័រម៉ូន​អាចធ្វើ​មិនឱ្យ​មាន​កូនចៅ​បាន ដែល​ការធ្វើ​រោគ​វិនិច្ឆ័យ​ឆាប់ និង​នាំទៅរក​ការ​ព្យាបាល​ប្រកប​ដោយ​ការ​ជោគជ័យ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេស​ជម្ងឺក្រពេញ​អ័រម៉ូន និង​ជម្ងឺ​ទឹកនោម​ផ្អែម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

ក្រពេញ​អ័រម៉ូន​ដែល​ធ្វើឱ្យ​គ្មានកូន

ក្រពេញ​អ័រម៉ូន​ធ្វើឱ្យ​ស្ដ្រី​ក៏ដូចជា​បុរស​ពិបាក​នឹងមាន​កូនចៅ​បាននោះ មាន​ក្រពេញ​អ័រម៉ូន​ចំនួន​បីធំៗ និងមាន​សារៈ​សំខាន់ បំផុត​នៅក្នុង​ខ្លួន​មនុស្ស។ ក្រពេញ​អ័រម៉ូន​ទីមួយ​ដែល​ស្ថិតនៅ​ត្រង់​កន្លែង​បញ្ជាធំ​របស់​មនុស្ស គឺ​នៅត្រង់​ចំណុច​កណ្ដាល​នៃ​ខួរក្បាល យើងតែ​ម្ដង ដែលមាន​ឈ្មោះថា​ក្រពេញ​ពីទុយ​តារី។ ក្រពេញ​នេះមាន​តួនាទី​ជាអ្នក​ដើរ​សម្រួល​ដល់ក្រ​ពេញ​ដទៃទៀត​ឱ្យមាន​ដំណើរ ការ​ទៅល្អ និងមាន​ទំនាក់ទំនង​នឹងគ្នា។ ដូច្នេះ​បើ​ក្រពេញ​នេះមាន​ផល​ប៉ះពាល់​អ្វីមួយ​នោះ លោកអ្នក​មិនអាច​មាន​កូនចៅ​បានទេ។ ចំណែកឯ​ក្រពេញ​ទីពីរ​នោះ ដើរ​តួនាទី​ធំក្នុង​បញ្ហា​កូនចៅ​គឺក្រពេញ​ទីរ៉ូអ៊ីដ ក្រពេញ​មេអំបៅ ដែល​ស្ថិតនៅ​ចំពីមុខ-ក ក៏មាន​តួនាទី សម្រួល​ដល់​ដំណើរ​ឈាម ជាតិ​ស្ករ មេតាប៉ូលីស​ផ្សេងៗ​ដល់​មនុស្ស។ រីឯ​ក្រពេញ​មួយទៀត​គឺ​ក្រពេញ​សៀរ៉េណាល់ ដែល​ស្ថិតនៅ​លើ​តម្រងនោម​របស់​មនុស្ស។ ប្រសិនបើ​ក្រពេញ​ទាំងបីនេះ​មាន​ភាពមិន​ប្រក្រតី​អ្វីមួយ​កើតឡើង​នោះ លោកអ្នក​មិនអាច​មាន​កូនចៅ​បានទេ បើ​មិនធ្វើការ​ព្យាបាល​ក្រពេញ​ទាំងនោះ។

មូលហេតុ​ធ្វើឱ្យ​អត់កូន​ដោយ​ក្រពេញ​អ័រម៉ូន

ក្រពេញ​ទីមួយ​ពីទុយតារី ដែលជាមូ​លហេតុ​ធ្វើឱ្យ​លោកអ្នក​មិនមាន​កូនចៅ​បាន។ ជម្ងឺដែល​បានជួប​ប្រទះ​ច្រើន​ទៅលើ​ស្ដ្រី ដែល​មិនមាន​កូន ដោយសារ​តែមាន​ដុំសាច់​ដុះពីលើ​ក្រពេញ​ទីមួយនោះ​ប៉ះពាល់​ដល់​ដំណើរ​ការ​ផលិត​អ័រម៉ូន ធ្វើឱ្យ​ស្ដ្រីមាន​វិបត្ដិ ដូចជា​រដូវ​មិនទៀង ឬ​បាត់រដូវ​តែម្ដង​(យូរខែឆ្នាំ) និង​បណ្ដាល​ឱ្យស្ដ្រី​មិនអាច​មាន​កូនចៅ​បានទេ។ មួយវិញ​ទៀត​នោះក្នុង​បញ្ហា​ក្រពេញ​នេះ​ដដែល បច្ចុប្បន្ន​នេះមាន​ស្ដ្រី​ជាច្រើន​ដែលមាន​បញ្ហា​ខ្សោយ​ក្រពេញ​ផ្នែក​ខាងលើ​ខ្លាំង ដោយសារ​ការ​ប្រើប្រាស់​ថ្នាំពពួក ក័រទីកូអ៊ីត ជា​ពពួកថ្នាំ​សន្លាក់ និងបាយ​បាន ដោយ​ការ​ប្រើច្រើន​លើសលប់ ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ។ ពពួកថ្នាំ​អស់​ទាំងនោះ​ទៅបញ្ជាឱ្យ​ក្រពេញ​ផ្នែក​ខាងលើ​នោះ​មិនព្រម​ធ្វើការ​បញ្ចេញ​អ័រម៉ូន​ធម្មជាតិ​របស់​ខ្លួន ហើយ​ធ្វើឱ្យ​ក្រពេញ​នោះលែង​មាន​ដំណើរការ ដែលជា​ហេតុធ្វើ​ឱ្យប្រព័ន្ធ​បន្ដពូជ​ធ្លាក់ចុះ​ទាំងបុរស​ទាំងស្ដ្រី​មិនសូវ​មាន​ចំណង់​ផ្លូវភេទ មិនសូវ​មានការ​ផលិត​ទឹករំអិល​គ្រប់គ្រាន់ សម្រាប់​ការ​បន្ដពូជ ដែលជា​ហេតុ​មិនអាច​មាន​កូនចៅ​បានទេ ទាំង​ភរិយា​ក៏ដូចជា​ស្វាមី។

ចំណែកឯ​ក្រពេញ​ធំទីពីរ​គឺក្រពេញ​មេអំបៅ ដែល​ស្ថិតនៅ​លើបំពង់-ក​យើងតែ​ម្ដង​ចំពីខាងមុខ​ត្រឹម​កម្រិត​កអាវ បើមាន​ការ​ផលិត​អ័រម៉ូន​លើស​ឬក៏ខ្វះ​ក៏ដោយ ក៏​មិនអាច​ឱ្យមាន​កូន​បានដែរ នេះជា​រឿងមួយ​សំខាន់​សម្រាប់​លោកអ្នក។ អ្នកជម្ងឺ​ស្ដែងចេញ​ជា វិបត្ដិ​ផ្លូវចិត្ដ ថមថយ​ចុះផ្នែក​ប្រាជ្ញា វិបត្ដិ​ស្ដ្រេស្ស និង​សោះអង្គើយ​ផ្នែក​ផ្លូវភេទ រហូត​ទៅដល់ការ​ចែក​ផ្លូវគ្នាជាដើម។ល។

រីឯ​ក្រពេញ​ទីបី​គឺក្រពេញ​សៀរ៉េណាល់ ដែល​ស្ថិតនៅលើ​តម្រង​នោម​របស់​យើង។ ឧទាហរណ៍ ដូចជា​មនុស្សស្រី​ដែលមាន​បញ្ហា​នៅក្រពេញ​សៀរ៉េណាល់ ដោយមាន​ដុំមួយ​ដុះពីលើ​ក្រពេញ​នោះ អាច​បញ្ចេញ​អ័រម៉ូន​មនុស្សប្រុស​ច្រើនលើស​លប់ពេក​ធ្វើឱ្យ​អ័រម៉ូន​មនុស្ស​ស្រីបាត់បង់ ឬ​ចុះអន់​ថយ អាច​ធ្វើឱ្យ​ស្ដ្រីម្នាក់​នោះមានការ​ប្រែប្រួល​រាងកាយ​ទៅជា​មនុស្ស​ប្រុស​ទៅវិញ ដោយសារ​តែ​បាត់បង់​អ័រម៉ូន​ភេទស្រី​ច្រើន​ហួសហេតុ។ មនុស្សស្រី​ដែលមាន​ការ​បាត់បង់​អ័រម៉ូន​ដូចនេះ​មាន​រោគសញ្ញា ដូចជា​មាន​ដុះរោម​ច្រើន មុខមាត់​មានការ​ប្រែប្រួល ប្រដាប់បន្ដពូជ​ក៏មានការ​ប្រែប្រួល ដែលជា​ហេតុធ្វើ​ឱ្យ​មិនអាច​មាន​កូន​ចៅបាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​គ្មានកូន​ដោយ​ក្រពេញ​អ័រម៉ូន

វិធី​ព្យាបាល​ជម្ងឺ​ក្រពេញ​អ័រម៉ូន​នេះ អាស្រ័យ​ទៅលើ​អ្នកជម្ងឺ​ម្នាក់ៗ​មាន​បញ្ហាត្រង់​ក្រពេញ​អ័រម៉ូន​មួយណា​ទើប​ធ្វើការ ព្យាបាល​ទៅតាម​រោគវិនិច្ឆ័យ​ត្រឹមត្រូវ​១០០% និង​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ផងដែរ។

ការ​ព្យាបាល​ទៅតាម​រោគវិនិច្ឆ័យ​ដែល​រកឃើញ បើមាន​បញ្ហា​ដុះសាច់​នៅ​ក្រពេញ​អ័រម៉ូន​ទី១ខាងលើ នោះការ​ព្យាបាល​គឺ មិន​ធ្វើការ​វះកាត់​១០០%​ទេ ដោយសារ​តែមាន​ថ្នាំលេប​ឱ្យស្រក​ដុំសាច់​នោះ ហើយ​ស្ដ្រីក៏​អាច​ពពោះ​បានដោយ​ធម្មតា​វិញបាន។
ចំណែកឯ​ក្រពេញ​ទីពីរ​វិញនោះ ការ​ព្យាបាល​អាច​ទទួល​ជោគជ័យ​បាន បើ​លោកអ្នក​ឆាប់រក​ឱ្យឃើញ​នូវ​រោគវិនិច្ឆ័យ​ឱ្យទាន់​ពេលវេលា និង​ធ្វើការ​ព្យាបាល នោះ​លោកអ្នក​អាចនឹង​មាន​សំណាង​មានកូន​បាន​ដូច​ធម្មតា​វិញ។

ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​ក្រពេញ​សៀរ៉េណាល់​នេះ​កើតឡើង ទាមទារ​ដាច់ខាត​ត្រូវតែ​ធ្វើការ​វះកាត់ ដើម្បី​យក​ដុំនោះ​ចេញ ហើយ​ឱ្យថ្នាំ​ដែលមាន​អ័រម៉ូន​មនុស្ស​ស្រី ពេលនោះនឹង​អាច​វិលទៅរក​មនុស្សស្រីវិ​ញ ហើយ​ថែមទាំង​អាចមាន​កូនបាន​ទៀតផង។ ប៉ុន្ដែ​ករណី​នេះមាន​ការ​ពិបាកច្រើន​ក្នុងការ​ព្យាបាល​ឱ្យវិល​ទៅរក​សភាពដើម​វិញណាស់ បើកាល​ណារោគ​វិនិច្ឆ័យ​យឺតពេល​ពេក។ ចំពោះ​រោគ​សញ្ញា​វិញនោះ គឺ​ស្ដែងចេញ​នូវ​រោគសញ្ញា​ចម្រុះ កត្ដាមួយ​ពិបាក​ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ​ខ្លាំងណាស់។ ឧទាហរណ៍ ចំពោះស្ដ្រី​ដែល​រាំងរដូវ ឬ​រដូវ​មិនទៀង មក​កាន់​មន្ទីរពេទ្យ​ដោយសារ​តែឈឺក្បាល​ខ្លាំង ប្រើប្រាស់​ថ្នាំអ្វី​ក៏មិន​បាត់ ក្រោយពី​វិភាគ​ផ្នែក រោគស្ដ្រី​សព្វគ្រប់​ហើយ អ្នកជម្ងឺ​គួរតែ​មក​ពិគ្រោះ​បញ្ហា​ក្រពេញ​អ័រម៉ូន ដែល​សព្វថ្ងៃ​នេះ​មន្ទីរពេទ្យមួ​យចំនួន​មាន​លទ្ធភាព សម្ភារៈ​និង គ្រូពេទ្យ​ឯកទេស ដែល​សហការ​គ្នាពី​ជំនាញ​មួយ​ទៅជំនាញ​មួយបាន​យ៉ាងល្អ។

ដំបូន្មាន​អ្នក​ជំនាញ

បើ​លោកអ្នក​មាន​វិបត្ដិ​មិនមាន​កូនចៅ​បាននោះ ត្រូវ​ទៅរក​រោគ​វិនិច្ឆ័យ​ឱ្យបាន​ត្រឹមត្រូវ។ ប្រសិនបើ​មាន​កត្ដា​ដែល​ជាប់​ពាក់ព័ន្ធ​នឹងរឿង​ក្រពេញ​អ័រម៉ូន លោកអ្នក​ទាំងអស់​ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ឯកទេស និងត្រូវ​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ នោះ​លោកអ្នក​ពិតជា​អាចមាន​លទ្ធភាព​ពពោះ​បានវិញ និង​ជាពិសេស​គឺការ​ថែរក្សា​សុខភាព​ផ្ទាល់​របស់លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative