បញ្ហា​ក្រចក ៖ វិធី​ការពារ និង​ព្យាបាល

ជាការ​ពិតណាស់​ក្រចក​គឺជា​ផ្នែកមួយ​ដ៏សំខាន់​ក្នុងការ​ជួយបន្ថែម​នូវ​សោភ័ណភាព​នៃ​សម្រស់ និង​ភាព​ទាក់ទាញ​ផងដែរ។ ប៉ុន្ដែ​ប្រសិន​ជាលោកអ្នក​មានបញ្ហា​ក្រចក វាមិន​ត្រឹមតែ​ធ្វើឱ្យ​លោកអ្នក​បាត់បង់​នូវ​សោភ័ណភាព​នោះទេ អាច​ធ្វើឱ្យ​លោកអ្នក​ខាតទាំង​ថវិកា និង​ពេលវេលា​ទៀតផង។ ជាពិសេស​នៅពេល​ដែល​លោកអ្នក​ទៅធ្វើ​ក្រចក​ក៏ដូចជា​កាត់​ក្រចក នៅកន្លែង​ដែល​មិនមាន​អនាម័យ និង​មិនមាន​បទពិសោធន៍​យូរឆ្នាំ​ទើបធ្វើ​ឱ្យក្រចក​មានបញ្ហា​បាន។ ដូច្នេះ​នៅពេល​ដែល​លោកអ្នក​ទៅធ្វើ​ក្រចក​ក៏ដូចជា​កាត់​ក្រចក ត្រូវ​គិតឱ្យ​ច្បាស់ លាស់​មុនពេល​សម្រេច​ចិត្ដ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​អ្នកស្រី សុខ ហៀង ជាម្ចាស់​ហាងកែសម្ផស្ស សុខ ហៀង នឹង​ធ្វើការ​បកស្រាយ​អំពី​បញ្ហា​ក្រចក។

ក្រចក

ក្រចក​គឺជាផ្នែក​មួយដ៏​សំខាន់​នៃសរីរាង្គ​របស់​មនុស្ស​គ្រប់រូប។ ក្រចក​ដុះ​នៅចុង​ខាងលើ​នៃម្រាមដៃ និង​ម្រាម​ជើង ដែល​សរុបមាន​ចំនួន២០​ក្រចក​នៅលើ​ខ្លួនមនុស្ស​ទាំងមូល។

មូលហេតុ​នៃបញ្ហា​ក្រចក

មូលហេតុ​ដែល​បណ្ដាល​ឱ្យក្រចក​កើតមាន​នូវ​បញ្ហា​មកពី​កត្ដាធំៗ​ចំនួន​បួនមាន​ដូចជា ៖

  • ខ្វះ​អនាម័យ​ក្នុ្នងការ​ថែទាំ​ក្រចក​ក៏ដូចជា​សម្អាត​ក្រចក
  • ក្រចក​មាន​អនាម័យ​ក៏ដោយ ប៉ុន្ដែ​ប្រសិន​ជាមនុស្ស​គ្រប់រូប​ធ្វើក្រចក​មិន​ត្រឹមត្រូវ​តាមក្បួនខ្នាតទេ នាំឱ្យ​ក្រចក​ខូចបាន។
  • ខ្វះការ​ប្រុងប្រយ័ត្ន ដោយ​មិនបាន​ពាក់ស្រោម​ដៃ និង​ស្បែកជើង​កវែង​មុនពេល​ដុស​សម្អាត​បន្ទប់ទឹក ឬការ​លាងចាន លាងឆ្នាំង​ជាដើម ពីព្រោះ​សាប៊ូ​ទាំងអស់​នោះ​ភាគច្រើន​សុទ្ធតែ​មានជាតិ​អាស៊ីត។
  • ខ្វះជាតិ​ស័ង្កសី។

ផល​ប៉ះពាល់​នៃបញ្ហា​ក្រចក

ប្រសិនបើ​ក្រចក​ជួបនឹង​បញ្ហា ដូចជា​កើតមាន​ខ្ទុះ អាឡែក​ស៊ី វា​រមែង​បង្កឱ្យ​មានផល​ប៉ះពាល់​ជាច្រើន​ដល់​ក្រចក និង​ស្បែក ដូចជា ៖

  • បាត់បង់​សោភ័ណភាព​ក្រចក
  • ធ្វើឱ្យ​ក្រចក​ស្អុយ ឈឺ ហើម បើ​ធ្ងន់ធ្ងរ​ជាងនេះ​អាច​បណ្ដាល​ឱ្យកើតជា​ខ្ទុះធំ។ ខ្ទុះ​ធំមាន​ន័យថា​ជាការ​ស៊ីស្បែក​បន្ដិច​ម្ដងៗ ហើយ​អាចស៊ី​រហូតដល់​ឆ្អឹង​ជើង និង​ដៃ ដែល​បណ្ដាល​ឱ្យមេរោគ​ទាំងឡាយ​ចូលបាន រហូត​ក្លាយទៅជា​ជម្ងឺ។ នៅពេល​ដែលរុយ​ពងដាក់​ដំបៅពីរ​ទៅបី​ថ្ងៃ នឹង​បង្កឱ្យ​កើតជា​ដង្កូវស៊ី​ខ្ទុះរហូត​កើតជា​មហារីក​ដៃជើង និង​អាចកាត់​ម្រាមដៃ និង​ម្រាមជើង​ទៀតផង។

សារ​ប្រយោជន៍​នៃក្រូចឆ្មារ​នៅពេល​កាត់ក្រចក

ជាទូទៅ​នៅពេល​ដែលជាង​កាត់ក្រចក​ដៃ និង​ក្រចកជើង​តែងតែ​និយម​យកក្រូច​ឆ្មារ​មកញី​នៅត្រង់​ក្រចក ពីព្រោះ​ថា ក្រូចឆ្មារ​មានសារ​ប្រយោជន៍​ដល់​ស្បែក និង​ក្រចក ជាពិសេស​ក្រូចឆ្មារ​ជួយ​សម្លាប់​មេរោគ​(ជាតិ​តេតាណូស មេរោគ​ខ្ទុះ និង​អាឡែកស៊ី) ហើយ​ក្រូចឆ្មារ​អាចធ្វើ​ឱ្យសាច់ខ្ចី​ឆាប់ដុះ និង​ឆាប់​ជាសះ​ស្បើយ។ ប៉ុន្ដែ​ប្រសិនជា​លោកអ្នក​ប្រើប្រាស់​ក្រូចឆ្មារ​លើស​កម្រិត​នោះ វាធ្វើ​ឱ្យទឹក​ក្រូចឆ្មារ​ជ្រាប​ចូលទៅ​កាត់ និង​ស៊ីស្បែក​ថ្មីដែល​នៅក្រោម​ក្រចកដៃ និង​ក្រចកជើង​របស់​លោកអ្នក​បាន។

វិធី​ការពារ​បញ្ហា​ក្រចក

វិធី​ការពារ​ដ៏ស័ក្ដិសិទ្ធិ​បំផុត​តម្រូវឱ្យ​លោកអ្នក​អនុវត្ដ​វិធី​ដូច​ខាងក្រោម​នេះ ៖

  • ទាមទារ​ឱ្យ​ជ្រើសរើស​យកកន្លែង​កាត់​ក្រចក​ណាដែល​មាន​ជាងពូកែ និងមានប​ទពិសោធន៍​គ្រប់គ្រាន់​ក្នុងការ​កាត់ក្រចក
  • ប្រើប្រាស់​ស្រោមដៃ និង​ស្បែកជើង​កវែង​នៅពេល​លាងចាន លាង​ឆ្នាំង ឬ​បោស​សម្អាត​បន្ទប់ទឹក ជាពិសេសជួ​យ​ទប់ទល់ នឹង​សាប៊ូ​ដែលមាន​សារធាតុ​គីមី
  • ចៀសវាង​ការ​ប្រើប្រាស់​ដៃ និង​ជើងទទេ។
  • លោកអ្នក​ត្រូវតែ​ឧស្សាហ៍​ថែទាំ និង​សម្អាត​ក្រចក​ជាប្រចាំ
  • ចៀសវាង​ការ​ចម្អិនម្ហូប​ដោយ​ប្រើកម្ដៅ​ភ្លើង​ខ្លាំងពេក​(វាបណ្ដាល​ឱ្យប្រេះ​ក្រចក និងស្បែក​ឡើង​ក្រិន​បាន)
  • ត្រូវកាត់​ក្រចក​ជាមួយ​នឹងកន្ដ្រៃ​(ចៀសវាង​ការ​ខាំដោយ​ធ្មេញ)
  • នៅពេល​ដែលកាត់​ក្រចក​ត្រូវយក​ត្រចៀក​ក្រាញ់​ឱ្យអស់​ពីគល់​ទាំងសង​ខាង
  • កាត់​បន្ថយការ​ដើរ​ដោយគ្មាន​ពាក់ស្បែក​ជើង​ពេលទៅ​ណាមក​ណា ជាពិសេស​នៅពេលលាង​ចាន​លាងឆ្នាំង​ត្រូវពាក់​ស្រោបដៃ និង​ស្រោមជើង​ការពារ​ជានិច្ច។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធី​ព្យាបាល​បញ្ហា​ក្រចក

ចំពោះ​វិធី​ព្យាបាល និង​វិធីកាត់​ក្រចក លោកអ្នក​គួរតែ​ធ្វើទៅតាម​គោលការណ៍​ដូច​ខាងក្រោម​នេះ ៖

  • ត្រូវ​កាត់​ត្រចៀក​ក្រាញ់​នឹងច្របាច់​ឱ្យអស់​ខ្ទុះទើប​ដាក់ថ្នាំ​ព្យាបាល ដោយ​មិនត្រូវ​ឱ្យប៉ះ​ទឹកឡើយ ព្រោះ​វាធ្វើ​ឱ្យមុខ​របួស​មិនងាយ​ជា និងអាច​រលួយ​ជាមុន​បាន។
  • ក្រចក​ត្រូវកាត់​ជាមួយ​កន្ដ្រៃដែ​លលាង​សម្អាត​ជាមួយ​អាល់កុល ឬ​របស់របរ​ដែល​សម្លាប់​មេរោគ​រួច ដោយ​លោកអ្នក​មិនត្រូវ​កាត់កន្ដ្រៃ​តៗគ្នា​នោះទេ ព្រោះអាច​ឆ្លងមេរោគ​ពីអ្នកដទៃ​បាន។
  • នៅពេល​ដែល​លោកអ្នក​ត្រូវ​សាប៊ូ​ដែលមាន​សារធាតុ ឬ​ជាតិ​គីមី វាជួយ​ធ្វើឱ្យ​ក្រចក​មានសភាព​ភ្លឺ​រលោង និង​ស្អាតបាន ប៉ុន្ដែ​ត្រូវ​លាងដៃ និង​លាងជើង​ជាមួយ​ទឹកស្អាត​ភ្លាមៗ​ដោយ​មិនត្រូវ​ទុក​យូរជា​ដាច់ខាត ព្រោះ​ប្រសិនជា​លោកអ្នក​ទុកយូរ​វាធ្វើ​ឱ្យក្រចក​របស់​លោកអ្នក​មានបញ្ហា​បាន។
  • ចំពោះ​លោកអ្នក​ដែលមាន​បញ្ហា​ក្រចក​ត្រូវ​ព្យាបាល​ឱ្យទាន់​ពេលវេលា ដោយ​មិនត្រូវ​ឱ្យ​ក្រចក​មាន​សភាព​ធ្ងន់ធ្ងរ​ជាងនេះ ព្រោះ​ធ្វើឱ្យ​លោកអ្នក​ខាតទាំង​ថវិកា និង​ពេលវេលា​ទៀត​ផង។

ដំបូន្មាន​អ្នក​ប្រឹក្សា

ជាចុងក្រោយ​អ្នកស្រី សុខ ហៀង សូម​ជូនពរ​ដល់ភ្ញៀវ​កិត្ដិយស​ទាំងឡាយ​ដែលបាន​អញ្ជើញ​មកកន្លែង​អ្នកស្រី និង​មិត្ដអ្នក​អាន​ទស្សនាវដ្ដី សុខភាព​យើង សូម​រកស៊ី​ទទួលទាន​មានបាន មាន​សុភមង្គល​ទាំងក្ន្នុង​រង្វង់​គ្រួសារ ទាំង​សង្គម ទទួល​បាននូវ​ភាព​ជោគជ័យ​គ្រប់ពេល​វេលា និង​ជួបតែ​ពុទ្ធពរ​ទាំងបួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ គប្បី​ឃ្លៀងឃ្លាត​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative