រមាស់​ក្បាលលិង្គ

ពេល​ខ្ញុំបាទ​មាន​អារម្មណ៍​ផ្លូវភេទ លិង្គ​ឡើងរឹង។ ក្បាលលិង្គ​របស់​ខ្ញុំបាទ​មិន​ក្រឡិត​ចេញក្រៅ​ទេ ហើយ​ខ្ញុំបាទ​ឧស្សាហ៍​មាន​អារម្មណ៍​រមាស់​ក្បាលលិង្គ​នោះណាស់។ តើ​មកពី​ហេតុអ្វី​ទៅ?
លោក ហ. ស. វ អាយុ ២៧ឆ្នាំ ក្រុង​ភ្នំពេញ

វេជ្ជបណ្ឌិត​យើង ៖ កាលបើ​ស្បែក​គ្របក្បាល​លិង្គ​មិនអាច​រួញក្រឡិត​បាន ជាពិសេស​ពេលបត់ជើង​តូច ឬ​ពេលលិង្គ​ឡើងរឹង លក្ខណៈ​បែបនេះ​អាចហៅ​បានថា​ក្បាលលិង្គ​ស្បែក​គ្របជិត​ដែល​តម្រូវឱ្យ​ទៅជួប​គ្រូពេទ្យ​ធ្វើការ​វះកាត់​ស្បែកក្បាលលិង្គ​ចេញ។ បើ​ប្អូនប្រុស​ចង់យល់​លម្អិត​បន្ថែម សូមអាន​អត្ថបទ“ក្បាលលិង្គ​ស្បែក​គ្របជិត”ដែលបាន​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី សុខភាព​យើង លេខ ០០៣ ចេញផ្សាយ​សម្រាប់ខែ​មេសា ឆ្នាំ២០០៦។ ករណី​ស្បែក​គ្របក្បាលលិង្គ​យូរអាច​បង្កជា​រោគរលាក​ក្បាលលិង្គ។ ស្បែកដែល​គ្របក្បាល​លិង្គ​មានសភាព​ក្រហម សើម​រអ៊ិចៗ ដែល​រំខាន និង​រមាស់។ ការ​រលាកនេះ​ជួនអាច​បង្ករោគ​ដោយ​មេរោគ​ផ្សិត​មីកូស ឬ​ទ្រីកូម៉ូណាស។ ជួនកាល​ការ​រលាក​អាច​បណ្ដាល​មកពី​ប្រតិកម្ម​អាឡែកស៊ី​ជាមួយ​សាប៊ូ ថ្នាំ​សម្លាប់​មេជីវិត ឬ​ស្រោម​អនាម័យ។ រីឯការ​ខ្វះអនាម័យ​ដែល​បណ្ដាល​មកពី​ការ​លាត់ក្បាលលិង្គ​លាង​មិនបាន និង​ការដក់​ទឹករំអិល​ផ្លូវភេទ​ក៏អាច​បង្កជាការ​រលាក ឬ​រមាស់​ក្បាលលិង្គ​នេះដែរ។ ប៉ុន្ដែ​សូម​យល់ដឹង​ផងដែរ​ថាជួន​កាលការ​រលាក​ក្បាលលិង្គ​យូរអាច​ធ្វើឱ្យ​ខូចស្បែក​ក្បាលលិង្គ​ស្អិត​ជាប់នឹង​ក្បាលលិង្គ​អាច​បណ្ដាល​ជាជម្ងឺ​ក្បាលលិង្គ​ស្បែក​គ្របជិត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative