កញ្ញា ញឹម ចាន់ថន សុខភាព​ល្អ​អនាគត​បវរ​រុងរឿង

កញ្ញា ចាន់ថន ជាតារា​ចម្រៀង និងជា​តារា​សម្ដែង​មួយរូប ដែល​ទទួលបាន​ការ​គាំទ្រ​ពីសំណាក់​ប្រិយមិត្ដ ជាពិសេស​មិត្ដ​យុវវ័យ​តែម្ដង។ បច្ចុប្បន្ន​នេះ​កញ្ញា ចាន់ថន មានការ​មមាញឹក​នឹងវិស័យ​សិល្បៈ​ជាខ្លាំង ប៉ុន្ដែ​កញ្ញា​ក៏មិន​ដែល​ធ្វេស​ប្រហែស​ឡើយ នូវការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​កញ្ញា។ តើ​កញ្ញា ចាន់ថន ថែរក្សា​សុខភាព និង​សម្រស់​យ៉ាង​ដូចម្ដេច?

រូបភាពទស្សនាវដ្ដីសុខភាពយើង

កញ្ញា ញឹម ចាន់ថន បាន​ចូលខ្លួន​មក​បកស្រាយ​អំពីការ​ថែរក្សា​សម្រស់​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង ដើម្បី​ប្រាប់ពី​វិធី​សាស្ដ្រ​នៃការ​ថែរក្សា​សម្រស់ និង​សុខភាព​រាងកាយ​របស់ខ្លួន​ជូន​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់ ជាពិសេស​គឺមិត្ដនារី​ទាំងឡាយ​ឱ្យបាន​ជ្រាប​ផងដែរ។

ប្រវត្ដិ​មុនឈាន​ចូលសិ​ល្បៈ

មុនឈាន​ចូលសិល្បៈ​កញ្ញា ចាន់ថន ជាសិស្ស​ម្នាក់ដែល​រៀន​នៅវិទ្យាល័យ​កំពង់​បាយ ខេត្ដ​កំពត និងឈប់​រៀន​ត្រឹមថ្នាក់​ទី ១០។ ក្រោយមក​កញ្ញា ចាន់ថន បានចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ដោយបាន​ប្រឡង​ជាប់​ជាតារា​ចម្រៀង​នៅទូរទស្សន៍​ប៉ុស្ដិ៍​លេខ៥ ទទួលបាន​ចំណាត់ថ្នាក់​លេខ១។ កញ្ញា ចាន់ថន បាន​ទទួល​ការ​ណែនាំ​ឱ្យចូល​វិស័យ​សិល្បៈ​នេះតាមរយៈបង​ស្រី ចាន់ធី ដែល​ជាពិធី​ករ​នៅទូរទស្សន៍​ជាតិកម្ពុជា។ ក្រៅពី​អាជីព​ជាតារា​ចម្រៀង និង​តារាសម្ដែង កញ្ញា ចាន់ថន ក៏ឆ្លៀត​ពេលវេលា​បន្ដ្ដិច​បន្ដួច ថត​ជាស្ពត​ពាណិជ្ជកម្ម​ដែរ។ មកដល់​បច្ចុប្បន្ន​នេះ កញ្ញា​ឈរជើង​ក្នុង​វិស័យ​សិល្បៈ​ជាង៩ឆ្នាំ​មកហើយ។

ការ​ថែរក្សា​សម្រស់

ទោះបី​កញ្ញា ញឹម ចាន់ថន មាន​ភាព​មមាញឹក​នឹង​ការងារ​សម្ដែង និង​ច្រៀង​យ៉ាងណា ក៏​កញ្ញា​មិនដែល​ភ្លេចអំពី​ការថែរក្សា​សម្រស់ និង​សុខភាព​នោះទេ។ ព្រោះ​កញ្ញា​យល់ថា​វាជាការ​ចាំបាច់​ណាស់​ត្រូវតែ​យកចិត្ដ​ទុកដាក់ ហើយបើ​សុខភាព​ល្អ គឺ​នាំមក​នូវភាព​ជោគជ័យ​ផងដែរ។ ខាងក្រោម​នេះគឺជា​វិធី​ថែរក្សា​សម្រស់ និង​សុខភាព​របស់​កញ្ញា ញឹម ចាន់ថន ដែលបាន​ធ្វើការ​អនុវត្ដន៍​ជាប្រចាំ។

  • ការ​ថែរក្សា​សក់ ៖ សក់​ជាផ្នែក​មួយដ៏​សំខាន់​សម្រាប់​មិត្ដនារី​គ្រប់រូប។ ដូច្នេះ​ហើយ​បានជា​ពេលមាន​កម្មវិធី​ពិសេស ម្ដងៗ​កញ្ញា ចាន់ថន ធ្វើសក់​ជាប្រចាំ មិនសូវ​ជាខាន​ឡើយ។ ប៉ុន្ដែ​ប្រសិន​បើកញ្ញា​មិនជាប់​រវល់​នឹង​ការងារ​សិល្បៈ ឬមិន​មានកម្ម​វិធីពិសេស​ទេ មាន​ន័យថា​ទំនេរ​ពីការងារ គឺ​កញ្ញា​មិនធ្វើ​សក់​ជាដាច់​ខាត ព្រោះ​នាំឱ្យ​ខូចសរសៃ​សក់។
  • ការ​ថែរក្សា​ស្បែកមុខ ៖ ពេលមាន​កម្មវិធី​សំខាន់​ដែល​ចោល​ពុំបាន​គឺកញ្ញា​ត្រូវផាត់មុខ​ប្រចាំ។ បន្ទាប់​ពីត្រឡប់​មកវិញ​កញ្ញា​ត្រូវ​លាង​សម្អាត​ផ្ទៃមុខ​ជាមួយ​នឹង​ផលិតផល​ហ្វូមលាង​មុខ ដើម្បី​កម្ចាត់​នូវជាតិ​ម្សៅ ឬ​កំណក​ធូលី​ផ្សេងៗ ដែលមក​តោង​លើផ្ទៃ​មុខ។ ហើយ​នៅពេលដែ​ល​កញ្ញាចេញក្រៅ​ម្ដងៗ កញ្ញា​តែងតែ​ប្រើឡេ​ការពារ​កម្ដៅថ្ងៃ​ជានិច្ច។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ស្បែក​ជាសរីរាង្គ​ដ៏សំខាន់​របស់​មនុស្ស​ដោយ​អត់ពុំ​បាន ដូចនេះហើយ​បានជា​កញ្ញា​ត្រូវលាប​ឡេ​ជាប្រចាំ​មិនថា​យប់ ឬ​ពេលព្រឹក​ឡើយ។ ហើយ​នៅពេល​ដែល​កញ្ញា​ចេញក្រៅ​ម្ដងៗ កញ្ញា​តែងតែ​ប្រើឡេ​ការពារ កម្ដៅថ្ងៃ​ជានិច្ច។ កញ្ញា ចាន់ថន តែងតែប្រើ​សាប៊ូ​ដុសខ្លួន​ដែលមាន​ក្លិន​ក្រអូប និង​ផ្ដល់​សំណើម​ដល់​ស្បែក ជាពិសេស​សាប៊ូ​កម្ចាត់ មេរោគ។
  • ការ​ថែរក្សា​ធ្មេញ ៖ សុខភាព​មាត់ធ្មេញ​គឺជារឿង​មួយដ៏​សំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ ហេតុនេះ​ហើយ​បានជា​កញ្ញា​ត្រូវតែ​សម្អាត​មាត់ធ្មេញ​ជារៀង​រាល់ថ្ងៃ ហើយ​ក្នុងមួយ​ថ្ងៃយ៉ាងតិច​៣ដងដែរ។ រីឯការ​ទៅពិនិត្យ​មាត់ធ្មេញ​វិញ កញ្ញា​ពិនិត្យ​២ដង​ក្នុងមួយ​ឆ្នាំ ដើម្បី​ឱ្យធ្មេញ​មាន​សភាព​ស្រស់ស្អាត និងមិន​ធុំក្លិន។
  • ការ​ថែរក្សា​ភ្នែក ៖ ចំពោះ​សុខភាព​ភ្នែក កញ្ញា ចាន់ថន មិនសូវ​យកចិត្ដ​ទុកដាក់​ប៉ុន្មាន​ទេ ព្រោះ​ភ្នែក​របស់​កញ្ញា​មិនមាន​បញ្ហា​នោះទេ។ ទោះបីជា​មិនបាន​ថែរក្សា​ឱ្យបាន​ដិតដល់ ក៏កញ្ញា ចាន់ថន មិនដែល​ធ្វេស​ប្រហែស​ឡើយ មានន័យ​ថា​កញ្ញា ចាន់ថន តែងតែ​ប្រើវ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ ដើម្បី​កុំឱ្យ​ភ្នែក​របស់​កញ្ញា​មានបញ្ហា​ទៅថ្ងៃ​ក្រោយ។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ចំពោះ​ការ​ថែរក្សា​រោមភ្នែក ភាគច្រើន​កញ្ញា ចាន់ថន មិនសូវ​បាន​ថែរក្សា ឱ្យបាន​ដិតដល់​នោះទេ ដោយ​គ្រាន់តែ​តុបតែង​សម្អាត​បន្ដិចបន្ដួច​ប៉ុណ្ណោះ។ រីឯ​ចិញ្ចើម​វិញ កញ្ញា ចាន់ថន មិនគូស​ជាដាច់​ខាត ព្រោះ​កញ្ញា​ចូលចិត្ដ​ចិញ្ចើម​បែប​ធម្មជាតិ។ ចំណែកឯ​បបូរមាត់​វិញ ចាន់ថន​ចូលចិត្ដ​លាប​ក្រេម​ដែល​មិនធ្វើ​ឱ្យមាន​បញ្ហា​ចំពោះបបូរ​មាត់ ហើយ​ពណ៌​ក្រេម​ដែល​ចូលចិត្ដ​ប្រើនោះ​ក្រេមពណ៌​ស្រាលៗ។
  • ការ​ថែរក្សា​ក្រចកដៃ និង​ក្រចក​ជើង ៖ កញ្ញា ចាន់ថន មាន​លក្ខណៈ​ខុសពី​មិត្ដនារី​ដទៃទៀត ដែល​និយម​ចូលចិត្ដ ទុក​ក្រចកដៃ​ក្រចកជើង​វែងៗ និង​លេងម៉ូត​នៅលើ​ក្រចក​ទៀត។ ប៉ុន្ដែសម្រាប់​កញ្ញា​វិញ កញ្ញា​មិន​ចូលចិត្ដ​ទុក​ក្រចកដៃ​ក្រចកជើង​វែងៗ​នោះឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

 

ការ​ថែរក្សា​សុខភាព​រាងកាយ

កញ្ញា ចាន់ថន មិនដែល​ធ្វេស​ប្រហែស​ឡើយ​ចំពោះ​ការថែរក្សា​សុខភាព​រាងកាយ ជាពិសេស​គឺការ​ធ្វើ​លំហាត់​ប្រាណ​តែម្ដង។ ជាការ​ពិតណាស់​ឱ្យតែ​រាល់ពេល​ព្រឹក កញ្ញា​តែងឆ្លៀត​ពេលវេលា​នេះធ្វើ​លំហាត់​ប្រាណ ដោយសារ​ការធ្វើ​លំហាត់​ប្រាណ​នេះពិតជាមាន​ប្រយោជន៍​មួយដ៏​សំខាន់ ដើម្បី​បញ្ចេញ​នូវជាតិ​ពុល​ផ្សេងៗ ជាពិសេស​គឺ​ទទួលបាន​សុខភាពល្អ​តែម្ដង។

បំណង​ទៅថ្ងៃ​អនាគត

មនុស្ស​គ្រប់រូប​តែងតែ​ត្រូវការ​អាជីព​ដ៏ពិតប្រាកដ​មួយ​ទៅថ្ងៃ​អនាគត។ ចំពោះ​កញ្ញា ចាន់ថន វិញក្រៅ​ពីអាជីព​ជាអ្នក​សិល្បៈ សម្រាប់​ទៅថ្ងៃអ​នាគត​កញ្ញា​នឹងមាន​គម្រោង​បើកហាង​លក់​សំលៀក​បំពាក់​មួយកន្លែង។

បណ្ដាំផ្ញើ​របស់​កញ្ញា ញឹម ចាន់ថន

តាំងនាម​កញ្ញា​ជាអ្នក​សិល្បៈ​មួយរូប កញ្ញា​សូម​ផ្ដាំផ្ញើ​ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ មិនថា​ក្មេង មិន​ថាចាស់​ឡើយ ជាពិសេស គឺ​មិត្ដនារី​តែម្ដង ធម្មតាទេ​ប្រសិន​បើបងប្អូន​គិតពី​បញ្ហា​សុខភាពគឺជា​រឿងមួយ​ដ៏ល្អ ទោះបីជា​ជាប់​រវល់​យ៉ាងណា​ក៏ដោយ ក៏គួរ​ឆ្លៀត​ពេលវេលា​បន្ដិចបន្ដួច​ក្នុងការ​ថែរក្សា​សុខភាព​ដែរ។ សម្រាប់​បងប្អូន​ស្ដ្រីវិញ​នៅពេល​ដើរទៅ​ណាមក​ណា ជាលក្ខណៈធម្មតា​មិនគួរ​ផាត់មុខ​ទេ ហើយ​ប្រសិនជា​មានកម្មវិធី​ផ្សេងៗ​ដែល​ចោល​មិនបាន​ចាំតុបតែង​មុខទៅ។ ប្រសិនបើ​មិនមាន​ការអ្វី​ចាំបាច់​ទេ នៅពេល​ដែលដើរ​ទៅណា​គួរតែ​ប្រើឡេ​ការពារ​ស្បែកមុខ ដោយ​មិនត្រូវ​ប្រើម្សៅ​លាយ​នោះទេ វាអាច​បង្កឱ្យ​មុខកើត​ជាជាំ ឬឡើង​អាឡែក​ស៊ី បាន។
ការ​រៀបរាប់​ជូនខាងលើនេះ​ ជាការ​យល់ឃើញ និងការ​អនុវត្ដ​របស់​កញ្ញា ញឹម ចាន់ថន តែប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង​កញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថាល្អ​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ ញឹម ចាន់ថន
  • អាយុ ៖ ២៩ឆ្នាំ
  • ទីកន្លែងកំណើត ៖ ខេត្ដកំពត
  • កម្ពស់ ៖ ១.៦១ម៉ែត្រ
  • ទំហំទាំងបី ៖ ៣៨ ២៧ ៣៨
  • បងប្អូន ៖ ៥នាក់(ជាកូនទី៣)
  • ស្ថានភាពគ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative