បទពិសោធន៍​អ្នកជម្ងឺ​ឈាមតាម​ជើងធ្មេញ

សុខភាព​មាត់ធ្មេញ​គឺជា​រឿងមួយ​ដ៏ចាំបាច់​ដែល​លោកអ្នក​នាងកញ្ញា​គួរតែ​យកចិត្ដ​ទុកដាក់​ថែរក្សា និង​ការពារ​ឱ្យបាន​ល្អ ចៀសវាង​នូវ​បញ្ហា​ផ្សេងៗ​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​បញ្ហាទៅ​ថ្ងៃក្រោយ ដូចជា​មានការ​ហូរឈាម​តាមជើង​ធ្មេញ​នេះ​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

 ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​នឹង​លោក អ ស អាយុ​៥៧ឆ្នាំ រស់នៅ​ខេត្ដ​កំពង់ធំ។ លោកបាន​រៀបរាប់ អំពី​បញ្ហា​នៃការ​ហូរឈាម​តាមជើង​ធ្មេញ។ លោកបាន​រៀបរាប់​ប្រាប់​ទស្សនាវដ្ដី សុខភាព​យើង ឱ្យដឹង​ថា សព្វថ្ងៃនេះ​លោកមាន កូន​ចំនួន​៥នាក់។ ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ លោក​មានការ​មមាញឹក​នឹង​ការងារ​ជាច្រើន ដោយ​លោក​ជាអ្នកធ្វើ​ស្រែ​ចំការ​ផង និង​ពេលទំនេរ​ពីស្រែ​ចំការ​លោក​ក៏មក​ទីក្រុង​ភ្នំពេញ​ដើម្បី​ប្រកប​មុខរបរ​បន្ដិច​បន្ដួច ដើម្បី​ជាការ​ជួយចែក​រំលែក​ក្នុងបន្ទុក​ក្រុមគ្រួសារ​ដែលមាន​សមាជិក​ជាច្រើន​នាក់។ ដូចនេះ​លោក​មិនសូវ​យកចិត្ដ​ទុកដាក់​នៅក្នុង​ការ​ថែរក្សា​សុខភាព​មាត់ធ្មេញ​របស់​លោក​ប៉ុន្មាន​ទេ ដោយ​នៅក្នុង​មួយថ្ងៃ​លោកដុស​ធ្មេញ​តែមួយ​ដង ឬ​ពីរដង​តែប៉ុណ្ណោះ ហើយ​ថ្ងៃខ្លះ​ក៏អត់​បានដុស​ដែរ។

ស្រាប់តែ​មានថ្ងៃ​មួយអញ្ចាញ​ធ្មេញ​របស់​លោក​ស្រាប់តែ​មានឈាម​ហូរតាម​ជើង​ធ្មេញ រំលង​បានបួនថ្ងៃ​ក្រោយមក​ស្រាប់តែ​មានឈាម​ហូរចេញ​មកតាម​អញ្ចាញ​ជើងធ្មេញ​របស់​លោក​ដដែល។ នៅពេល​ដែលឃើញ​មានឈាម​ហូរចេញ​មកជា​ញឹកញាប់​បែបនេះ លោក​ក៏គិត​ថាលោក​ប្រហែល​ជាកើត​មានជម្ងឺ​អ្វីមួយ​ហើយបាន​ជាជើង​ធ្មេញ​របស់​លោកមាន​ការ​ហូរឈាម​បែបនេះ រួច​លោកក៏​ប្រញាប់​ប្រញាល់​ទៅពិនិត្យ​មាត់ធ្មេញ​នៅគ្លីនិក​ឯកជន​មួយ​កន្លែង។ នៅពេល​នេះ សុខភាព​មាត់ធ្មេញ​របស់​លោក​បាន​ជាសះស្បើយ​ហើយ។ ចាប់​តាំងពី​ពេលនោះ​មក​លោកមិន​ដែល​ធ្វេស​ប្រហែស​ឡើយ​ក្នុងការ​ថែរក្សា​សុខភាព​មាត់​ធ្មេញ និយាយ​រួមលោក​ដុស​ធ្មេញ ក្នុង​មួយថ្ងៃ​៣ដង​ដោយ​ខុសប្លែក​ពីមុន។

ដំបូន្មាន​របស់​អ្នកជំនាញ

លោក​ទន្ដបណ្ឌិត ញាណ ភិរម្យ ប្រធាន​ក្រុមគ្រូពេទ្យ​នៃមន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​បានមាន​ប្រសាសន៍​ប្រាប់​ទស្សនាវដ្ដី សុខភាព​យើង ឱ្យដឹង​ថា ការ​ហូរឈាម​តាមជើង​ធ្មេញនេះវា​កើត​ឡើង​ដោយសារ​តែ​មូលហេតុ​ជាច្រើន មាន​ដូចជា ៖

  • បណ្ដាល​មកពី​ធ្មេញ​មានការ​ប្រេះ ឬ​ពុក
  • ដោយ​សារតែ​ធ្មេញ​មានជាតិ​កំបោរ​ច្រើន
  • ភាព​ពេញ​កំលោះ ឬ​ពេញ​ក្រមុំ
  • ការមាន​ខ្ទុះ​នៅក្នុង​ធ្មេញ។

ការដាក់​ធ្មេញ​នៅលើ​អញ្ចាញ​ក៏ជា​ចំណុច​មួយដែល​អាចធ្វើ​ឱ្យមាន​ការ​ហូរឈាម​តាមជើង​ធ្មេញដែរ។ ដូចនេះ​ដើម្បី​ការពារ កុំឱ្យ​កើតមាន​បញ្ហា​នេះ សូម​លោកអ្នក​នាងកញ្ញា​គួរតែ​ធ្វើការ​សម្អាត​មាត់ធ្មេញ​ឱ្យបាន​ទៀងទាត់​យ៉ាងតិច​៣ដង​ក្នុងមួយ​ថ្ងៃដែរ។ ប្រសិនជា​សុខភាព​មាត់ធ្មេញ​របស់​លោកអ្នក​កើតមាន​បញ្ហា យកល្អ​លោកអ្នក​គួរតែ​ទៅ​ពិនិត្យ និង​សម្អាត​មាត់ធ្មេញ​រៀង​រាល់៦​ខែម្ដង។ តែ​ប្រសិន​ជាមាន​អ្វីមួយ​ដែល​គិតថា​ជាបញ្ហា យកល្អ​គួរតែ​ទៅជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទើបជាការ​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative