វិធី​តុបតែង​ភ្នែក​មានសាច់​ច្រើន

ការ​តុបតែង​ភ្នែក​ឱ្យស្រស់ស្អាត​បាន​ទាមទារ​ឱ្យមាន​វិធី​សាស្ដ្រ​ក្នុងការ​តុបតែង​មិនអាច​ធ្វើតាម​តែការ​នឹកឃើញ​នោះទេ។ ទាំងនេះ​ក៏អាស្រ័យ​ទៅតាម​ស្ថានភាព​ភ្នែក​របស់​សុភាពនារី​ផ្ទាល់​ផងដែរ ទើបធ្វើ​ឱ្យការ​តុបតែង​នេះ​ទទួលបាន​លទ្ធផល​ល្អ។ តើគួរ​តុបតែង​ភ្នែក​ដែលមាន​សាច់ច្រើន​បែបណា​ទើបអាច​ស្រស់ស្អាត​បាន?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកមក​បកស្រាយ​នៅក្នុង​ទំព័រ​ថែរក្សា​សម្រស់​នៅលេខ​នេះ តាមរយៈ​ការជួប សម្ភាសន៍ជាមួយ​អ្នកនាង សន សុម៉ាលីនដា ម្ចាស់​ហាងកែ​សម្ផស្ស មីគីសាឡន។

ការ​តុបតែង​ភ្នែក​មានសាច់​ច្រើន

ការ​តុបតែង​ភ្នែក​ដែលមាន​សាច់ច្រើន​ជាកត្ដា​ចម្បង​មួយក្នុង​ករណី​សម្រស់ស្ដ្រី។ ការ​តុបតែង​ទាមទារ​ធ្វើនៅ​គ្រប់ផ្នែក​ទាំង អស់​នៅលើ​ផ្ទៃមុខ រួមទាំង​ភ្នែក​ផងដែរ។ ធម្មតា​មុននឹង​ស្ដ្រី​គ្រប់រូប​តុបតែង​មុខគឺ​ត្រូវសម្អាត​មុខ​ជាមុនសិន បន្ទាប់មក​លាបឡេ​ទ្រនាប់ ការពារ​ស្បែក ដើម្បី​កុំឱ្យ​ស្បែកមុខ​របស់​អ្នកនាង​កញ្ញា​មានបញ្ហា ក្រោយ​មកដាក់​ម្សៅស្អិត តែក៏​ត្រូវមើល​ទៅតាម​ផ្ទៃមុខ​ផងដែរ។

ផ្ទៃមុខ​ដែលមាន​សាច់​នៅក្រោម​ភ្នែកច្រើន មានការ​ពិបាក​នៅក្នុង​ការ​តុបតែង​មុខបន្ដិច ព្រោះស្ដ្រី​មិនយល់​ថាតើ​ត្រូវតុបតែង​មុខ​របៀប​ដូចម្ដេច​ដើម្បី​ឱ្យភ្នែក​បានស្មើគ្នា​បានល្អ។ មុនដំបូង​ត្រូវយក​ម្សៅស្អិត​លាប​នៅក្រោម​ភ្នែក​ឱ្យក្រមៅ​ជាងម្សៅ​ស្អិតនៅ ក្រោមថ្ពាល់ ក្រោយមក​ដាក់ម្សៅ​ផាត់​ពីលើ​ហើយ​ត្រូវតប់​ឱ្យចូល​ជាសាច់​តែមួយ បន្ទាប់មក​ត្រូវលាប​ពណ៌ភ្នែក​ចូល។ តើអ្នក​នាងកញ្ញា​ចង់បាន​រង្វង់ភ្នែក​បែប​ស្រាលឬ​ក៏ដិត​បន្ដិច តែ​សម្រាប់ភ្នែក​ដែលមាន​សាច់ច្រើន​គឺមិនអាច​ប្រើភ្នែក​ដែល​ក្រាស់​បានទេ ត្រូវ​លាបគូល័រ​ភ្នែក​បែបស្រាល​តែត្រូវ​គូសត្រង់​កន្ទុយភ្នែក​ឱ្យដិត​បន្ដិច ទើប​មើលទៅ​ឃើញ​ស្អាត ចំណែក​ទីកន្លែង​គួរតែ​ជ្រើសរើស​យកកន្លែង​ដែលមាន​ពន្លឺតិច គឺ​មិនត្រូវ​ជ្រើសរើស​កន្លែង​ដែលមាន​ពន្លឺខ្លាំង​ពេកនោះ​ទេ។ ព្រោះ​នៅពេល​ដែលអ្នកនាង​កញ្ញា​ផាត់មើល​ទៅកុំឱ្យ​ឃើញ​ផ្ទៃមុខស​ពេក។

សម្ភារៈ​ដែល​ត្រូវប្រើ

ដើម្បី​ធ្វើការ​ផាត់មុខ​នេះ លោកស្រី​អ្នកនាង​កញ្ញា​អាច​ប្រើប្រាស់​សម្ភារៈ​ដូចជា ឡេ​ទ្រនាប់ ម្សៅ​ស្អិត ម្សៅ​ផាត់ ម៉ាស្ការ៉ា ខ្មៅដៃគូស​ចិញ្ចើម គូល័រ​ថ្ពាល់ និង​ក្រេម។

ដំបូន្មាន​អ្នក​ជំនាញ

សូមផ្ដាំ​ដល់ស្ដ្រី​គ្រប់រូប​ដែល​ឧស្សាហ៍​តុបតែង​មុខ បើ​អ្នកនាង​កញ្ញា​មានពេល​ទំនេរ​គួរតែ​បិទម៉ាស​មានជាតិ​ទឹកដោះគោ ២ដង​ក្នុង១​សប្ដាហ៍។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណា បន្ទាប់​ពីការ​តុបតែង​ឱ្យមាន​ភាពស្រស់​ហើយនោះ ក៏ត្រូវ​យកចិត្ដ​ទុកដាក់​ឱ្យបាន​ល្អ ចំពោះ​ការ​ថែរក្សា​សុខភាព​ភ្នែក​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative