ជម្ងឺ​ខូចខួរ​ឆ្អឹងខ្នង

ប្ដី​របស់​នាងខ្ញុំ​តែងតែ​ព្យាបាល​ដោយ​ទិញថ្នាំ​លេប​ដោយ​ខ្លួនឯង​ជាច្រើន​គ្រាប់ ច្រើនមុខ​ដោយគ្មាន​វេជ្ជបញ្ជា។ ពេល​ពិនិត្យ​ឈាម លទ្ធ ផល​បានបញ្ជាក់​ថាគ្រាប់​ឈាមស​នៅក្នុង​ខ្លួន​របស់គាត់​ថយចុះ និងខ្វះ​យ៉ាងច្រើន។ គ្រូពេទ្យ​និយាយ​អំពី​ជម្ងឺ​ខូចខួរ​ឆ្អឹងខ្នង និង​មហារីក​ខួរឆ្អឹង​ខ្នង។ តើមាន​វិធី​ព្យាបាល​ឱ្យជា​សះស្បើយ​ឬទេ?
លោក​ស្រី ហ.ស.ថ អាយុ​៤៥ឆ្នាំ ខេត្ដបាត់ដំបង

វេជ្ជបណ្ឌិត​យើងៈ ជម្ងឺ​ខូចខួរ​ឆ្អឹងខ្នង ដែល​ខ្មែរយើង​និយម​ហៅថា​មហារីក​ខួរឆ្អឹងខ្នង​នោះ បណ្ដាល​មកពី​ខួរឆ្អឹងខ្នង​បាត់បង់​លទ្ធភាព​ផលិត​កោសិកា​គ្រាប់ឈាម ជាពិសេស​គ្រាប់ឈាម​ក្រហម គ្រាប់​ឈាមស និង​គ្រាប់ឈាម​ផ្លាកែត។ ករណី​ស្វាមី​របស់​លោកស្រី​ប៉ះពាល់តែ​គ្រាប់ឈាម​មួយ​មុខ គឺ​គ្រាប់​ឈាមស។ កម្រិត​ស្រាល ឬ​ធ្ងន់ធ្ងរ​របស់ជម្ងឺ​ខូចខួរ​ឆ្អឹងខ្នង អាស្រ័យ​ទាំងស្រុង​ទៅលើ​មូលហេតុ​បង្ករោគ ជួន​អាច​បណ្ដាល​មកពី​ជម្ងឺបង្ក​ដោយ​មេរោគ​ណាមួយ ជួន​បណ្ដាល​មកពី​ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំច្រើន​មុខ ដូចជា​ការ​ព្យាបាល​ជម្ងឺមហារីក​ដោយថ្នាំ ការ​ប្រើប្រាស់​ថ្នាំ​ផ្ដេសផ្ដាស​ជាដើម។ កាលណា​ហេតុផល​ជម្ងឺ​ជាក់លាក់​ត្រូវបាន​ព្យាបាល​ត្រឹមត្រូវ នោះ​បរិមាណ​គ្រាប់ឈាម​សនឹងអាច​ឡើងទៅ​កម្រិត​ធម្មតា​វិញ។ ក្នុង​ករណី​ស្វាមី​របស់​លោកស្រី ការ​ពិនិត្យ​វិភាគឈាម​ល្អិតល្អន់​ត្រឹមត្រូវ​មួយត្រូវ​ធ្វើឡើង។ ព្រោះថា​ករណីខ្វះ​គ្រាប់ឈាម​ស មិនមែន​សុទ្ធតែ​បណ្ដាល​មកពី​ជម្ងឺ​ខូចខួរ​ឆ្អឹងខ្នង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​អាច​បណ្ដាល​មកពីជម្ងឺ​ផ្សេងទៀត។ ជាទូទៅ​ក្រោយពី​ការ​ព្យាបាល​មូលហេតុ​មកគ្រាប់​ឈាមស​ចាប់ផ្ដើម​ឡើងមក​ធម្មតា​វិញ។ បើកង្វះ​គ្រាប់ឈាមស​នេះមាន​រយៈពេល​អូស​បន្លាយ​យូរ ជួនអាច​តម្រូវឱ្យ​មានការ​បញ្ចូល​ឈាម។ បើក្នុង​ករណី​ជម្ងឺ​ខូចខួរ​ឆ្អឹងខ្នង គឺ​មានតែការ​ព្យាបាល​ដោយ​ផ្សាំប្ដូរ​ខួរឆ្អឹងខ្នង​តែប៉ុណ្ណោះ។ ករណី​ជម្ងឺ​ស្វាមី​របស់​លោកស្រី​ត្រូវ​សាកសួរ​ជាមួយ​គ្រូពេទ្យ​ដែល​កំពុង​ព្យាបាល​គាត់ ហើយ​មានតែ​គ្រូពេទ្យ​ព្យាបាល​ទេ ទើបអាច​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ជម្ងឺ​របស់​គាត់បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative