ពេញ​ក្រមុំ

នាងខ្ញុំ​មានអាយុ​១៣ឆ្នាំ​ហើយ មាន​គេប្រាប់​នាងខ្ញុំ​ថា នាងខ្ញុំ​ពេញក្រមុំ​ហើយ។ នាងខ្ញុំ​មិនយល់​ពាក្យ“ពេញ​ក្រមុំ”​នេះទេ។ នាងខ្ញុំ​ចង់ សួរ​វេជ្ជបណ្ឌិត​យើងថា តើ​ដូចម្ដេច​ទៅដែល​ហៅថា​ពេញ​ក្រមុំនោះ?
កុមារី ព.ច.ប អាយុ​១៣ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើងៈ សំណួរ​របស់​ប្អូនស្រី​ពិបាក​ឆ្លើយត្រង់​ថា តើ​ពេញក្រមុំ​នៅអាយុ​ប៉ុន្មាន។ ពេញ​ក្រមុំ​មានន័យ​ថា ស្ដ្រីនោះ​ពេញវ័យ​ អាចយក​ប្ដីបាន ប៉ុន្ដែ​ចំពោះ​អាយុ​អាស្រ័យ​ទៅតាម​ច្បាប់​កំណត់​របស់​ប្រទេស​និមួយៗ។ ទាមច្បាប់​អាពាហ៍​ពិពាហ៍​នៅប្រទេស​កម្ពុជា ស្ដ្រី​ពេញវ័យ​ដែលអាច​រៀបការ​បាន លុះត្រា​តែមាន​អាយុ​ចាប់ពី​១៨ឆ្នាំ​ឡើងទៅ។ តាមក្បួន​វេជ្ជសាស្ដ្រ គេហៅ​ស្ដ្រីពេញ​ក្រមុំ​បាន ដរាបណា​ក្មេងស្រី​នោះចាប់​មានធ្លាក់​ឈាម​រដូវ​ជារៀង​រាល់ខែ។ នៅក្នុង​សង្គមខ្មែរ បើស្ដ្រី​ណាដែល​មិនទាន់​មានធ្លាក់​ឈាម​រដូវ មិនទាន់​ហៅថា​ពេញក្រមុំ​ទេ។ សរុបមក​សំណួរ​របស់​ប្អូនស្រី​ស្ថិតត្រង់​ថាពេញ​ក្រមុំ ផ្អែក​ទៅលើ​អាយុ ឬ​ផ្អែក​ទៅលើការ​មករដូវ។

ពិតជា​ពិបាក​ស្មានណាស់ ព្រោះថា​កុមារី​ខ្លះមាន​អាយុ​ត្រឹមតែ​១៣ឆ្នាំ​ប៉ុណ្ណោះ ដូចជា​ករណី​ប្អូនស្រី ប៉ុន្ដែមាន​រូបរាង​ធំ និង​មានធ្លាក់​ឈាមរដូវ​ទៅហើយ តែក៏មាន​ស្ដ្រីខ្លះ​អាយុ១៥ឆ្នាំ​ទៅហើយ​នៅតែ​មិនទាន់​មានធ្លាក់​ឈាមរដូវ​ក៏មាន​ដែរ។ ចំពោះ​ស្ដ្រី​បរទេស​វិញ ដូចជា​ស្ដ្រី​បារាំង ស្ដ្រីរុស្សី​ជាដើម អាយុ​ទើបតែ​១២ឆ្នាំ​ប៉ុណ្ណោះ តែមាឌ​ធំប៉ុណ្ណា​ប៉ុណ្ណី​ទៅហើយ ប៉ុន្ដែ​ពួកនាង​មិនទាន់​មាន​រដូវនៅឡើយ​ក៏មាន​ដែរ។ នៅប្រទេស​កម្ពុជា ការមក​រដូវ​ដំបូង ចាស់ៗ​ចាត់ទុកថា​ជាវ័យ​ចូលម្លប់ ឬ​វ័យ​គ្រប់ការ។ កាលពី​សម័យមុន ក្មេងស្រី​ចាប់មាន​រដូវ​នៅអាយុ​ពី១៧ ទៅ១៨ឆ្នាំ។ ប៉ុន្ដែ​បច្ចុប្បន្ននេះ​ក្មេងស្រី​ឆាប់មាន​រដូវ ជួនត្រឹម​អាយុ១១ ឬ​១២ឆ្នាំតែ​ប៉ុណ្ណោះ ក៏ចាប់​មករដូវ​ទៅហើយ ប្រហែល​ជាដោយ​សារការ​រីកចម្រើន​នៃសង្គម​ទំនើប។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative