របៀប​ថែទាំ​សក់​ដោយ​ក្រូចឆ្មារ

ក្រូចឆ្មារ​គឺជា​រុក្ខជាតិ​ម្យ៉ាង​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​តែងតែ​ឧស្សាហ៍​យកវា​ប្រើប្រាស់​ជាមួយ​នឹងមុខ​ម្ហូប​មួយចំនួន ដោយ​ខាន​ពុំបាន។ ហើយ​ក្រូចឆ្មារ​មិន​ត្រឹមតែ​មាន​សារៈសំខាន់​ប៉ុណ្ណឹង​ទេ ក្រូចឆ្មារ​ក៏ជា​ឱសថ​មួយជំនួយ​ដល់សក់​ដែរ ដោយអាច​ជួយ​ព្យាបាល និង​ថែរក្សា​មិនឱ្យ​សក់ជ្រុះ សក់មាន​អង្គែ សក់​ប្រេង ដោយសារ​ក្រូចឆ្មារ​មាន​សារធាតុ​អាស៊ីត​ពីធម្មជាតិ និងមាន​វីតាមីនសេ​ទៀតផង។ ប៉ុន្ដែ​ប្រសិនបើ​លោកអ្នក​ប្រើប្រាស់​ក្រូចឆ្មារ​ច្រើនពេក វា​ក៏អាច​បណ្ដាលឱ្យ​លោកអ្នក​ជួបនូវ​គុណវិបត្ដិ​បន្ដិចបន្ដួច​ដែរ។ 

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​អ្នកស្រី សុខ ហៀង ជាម្ចាស់​ហាងកែសម្ផស្ស សុខ ហៀង ធ្វើការ​បកស្រាយ​អំពី​របៀប​ប្រើក្រូចឆ្មារ​ជំនួយ​ដល់សក់ ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បានជ្រាប និងយល់​កាន់តែ​ច្បាស់​អំពី​បញ្ហានេះ។

អត្ថប្រយោជន៍​របស់​ក្រូចឆ្មារ

តាមការ​ពិតណាស់​ក្រូចឆ្មារ​មានផល​ប្រយោជន៍​ជាច្រើន មិន​ត្រឹមតែ​ចំពោះការ​បរិភោគ​ប៉ុណ្ណោះ​ទេ។ ក្រូចឆ្មារ​មាន​តួនាទី​ផ្សេង​មួយទៀត​ដែរ បង​ប្អូនស្ដ្រី​យកមក​ជួយ​បំបាត់ និង​សម្អាតសក់​ដែលមាន​ជាតិប្រេង អង្គែបាន​យ៉ាងល្អ ដោយ​ពុំចាំបាច់​ប្រើប្រាស់​នូវ​ផលិតផល​ថ្នាំ​ព្យាបាល​នោះទេ។ ដើម្បី​ប្រើប្រាស់​ក្រូចឆ្មារ​មក​ជំនួយសក់​ឱ្យមាន​ប្រសិទ្ធភាព​នោះ ទាមទារ​ឱ្យ​លោកអ្នក​ប្រើប្រាស់ ទៅតាម​ក្បួនខ្នាត​ដូចតទៅ។

ជាបឋម​លោកអ្នក​ត្រូវ​ចាក់ទឹក​ឱ្យសើម​នៅត្រង់​សក់ និង​ស្បែកក្បាល​ជាមុនសិន បន្ទាប់មក​ប្រើទឹក​ក្រូចឆ្មារ​ចាក់ទៅលើ​ក្បាល ដោយ​កក់សក់​ក្បាល និង​ស្បែកក្បាល​ពីដប់​ទៅដប់ប្រាំ​នាទី។ ក្នុង​រយៈពេល​នៃការកក់ ទាមទារ​ឱ្យអេះតិចៗ​ឱ្យសព្វ​ទាំងអស់ ពេញ​ស្បែកក្បាល កក់ពីរ​ថ្ងៃម្ដង ឬ​មួយសប្ដាហ៍​ពីរដង​ទៅបីដង​(ចំពោះសក់​ដែលកើត​ប្រេង និងអង្គែ​តែប៉ុណ្ណោះ)។

  • គុណសម្បត្ដិ​របស់​ក្រូចឆ្មារ ៖ ក្រូចឆ្មារ​អាចជួយ​ព្យាលបាល និង​ថែរក្សា​មិនឱ្យសក់​ជ្រុះសក់ មាន​អង្គែ សក់​ប្រេង ដោយសារតែ​វាមាន​សារធាតុ​អាស៊ីត​ធម្មជាតិ និងមាន​វីតាមីនសេ​ទៀតផង។
  • គុណវិបត្ដិ​របស់​ក្រូចឆ្មារ ៖ ក្រូចឆ្មារ​មិនសូវ​មានផល​អវិជ្ជមាន​ច្រើន​នោះទេ ដោយសារ​ជាតិអាស៊ីត​នៃក្រូចឆ្មារ​អាចការពារ​បាន ដោយ​គ្រាន់តែ​ប្រើប្រាស់​ឱ្យសម​ទៅនឹង​ក្បួនខ្នាត និង​ដំបូន្មាន​អ្នកជំនាញ​ជាការស្រេច។

ដំបូន្មាន​អ្នក​ប្រឹក្សា

សូមបង​ប្អូនស្ដ្រី ឬ​អតិថិជន​ដែលមាន​បញ្ហា​ផ្នែកសក់​ប្រេង សក់មាន​អង្គែ​ទាំងអស់​ឱ្យបាន​ជ្រាបថា ការ​ប្រើប្រាស់​ក្រូចឆ្មារ ឱ្យបាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត ជាពិសេស​សូមកុំ​ប្រើប្រាស់​ក្រូចឆ្មារ​ឱ្យហួស​កំណត់ វាអាច​បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់​ទៅដល់​ស្បែក ក្បាល និង​សរសៃសក់​ទាំងមូល​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative