ដាក់​បញ្ចូលការ​បញ្ហា​សុខភាព​ភ្នែក​ទៅក្នុង​កម្មវិធី​សិក្សា​ក្នុងឆ្នាំ​សិក្សា​២០១២ ២០១៣

ក្រសួង​អប់រំ យុវជន​និងកីទ្បា​បានដាក់​បញ្ចូលការ​សិក្សា​សុខភាពភ្នែក​ទៅក្នុង​កម្មវិធី​សិក្សា​ក្នុងឆ្នាំ​២០១២ ២០១៣​នេះ ដើម្បី​ជួយឲ្យ​កុមារ​បានយល់​ដឹង​ពីវិធី​ការពារ​កុំឲ្យ​កើតជម្ងឺ​ភ្នែក។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក ប៉ែន សារឿន ប្រធាន​នាយកដ្ឋាន​សុខភាព​សិក្សា​នៃក្រសួង​អប់រំ យុវជន និង​កីទ្បា​បានមាន​ប្រសាសន៍​ឲ្យដឹង​នៅព្រឹក​ថ្ងៃពុធ ទី ៧ វិច្ឆិកា​កន្លងមក​ថា ក្រសួង​អប់រំ​បានដាក់​ការសិក្សា​អំពី​សុខភាព​ភ្នែក ទៅក្នុង​កម្មវិធី​សិក្សា​សម្រាប់​​ឆ្នាំសិក្សា​២០១២ ២០១៣​នេះ។ បច្ចុប្បន្ន​យើងបាន និង​កំពុង​បណ្តុះបណ្តាល​គ្រូនៅ​គ្រប់​​សាលា​បឋមសិក្សា​ក្នុងខេត្ត​ចំនួន៥ ជាជំហ៊ាន​ទី១ដើម្បី​ចាប់ផ្តើម​ការងារ​នេះ​។ លោក​បន្តថា ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​កន្លងមក មិនមាន​និយាយ​លំអិតអំ​ពី បញ្ហា​នេះទេ គឺ​មានតែ​និយាយ​ពីការ​ការលើក​កំពស់​អនាម័យ​តិចតួច​ប៉ុណ្ណោះ ក្នុង​​កម្មវិធី​សិក្សា​សង្គម។

លោក​បន្តថា “ការសិក្សា​អំពី​សុខភាព​ភ្នែក​មានសារៈ​សំខាន់​ណាស់ ដើម្បី​ឲ្យ​កុមារ​មានការ​យល់ដឹង​ពីតួនាទី​ភ្នែក សារៈសំខាន់​របស់​ភ្នែក អនាម័យ ពី​បញ្ហា​ដែល​នាំឲ្យ​កើតជម្ងឺ​ភ្នែក និង​វិធាន​កា​រ​ការពារ ដើម្បី​កុំឲ្យ​កើតជម្ងឺ​ភ្នែក ”។

លោក ប៉ែន សារឿន បាន​​បន្តថា ការងារ​បណ្តុះ​បណ្តាល​នេះនឹង​ធ្វើក្នុង​រយៈពេល​៤ឆ្នាំ ដោយ​ចាប់ផ្តើម​ពីឆ្នាំ​២០១២ ដល់​២០១៥​ខានមុខ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ​FRED HOLLOWS។ ​ខេត្ត​ដែលបាន​ដាក់បញ្ចូល​ក្នុង​គំរោងនេះ​រួមមាន​ខេត្តកំពង់​ឆ្នាំង មាន​សាលា​ចំនួន៤២​កំរ៉ង និង​សាលាបឋម​សិក្សា​សរុប​២៦៣​​សាលា កំពង់ស្ពឺ​មានចំនួន​៤៦កំរ៉ង និងមាន​សាលា​សរុប​៣០៩​សាលា កំពង់ធំ​ចំនួន​៧២​កំរ៉ង និង​មាន​សាលារៀន​សរុប​៤៥៩​សាលាកណ្តាល​ចំនួន​​៧១កំរ៉ង និងមាន​៣៧២​សាលា និង​ខេត្តព្រៃវែង​ចំនួន​៨៦​កំរ៉ង និងចំនួន​៥៣១​សា​លា​ដោយ​គ្រប​​បណ្តប់​គ្រូ​សរុប​ចំនួន​១២.៣៧៦​នាក់ និង​សិក្សា​នុសិស្ស​៦៥២.២២៦​​នាក់។

លោកបន្ត​ថា កម្មវិធី​បណ្តុះ​បណ្តាល​នេះនឹងមា​នការ​សហការ​ពីមន្រ្តី​កម្មវិធី​​ជាតិ​សុខភាពភ្នែក​នៃ​ក្រសួង​សុខាភិបាល ដោយ​ប្រើប្រាស់​សៀវភៅ​អប់រំសុខភាព​​ភ្នែក ដែលបាន​រៀបចំ​ទ្បើងដោយ​ក្រសួង​អប់រំ យុវជន​និង​កីទ្បា ដែលមាន​មេរៀន​​សំខាន់ៗ​ចំនួន៨ រួមមាន​ទី១ ភ្នែក​និងតួនាទី​របស់វា ទី២ របួស​ភ្នែក ទី៣ ជម្ងឺភ្នែក​ក្រហម ទី៤ ជម្ងឺ​ខ្វាក់មាន់ ទី៥ ជម្ងឺ​ត្រាកូម និង​ទី៦ ជម្ងឺ​ទឹកដក់​ក្នុងភ្នែក​ស្រួច​ស្រា​ល់។ ​ក្នុង​មេរៀន​និមួយៗ​បានបង្ហាញ​ពីមូលហេតុ តួនាទី វិធី​ការពារ ការ​ទទួលទា​ន​អាហារ​ដើម្បី​ទប់ស្កាត់​បញ្ហា​ភ្នែក​ជាដើម។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២

Google Analytics Alternative