បុរស​រួមភេទ​ជាមួយ​បុរសផង​ស្ដ្រីផង

សំណួរ ៖ ខ្ញុំបាទ​អាយុ​២៣ឆ្នាំ។ ខ្ញុំបាទ​ចូលចិត្ដ​អាន​ទស្សនាវដ្ដី​សុខភាពយើង ត្រង់​ទំព័រ​សុខភាព​ផ្លូវភេទ។ ខ្ញុំបាទ​សូម​សួរ​វេជ្ជបណ្ឌិត យើង​ថាហេតុ​អ្វីបានជា​ខ្ញុំ​ស្រឡាញ់​យុវនារី តែ​ពេលខ្លះ​ខ្ញុំ​ស្រឡាញ់​បុរស​ទៅវិញ ហើយ​បុរស​នោះ​មិនមែន​ជាក្មេង​ទេ ជាបុរស​ចំណាស់ ទៅ​ទៀត។ ខ្ញុំបាទ​មិនយល់​ពីខ្លួន​ឯងទេ។
លោក អ. ព. ណ អាយុ ២៣ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិតយើង ៖ តាមការ​រៀបរាប់​របស់ប្អូន គឺជា​ជីវភាព​ផ្លូវភេទ​ទាំងពីរ​ភេទ។ តាមពិត សភាព​បែបនេះ តែងតែ​អាចដឹង​បាន ដោយ​ខ្លួនឯង​តាំងពី​នៅពេល​ជំទង់។ ករណីនេះ​ស្ថិតនៅ​ចន្លោះ​អ្នក​ចូលចិត្ដ​រួមភេទ​ជាមួយ​ភេទ​ផ្ទុយគ្នា និង​អ្នកដែល​រួមភេទ​ជាមួយ​ភេទ ដូចគ្នា។ ចំពោះ​ជីវភាព​ផ្លូវភេទ​ទាំងពីរ​ភេទ គឺ​បុរស ឬ​ស្ដ្រីនោះ​ចូលចិត្ដ​រួមភេទ​ជាមួយ​បុរសផង និង​ជាមួយ​ស្ដ្រីផង។ ប្អូន​ប្រហែល​ជា កំពុង​រក​ផ្លូវដើរ មុន​ដំបូង​ពិតជា​ពិបាក​ជ្រើសរើស តែសូម​ចាប់ផ្ដើម​ធ្វើការ​ជ្រើសរើស​ឱ្យបាន​ច្បាស់ ដើម្បី​សម្រប​ទៅតាម​សីលធម៌​កាតព្វ កិច្ច និងច្បាប់​សង្គម។ សព្វថ្ងៃ​អ្នក​រួមភេទ​ផ្ទុយគ្នា និងអ្នក​រួមភេទ​ដូចគ្នា​បានបង្ហាញ​មុខយ៉ាង​ច្បាស់ ប៉ុន្ដែ​អ្នកដែល​ចូលចិត្ដ​ទាំងពីរ ភេទ មិន​សូវជា​បង្ហាញ​មុខជា​ចំហឡើយ។

តាមការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថាដើម​កំណើត​មនុស្ស​ជាច្រើន​ចូលចិត្ដ​រួមភេទ​ទាំងពីរ​ភេទ ប្រមាណ​ពី៣០%​ទៅ៤០%​ឯ ណោះ។ ពេលចាប់​ពេញវ័យ ជាដំណាក់កាល​កំណត់។ ការ​ស្រឡាញ់​ទាំងពីរ​ភេទ ហាក់​ដូចជា​បាត់បង់​នូវភាព​ស្មោះត្រង់​រវាង​ដៃគូ។ ចំពោះ​ករណីប្អូន ប្អូន​ត្រូវ​សម្រេចចិត្ដ​ដោយ​ខ្លួនឯង​ថាទទួល​យកតែ​អត្ដសញ្ញាណ​ភេទណា​មួយ ប្អូន​មិនអាច​ស្ថិតនៅ​សភាព​បែបនេះ​ជារៀង​រហូតទេ។ មានតែ​ចិត្ដប្អូន​ទេ ដែលអាច​កំណត់​ទិសដៅ និង​ធ្វើខ្លួន​ជាបុរស ឬ​ជាស្ដ្រី។ ធម្មជាតិ​ពិបាក​កែប្រែ តែប្អូន​ត្រូវតែ​ខំជំនះ ទើប​ប្អូន​មាន​អនាគត និងគេច​ផុតពី​ផល​ប៉ះពាល់​ជាយថាហេតុ​ផ្សេងៗ ជាពិសេស​គឺការ​ឆ្លង​មេរោគអេដស៍ ដែល​សម្លាប់​មនុស្ស​ជារៀង រាល់ថ្ងៃ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative