ក្បួន​ថែរក្សា​គភ៌ (ត) ៖ ការ​ទទួលទាន​អាហារ

នៅក្នុង​សង្គមខ្មែរ តែងតែ​មានការ​ណែនាំ និង​បម្រាម​ជាច្រើន​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ ហើយ​ចាត់ទុក​ថាជា​ករណីពិ​សេស ខុសពី​មនុស្ស​ធម្មតា ដែលនៅ​ខ្លួន​ទទេ។ ជាអាទិ​មានការ​ហាម​មិនឱ្យ​ទទួលទាន​ចំណី​អាហារ​នេះ​ចំណី​អាហារ​នោះ។ សូម​លោកស្រី​អ្នកនាង​ដែលមាន​ផ្ទៃពោះ ជ្រើសរើស​ការ​ទទួលទាន​ចំណី​អាហារ​មាន​តុល្យភាព និង​ត្រឹមត្រូវ​គ្រប់មុខ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការឡើង​ទម្ងន់​ពេលមាន​ផ្ទៃពោះ​ត្រូវឡើង​ជាសន្សឹមៗ

ការឡើង​ទម្ងន់​របស់ស្ដ្រី​អាច​ប្រែប្រួល​កម្រិត​បរិមាណ​គីឡូ​ពីម្នាក់​ទៅម្នាក់។ នៅ​ត្រីមាសទី១ ស្ដ្រីឡើង​ទម្ងន់​យឺតតិចៗ ដោយសារ​ថាទារក​រីក​លូតលាស់​តិចតួច​តែ​ប៉ុណ្ណោះ។ ការឡើង​ទម្ងន់​គំហុក​ចាប់ពី​ខែទី៤​នៃគភ៌ មាន​ប្រមាណ​ជា៣,៥ខាំ​(៣៥០ក្រាម) ក្នុង​១សប្ដាហ៍។ សរុបមក​នៅប៉ុន្មាន​ខែដំបូង​នេះ មានឡើង​ទម្ងន់​តែ៤ទៅ​៥គីឡូក្រាម​តែប៉ុណ្ណោះ ដែល​ទម្ងន់លើសនេះ​អាចដល់​ទៅ១២​គីឡូក្រាម​នៅពេល​សម្រាល។ ក្នុង​ករណី​កូនភ្លោះ​ទម្ងន់អាច​លើសពី​ធម្មតានេះ​ដល់ទៅ​៣ឬ៤​គីឡូក្រាម​បន្ថែម​ទៀត។ ស្ដ្រីមាន​ផ្ទៃពោះ​អាចថ្លឹង​ទម្ងន់​ខ្លួនឯង​១ខែ​២ដង ទាំង​ករណី​ឡើងទម្ងន់​ឬស្រក​ទម្ងន់ ត្រូវ​ទៅជួប​ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព​ជាបន្ទាន់។

ការ​ទទួលទាន​សម្រាប់​មនុស្ស​ពីរនាក់ឬ?

នេះជាការ​លើកឡើង​របស់​មនុស្ស​ទូទៅ​ត្រូវ​ទទួលទាន​ជាទ្វេដង​សម្រាប់​ម្ដាយ​និង​សម្រាប់​កូន ដែល​ជាការ​យល់ខុស​ទាំងស្រុង។ ការពិត​មិនសំខាន់​ទៅលើ​បរិមាណ​នោះទេ តែសំខាន់​ទៅលើ​គុណភាព​ចំណី​អាហារ​ឯណោះ​វិញទេ។ ហេតុនេះ​សូមកុំ​ទទួលទាន លើស​ទ្វេដង ប៉ុន្ដែ​សូម​ទទួលទាន​ឱ្យបាន​ប្រសើរ​ជាងមុន​ទ្វេដង។ តើ​ហេតុអ្វី​ទៅ? សព៌ាង្គកាយ​ស្ដ្រី​មាន​ផ្ទៃពោះ​ត្រូវ​ទទួល​ថាមពល ដើម្បីការ​ប្រែប្រួល​របស់​ខ្លួន ជាពិសេស​ស្បូន និង​សុដន់។ ឈាម​របស់​ម្ដាយ​ផ្គត់ផ្គង់​ទៅឱ្យ​ទារក​នូវអ្វី​ដែលមាន​សារៈ​សំខាន់​សម្រាប់​គេ ដូចជា​ប្រូតេអ៊ីន​ឬជាតិសាច់ ជាតិ​កាល់ស្យូម ជាតិ​លីពីដ ឬ​ជាតិខ្លាញ់ ជាតិ​ស្ករ វីតាមីន និងជាតិ​រ៉ែខនិជ។ បើ​សុខភាព​របស់​ស្ដ្រីមាន​ផ្ទៃពោះ​ល្អ​ប្រសើរ ការ​សម្រាល​បុត្រ​ពិតជា​ដំណើរ​ការទៅបាន​យ៉ាង​ងាយស្រួល។ បន្ទាប់មក​ស្ដ្រីអាច​វិលមក​រកសភាព​សុខភាព​ល្អ និង​សម្រស់​ស្រស់ស្អាត​វិញ​នៅក្រោយពេល​សម្រាល​បុត្រ។

ក្នុង​ករណី​ស្ដ្រីដែល​មាន​ទម្ងន់​ធាត់ជ្រុល ស្គម​កំប្រឹង ឬ​មានជម្ងឺ​ទឹកនោម​ផ្អែម​ត្រូវជួប​គ្រូពេទ្យ​ឯកទេស​ខាង​ចំណី​អាហារ ដើម្បី​សម្រេចចិត្ដ​ថាត្រូវ​ទទួលទាន​បែបណា។ សូមកុំ​សម្រេចចិត្ដ​ទទួលទាន​តាម​របប​អាហារ​ណាមួយ​ដោយ​ខ្លួនឯង ឬគ្មាន​យោបល់ពី​គ្រូពេទ្យ​ឱ្យសោះ។ ព្រោះ​របប​អាហារ​សម្រក​ទម្ងន់​ភាគច្រើន​ប្រឆាំង​នឹងគភ៌។ ការ​ទទួលទាន​មិន​គ្រប់មុខ​អាចធ្វើឱ្យ​ទាំងម្ដាយ​ទាំងទារក​ខ្វះ​សារធាតុ​អាហារ​ទាំងនោះ។ ការ​បង្កើនការ​ទទួល​ទានសារធាតុ​ចិញ្ចឹម​ឬបំប៉ន​សំខាន់ៗ​សម្រាប់​ការ​រីកធំធាត់ និង​លូតលាស់ របស់​ទារក ទើប​ជាការ​ប្រសើរ។ សរុបមក​ស្ដ្រីមាន​ផ្ទៃពោះ​ត្រូវ​ទទួលទាន​អាហារ​ដែលមាន​សុវត្ថិភាព​ដល់​សុខភាព និង​សព្វមុខ។

អាហារ​ដែលត្រូវ​ទទួលទាន

មិនជាការ​លំបាក​នោះទេ ជាទូទៅ​ស្ទើរតែ​ត្រូវ​ទទួល​ទាំងអស់ គ្រាន់តែ​បន្ដិចៗ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

1 . ចំណី​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន

ជាទូទៅ​ប្រូតេអ៊ីន​មាន​នៅលើ​សាច់សត្វ ត្រី ស៊ុត និង​មាន់ទា*។ ពេលមាន​ផ្ទៃពោះ ស្ដ្រីត្រូវ​បង្កើន​ការ​ទទួលទាន​ប្រូតេអ៊ីន​នេះដល់​ទៅ២៥%​លើសពី​ធម្មតា។ ព្រោះថា​ប្រូតេអ៊ីន​មាន​តួនាទី​សំខាន់​នៅក្នុង​ការបង្ក​បង្កើតជា​លិកានានា។

2 . ចំណី​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម

ចំណី​អាហារ​ដែល​ផលិត​ពីសារធាតុ​ទឹកដោះ​គោ ដូចជា​ទឹកដោះគោ​ស្រស់ យ៉ាអ៊ួរ និង​ប្រូម៉ា គឺសម្បូរ​ជាតិកាល់ស្យូម​ច្រើន​ជាងគេ។ ពេលមាន​ផ្ទៃពោះ​តម្រូវការ​ជាតិ​កាល់ស្យូម​បាន​កើនឡើង​ទ្វេដង សម្រាប់​ការបង្ក​បង្កើត​ឆ្អឹង និង​ធ្មេញ​របស់​ទារក។ សារធាតុ​ទឹកដោះគោ​នេះត្រូវ​បាន​ទូន្មាន​ឱ្យ​ទទួលទាន​រៀងរាល់​ពេលបាយ គឺ​១ថ្ងៃ​ពី៣ទៅ​៤ដង។ ទឹកដោះគោ​ស្រស់​សុទ្ធ១​កែវ​ស្មើនឹង​យ៉ាអ៊ួរ ១កំប៉ុង​១២៥ក្រាម​(១,២៥​ខាំ) ឬស្មើ​នឹងប្រូម៉ា​(២០ក្រាម)។ តែជា​អកុសល​ណាស់​ចំណីអាហារ​ទាំងនោះ​មិនសូវ​សម្បូរ និង​ផលិត​បាននោះ​ទេនៅ​ប្រទេស​កម្ពុជា។ ទោះបី​ជាយ៉ាង​ណាក្ដី​បើអាច​ធ្វើបាន​គួរតែ​ទទួលទាន​ជាតិកាល់ស្យូម​ធម្មជាតិ។
3.  ចំណី​អាហារ​ដែលមាន​ជាតិខ្លាញ់

ការ​ទទួលទាន​ត្រឹមត្រូវ​គឺត្រូវ​មាន​លាយ​សារធាតុ​ខ្លាញ់ខ្លះ​ដែលត្រូវ​មានបន្ដិច​បន្ដួច មិនត្រូវ​អត់សោះ​នោះឡើយ ហើយ​ក៏មិនត្រូវ​ទទួលទាន​ច្រើន​ជ្រុល​នោះទេ។ ព្រោះថា​ជាតិខ្លាញ់​ដែលមាន​នៅក្នុង​ខ្លាញ់សត្វ និង​ប្រេងសត្វ​អាចជា​មូលហេតុ​ធ្វើឱ្យ​ឡើងគីឡូ ឬ​លើសទម្ងន់​បានដែរ។

4 . ចំណី​អាហារ​ដែល​សម្បូរ​ជាតិស្ករ

ជាតិស្ករ​ជាទូទៅ​មាន​នៅលើ​អង្ករ​ឬបាយ នំប៉័ង និង​គ្រាប់​ធញ្ញជាតិ​នានា។ ជាតិស្ករ​ជ្រាបយឺត​ដែលមកពី​ចំណី​អាហារ ទាំងនេះ​មានអត្ថ​ប្រយោជន៍​សម្រាប់​ទារក។ ទារក​ត្រូវការ​វាដើម្បី​ការ​លូតលាស់​បាន​ប្រក្រត្រី។ ជារួម​ជាតិស្ករ​ក្លុយស៊ីដ ជាសារ​ធាតុ សារវន្ដ​សម្រាប់​អាហារ​ចិញ្ចឹម​របស់​ទារក​ក្នុងផ្ទៃ។ ចំណី​អាហារ​ទាំងនេះ​អាច​ទទួលទាន​ក្នុង​បរិមាណ​ត្រឹមត្រូវ​ជារៀង​រាល់ថ្ងៃ មិន​បង្កការ​ឡើង​ទម្ងន់​នោះទេ។

5 . ចំណី​អាហារ​ដែល​សម្បូរ​ទៅដោយ​វីតាមីន និង​រ៉ែខនិជ

ជាទូទៅ​ចំណី​អាហារ​ទាំងនេះ​គឺសំដៅ​ទៅលើ​បន្លែ និង​ផ្លែឈើ​នានា។ លោកស្រី​អ្នកនាង​ត្រូវ​ទទួលទាន​ផ្លែឈើ និង​បន្លែជា​រៀងរាល់​ថ្ងៃ។ មានន័យ​ថាលោកស្រី​អ្នកនាង​ផ្ដល់​អំណោយ​ល្អមួយ​ដល់ទារក​ក្នុងផ្ទៃព្រោះ​ស្ដុក​វីតាមីន​នេះអាច​នៅសេសសល់​សម្រាប់​ជីវិត​គាត់​នៅប៉ុន្មាន​ឆ្នាំដំបូង។ ទម្លាប់ល្អ​មួយនេះ​អាចធ្វើ​ឱ្យប្រសើរ​ឡើងនូវ​ដំណើរ​ការ​របស់​ពោះវៀន និង​បញ្ចៀស​បាននូវ​ការទល់​លាមក​ទៀតផង។

នៅក្នុង​ចំណី​អាហារ​ទាំងនោះ​មាន​វីតាមីន និង​ជាតិរ៉ែខនិជ​ជាច្រើន ជាអាទិ​វីតាមីន​អា បេ សេ ដេ អឺ និង​កា​ជាដើម។ ប៉ុន្ដែ​សារធាតុ​វីតាមីន និងរ៉ែ​ខនិជ​ដែល​មិនអាច​ខ្វះបាន​សម្រាប់ស្ដ្រី​មាន​ផ្ទៃពោះ​គឺវីតាមីនដេ វីតាមីនបេ៩ រ៉ែខនិជ​កាល់ស្យូម​ជាតិដែក និងជាតិ​អ៊ីយ៉ូដ។
(សូម​បន្ដអាន​នៅលេខ​ក្រោយ)

អត្ថបទដោយ ៖ វេជ្ជបណ្ឌិត លី ចេងហ៊ុយ
ដកស្រង់ ៖សៀវភៅក្បួនថែរក្សាគភ៌ និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១

Google Analytics Alternative