ខោ​ទឹកនោម​បង្កជម្ងឺ​រលាក​ស្បែក

មាតាបិតា​មួយចំនួន​ហាក់បី​ដូចជា​មិនទាន់​យល់ច្បាស់​អំពីការ​ថែរក្សា​សុខភាព​កូនៗ​របស់​ខ្លួន ដែលបាន​កើតចេញ​ឡើង​ដោយសារ​ការ​កង្វះនូវ​អនាម័យ​ថែទាំ ឬ​សម្អាត​នៅពេល​ទារក​ស្ថិតក្រោម​អាយុ​២ឆ្នាំ។ ទារក​ឬកុមារ​មួយចំនួន​ដែល​រស់នៅ​ស្ថិតក្រោម ដំបូល​អ្នកមាន​ទ្រព្យ​សមរម្យ អាណា​ព្យាបាល​តែងតែ​ជ្រើសរើស​នូវវិធី​ងាយៗ​ក្នុងការ​ថែរក្សា ដោយ​មិនសូវ​ប្រើប្រាស់​ក្រណាត់​ទ្រនាប់​នោះទេ ភាគច្រើន​គឺ​ជ្រើសរើស​វិធី​ស្លៀកខោ​ទឹកនោម។ ព្រោះ​ងាយស្រួល​ដល់ការ​ផ្លាស់ប្ដូរ​នៅពេល​ដែល​ទារក​ទាំងនោះ​បញ្ចេញ​កាកសំណល់​មកខាង​ក្រៅ ហើយ​មិនបង្កភាព​រញ៉េ​រញ៉ៃ​ក្នុងការ​លាងជម្រះ​នោះ។ ប៉ុន្ដែ​កត្ដា​មួយចំនួន​មាតា​ដែល​ថែរក្សា​កូនៗ​របស់ខ្លួន ពេលខ្លះ​មិនបាន​ចាប់​អារម្មណ៍​ឱ្យបាន​ដិតដល់​ទៅលើ​វិធី​ប្រើប្រាស់​នោះទេ ធ្វើឱ្យ​មានជម្ងឺ​ផ្សេងៗ​ដែលបង្ក​ឡើង​ដោយសារ​ខោទឹកនោម​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជូនជ្រាប​អំពី​ផល​ប៉ះពាល់​ចំពោះ​បញ្ហា​កុមារ​មានជម្ងឺ​រលាក​ដោយសារ​ខោទឹកនោម ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​កិច្ចសម្ភាស​ផ្ទាល់​ជាមួយ​លោក​វេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេស​ជម្ងឺ​កុមារ​ទូទៅ​នៃមន្ទីរពេទ្យ​កុមារជាតិ ធ្វើការ​បកស្រាយ​ដូចតទៅ។

ជម្ងឺ​រលាកស្បែក​ដោយសារ​ខោទឹកនោម​ត្រង់​បរិវេណគូទ​កុមារ

ជម្ងឺ​រលាក​ដោយសារ​ខោ​ទឹកនោម​ភាគច្រើន​កើតឡើង​ញឹកញាប់​ជាងគេ​ទៅលើ​ទារក​ទើបកើត ឬ​ទារក​អាយុក្រោម​១ឆ្នាំ ហើយ​បណ្ដាល​ឱ្យស្បែក​ឡើង​ក្រហម​ឬមាន​កន្ទួល​តូចៗ សង្កៀរ​ស្បែក។ មិនតែ​ប៉ុណ្ណោះ​កុមារ​ធំក៏តែងតែ​ជួបនូវ​បញ្ហា​រលាក​ដោយសារ​ខោទឹកនោម ព្រោះ​កុមារ​ធំចូលចិត្ដ​គេងច្រើន ហើយ​មាតាបិតា​ដែល​ថែរក្សា​នោះមិនសូវ​ចាប់អារម្មណ៍​នោះទេ ព្រោះ​កុមារ​ទាំងនោះ មិនបាន​យំឬស្រែក។ ដូច្នេះ​ហើយ​កំណក​ទឹកនោម​ឬលាមក​ដែលមាន​នៅក្នុង​ខោទឹកនោម​នោះបាន​ជះឥទ្ធិពល​មិនល្អ បង្ក​ជាមេរោគ​ផ្សេងៗ បង្ក​ឱ្យមាន​បញ្ហា​រលាកស្បែក ហើយ​ជម្ងឺនេះ​គេហៅថា​ជម្ងឺ​រលាក​ស្បែក​ដោយសារ​ខោទឹកនោម​តែម្ដង។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺ​រលាកស្បែក​ដោយសារ​ខោទឹកនោម

មូលហេតុ​ដែលបង្ក​ឱ្យមាន​ជម្ងឺនេះ​គឺកើតឡើង​ដោយសារ ៖

  • ទឹកនោម​ដក់នៅនឹង​ខោ​រយៈពេល​យូរដោយ​មិនបាន​ធ្វើការ​ផ្លាស់ប្ដូ​ឱ្យបាន​ញឹកញាប់។
  • សាច់ខោ​មានសារជាតិ​គីមី នៅពេល​ដែល​សារជាតិ​គីមីនេះ​ប៉ះទៅនឹង​ទឹកនោម​ធ្វើឱ្យ​មានប្រតិកម្ម វានឹង​ងាយ​បណ្ដាល​ឱ្យស្បែក​កុមារ​ឆាប់រលាក។
  • សាប៊ូ​ដែលផ្សំ​ឡើង​ដោយសារ​ជាតិ​គីមីនេះ​ផងដែរ កាលណា​វាការ​ប៉ះទង្គិច​ជាមួយ​ខោទឹកនោមយូរៗ​ដោយ​មិនបាន​ធ្វើការ​ផ្លាស់ប្ដូរ​ឱ្យបាន​ញឹកញាប់​ក៏ធ្វើឱ្យ​ស្បែកឆាប់​រលាក​តែម្ដង។

រោគ​សញ្ញា​រលាកស្បែក​ដោយសារ​ខោទឹកនោម

រោគសញ្ញា​បានស្ដែង​ចេញឱ្យ​ឃើញថា ស្បែក​ក្រហម រលោង និង​សង្កៀរ​ប៉ះទៅ​ឈឺនៅត្រង់​បរិវេណគូទ​កុមារ។

វិធី​ព្យាបាល​ជម្ងឺ​រលាកស្បែក​ដោយសារ​ខោទឹកនោម

ដើម្បី​ព្យាបាល​ជម្ងឺ​រលាក​ដោយសារ​ខោទឹកនោម គឺត្រូវ​ជ្រើសរើស​ក្រេបប្រភេទ​ម្យ៉ាង​ដែលជា​ក្រេប​សម្រាប់​បន្ទន់​ស្បែក យកមក​លាប ឬ​បញ្ឈប់​នូវការ​ស្លៀកខោទឹកនោម​មួយ​រយៈ នោះវាអាច​ជាសះស្បើយ​ដោយ​ខ្លួនឯង​តែម្ដង។ ប៉ុន្ដែក្នុង​ករណីខ្លះ​ប្រសិន បើ​វិធី​ព្យាបាល​ខាងលើនេះ​មិនទទួលផល​ល្អនោះ​ទេ នៅតែ​មាន​ក្រហម​កន្ទួល​នៅលើ​ស្បែក​ត្រូវ​ប្រញាប់​យកកុមារ​ឬទារក​នោះទៅ​មន្ទីរពេទ្យ ព្រោះ​អាចមាន​ជម្ងឺ​សើស្បែក​ជាមិនខាន​ឡើយ។ ដោយ​ហេតុថា បញ្ហា​ស្បែកនេះ​ពេលខ្លះ​វាបង្កឡើង​ដោយសារ​មេរោគ ឬ​បញ្ហាផ្សិត​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ការពារ​ជម្ងឺ​រលាក​ស្បែក​ដោយសារ​ខោទឹកនោម

ដើម្បី​ការពារ​កុំឱ្យ​មាន​បញ្ហា​រលាក​ដោយសារខោទឹកនោម ៖

1 . ត្រូវ​ផ្លាស់ប្ដូរ​ខោទឹកនោម​ឱ្យបាន​ញឹកញាប់​ដែលអាច​ធ្វើទៅ​បាន។ ម្យ៉ាងទៀត​ត្រូវតែ​ផ្លាស់ចេញ​ភ្លាមៗ​ផងដែរ ប្រសិនបើ​យើង​មើលឃើញ​ថាវា​សើម។

2 . លាង​សម្អាត​ទារក ឬ​កុមារ​ដែល​ប្រើប្រាស់​ខោទឹកនោម​ជាមួយ​នឹង​ក្រណាត់​ស្ដើង​សស្អាត ដោយ​ជ្រលក់​នឹង​ទឹកក្ដៅ​ឧណ្ហៗ​យកទៅ​ជូតគូទ​ទារក​គ្រប់ពេល​ដែល​ទារក​បត់ជើង​តូចឬ​ធំ ព្រោះ​វាអាច​កាត់បន្ថយ​នូវការ​រលាក​ស្បែក​បាន​មួយចំនួន​ផងដែរ។

3 .  មិនត្រូវ​ស្លៀកពាក់​ខោ​ទឹកនោម​កុមារ​គ្រប់​ពេលវេលា​នោះទេ ត្រូវតែ​ជ្រើសរើស​ពេលវេលា​ណាដែល​សមគួរ ដើមី្ប​ឱ្យទារក​ឬកុមារ​នោះ​នៅខ្លួន​ទទេ​សម្រាប់​ឱ្យត្រូវ​ពន្លឺថ្ងៃ​ទទួល​ខ្យល់ធម្មជាតិ ព្រោះវា​អាចជួយ​ឱ្យស្បែក​កុមារ​ចៀស​ផុតពី​មាន​ជម្ងឺ​លើស្បែក​ផងដែរ។

4 . ត្រូវ​ចៀសវាង​ការ​ប្រើប្រាស់​សម្លៀក​បំពាក់​មាន​ជាតិប្លាស្ទិក ព្រោះ​វាអាច​ធ្វើឱ្យ​រលាក​ស្បែក ឬ​ទទឹកស្បែក​ឈានដល់​ជម្ងឺផ្សេងៗ​ចំពោះ​ស្បែក​កុមារ។

5 . ត្រូវបោក​សម្លៀក​បំពាក់​ក្មេងឱ្យ​ស្អាត ហើយ​សម្លៀក​បំពាក់​ដែលបោក​ជាមួយ​សាប៊ូ​ត្រូវលាង​ទឹកឱ្យអស់​ជាតិសាប៊ូ។

6 . ក្រោយពេល​ដែល​ប្រើប្រាស់​វិធី​ការពារ​ខាងលើ​នេះមិនបាន​ផល កុមារ​ឬទារក​នៅតែ​ទទួលបាន​នូវការ​រលាក​ស្បែក ត្រង់​បរិវេណ​គូទ នោះគឺ​ត្រូវទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ដើម្បី​រកថ្នាំ​ដើម្បី​យកមក​ព្យាបាល។

7 . ត្រូវចេះ​ជ្រើសរើស​យកខោ​ទឹកនោម​ណាដែល​មាន​គុណភាព​ល្អ ព្រោះវា​អាច​កាត់បន្ថយ​នូវការ​រលាក​បាន។

ផល​ប៉ះពាល់​នៃជម្ងឺ​រលាក​ស្បែក​ដោយសារ​ខោទឹកនោម

ប្រសិនបើ​កុមារ​ឬទារក​ដែលមាន​អាការ​រលាក​ស្បែក​ដោយសារ​ខោទឹក​នោម ព្យាបាល​មិន​ទទួលបាន​នូវ​លទ្ធផល​ល្អ​ទេនោះ វាអាច​ទៅជា​ជម្ងឺ​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឱ្យមាន​ដំបៅ​រីកធំ​ទៅៗ ហើយ​ទារកឬ​កុមារ​អាច​វិវឌ្ឍន៍​ទៅរក​ភាព​គ្រោះថ្នាក់​ផងដែរ។

ដំបូន្មាន​អ្នក​ជំនាញ

ឪពុកម្ដាយ​គ្រប់រូប​អ្វីដែល​ត្រូវធ្វើ​គឺធ្វើ​យ៉ាងណា​ត្រូវថែរក្សា​ស្បែកកូន​ឱ្យស្ងួត ឱ្យ​ស្អាត ឱ្យបាន​ញឹកញាប់ និង​ឧស្សាហ៍​យកក្រណាត់​ជ្រលក់​ទឹកក្ដៅឧណ្ហៗ​យកមក​ជូតត្រង់​បរិវេណ​គូទ ឬ​កន្លៀត​ផ្សេងៗ​របស់​ទារក​ឬកុមារ​ឱ្យបាន​ត្រឹមត្រូវ។ បន្ទាប់មក​ត្រូវឱ្យ​កុមារ​ឬទារក​នៅខ្លួន​ទទេ​ដោយ​ប្រើរយៈពេល​មួយ​សមស្រប ដើម្បី​ឱ្យមាន​ខ្យល់​បរិសុទ្ធ​ចេញចូល។ លើសពីនេះ​ត្រូវចេះ​បោស​សម្អាត កម្រាល​ក្រាលខ្នង​ទារក​ឱ្យបាន​ល្អស្អាត​ដើម្បី​ការពារ​មេរោគ​ផ្សេងៗ ព្រោះបញ្ហា​នេះក៏​អាច​ជំរុញឱ្យ​ស្បែកទារក​មានជម្ងឺ​បានដែរ ប្រសិនបើ​មិនយកចិត្ដ​ទុកដាក់​ទេនោះ។ ម្យ៉ាងទៀត​មាតាបិតា​ក៏អាច​ស្វែងរក​ថ្នាំ​ការពារ​ជម្ងឺ​សើស្បែក​នៅតាម​ឱសថស្ថាន​នានា ដើម្បីការពារ ស្បែកកូន​លោកអ្នក​កុំឱ្យ​មានជម្ងឺ​កន្ទួល​រមាស់​លើស្បែក​ទារក ឬ​កុមារ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១

Google Analytics Alternative