ជម្ងឺ​មហារីក​ត្រចៀក

ជាការ​ពិតណាស់​ជម្ងឺ​មហារីក​ជាជម្ងឺ​មួយដែល​ប្រជាពលរដ្ឋ​ទូទៅ​កំពុងតែ​មានការ​ប្រុងប្រយ័ត្ន ជាពិសេល​គឺជម្ងឺ​មហារីក​ត្រចៀក។ ដើម្បី​កុំឱ្យ​បញ្ហានេះ​កើតមាន​ឡើង​ចំពោះ​លោកអ្នក លោកអ្នក​ត្រូវតែ​ការពារ​នៅពេល​ដែល​លោកអ្នក​ងូតទឹក ចៀសវាង​កុំឱ្យ​មាន​ទឹកនៅ​ក្នុងត្រចៀក​ដែល​បណ្ដាល​ឱ្យកើត​មហារីក​នេះបាន ហើយ​នៅពេល​ដែលមាន​ដំបៅ​នៅលើ​ត្រចៀក​ត្រូវ​ព្យាបាល​​ឱ្យបាន​ទាន់ពេល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ជំនាញ​ឯកទេស​នៅមន្ទីរពេទ្យ​ព្រះអង្គឌួង បកស្រាយ​អំពីជម្ងឺ​មហារីក​ត្រចៀក។

អ្វីទៅជា​ជម្ងឺ​មហារីក​ត្រចៀក?

ជម្ងឺ​មហារីក​ត្រចៀក​កើតឡើង​ដោយសារ​ដំបៅ​រ៉ាំរ៉ៃ​នៅលើ​ត្រចៀក និង​កើតឡើង​ពីជម្ងឺ​មហារីក​ត្រចៀក។ ជម្ងឺ​មហារីក មានច្រើន​ប្រភេទ ប៉ុន្ដែ​មានជម្ងឺ​មហារីក​បីសំខាន់ ដែល​កើតមាន​នៅលើ​ត្រចៀក។ ត្រចៀក​បាន​បែងចែក​ជា៣​ផ្នែកគឺ ៖

  • ត្រចៀក​ក្រៅ គិតចាប់​ពីស្លឹក​ត្រចៀក​រហូតដល់​ក្រដាស​ត្រចៀក
  • ត្រចៀក​កណ្ដាល គិត​ចាប់ពី​ក្រដាស​ត្រចៀក​ទៅ ហើយ​មាន​ឆ្អឹងម៉ាក់​សូអ៊ីត បំពង់​ត្រចៀក រន្ធ​ត្រចៀក
  • ត្រចៀក​ក្នុង វាជា​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​ត្រចៀក។

ជម្ងឺ​មហារីក​វាអាច​កើតឡើង​នៅត្រចៀក​ក្រៅ ត្រចៀក​កណ្ដាល និង​ត្រចៀក​ក្នុង វាមិន​ទៀង​នោះទេ។

មូលហេតុ​ដែលបង្ក​ឱ្យមាន​ជម្ងឺ​មហារីក​ត្រចៀក

មូលហេតុ​ដែល​បង្កឱ្យ​មានជម្ងឺ​មហារីក​គេពុំទាន់​រកឃើញ​ច្បាស់លាស់​នោះទេ ប៉ុន្ដែ​គេអាច​សង្កេត​បានដែរ​ថា ការបង្ក​ឱ្យមាន​ជម្ងឺ​មហារីក​ត្រចៀក​បណ្ដាល​មកពី​ការដែល​យើងដើរត្រូវ​ពន្លឺថ្ងៃ និង​ជម្ងឺ​រលាក​ត្រចៀក​រ៉ាំរ៉ៃ។ កាលណា​ទុកឱ្យ​ហូរអំបៅ​អំបែក យូរៗ​ទៅមិនបាន​ព្យាបាល​ទាន់​ពេលវេលា អាច​បង្កឱ្យ​ទៅជាជម្ងឺ​មហារីក​ត្រចៀក​ដែរ។

រោគសញ្ញា​ជម្ងឺ​មហារីក​ត្រចៀក

រោគ​សញ្ញា​ជម្ងឺ​មហារីក​ត្រចៀក​មាន​ដូចជា

  • មាន​ដំបៅ​ត្រចៀក​ខាងក្នុង និង​ខាងក្រៅ
  • ស្ដាប់​មិនឮ
  • កូនកណ្ដុរ​នៅកឡើង​រឹង តែអត់​ឈឺ
  • រីកមុខ​រីកមាត់
  • ការ​ឈឺចាប់​នៅត្រចៀក។

ផល​ប៉ះពាល់​នៃជម្ងឺ​មហារីក​ត្រចៀក

ជម្ងឺ​មហារីក​ត្រចៀក​មានផល​ប៉ះពាល់់​ដល់​អាយុជីវិត​របស់​មនុស្ស​ទូទៅ​មិនថា​បុរស​និង​ស្ដ្រីទេ។ ពេលមាន​ជម្ងឺ​រលាក​ត្រចៀក ប្រសិនបើ​យើង​មិនបាន​ព្យាបាល​ឱ្យបាន​ទាន់​ពេលវេលា មេរោគ​នោះនឹង​បង្កឱ្យ​មាន​គ្រោះ​ថ្នាក់ភ្លាមៗ និង​យូរអង្វែង​រ៉ាំរ៉ៃ។ មហារីក​ត្រចៀក​រយៈពេល​យូរអាច​មានការ​ប៉ះពាល់​ដល់ភ្នែក។

វិធី​ព្យាបាល​ជម្ងឺ​មហារីក​ត្រចៀក

វិធី​ព្យាបាល​ដែល​ត្រឹមត្រូវ គឺការ​វះកាត់ និង​បញ្ចាំង​កាំរស្មី។ ការ​ព្យាបាល​ដែល​ប្រសើរ​ជាងគេគឺការ​វះកាត់ ហើយ​មុនធ្វើការ​វះកាត់​គេត្រូវ​ពិនិត្យ​រកមេរោគ​មហារីក​ត្រចៀក តើវា​រាលដាល​ដល់ណា ដើម្បី​ធ្វើការ​វះកាត់​បាន​ត្រឹមត្រូវ។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​ត្រចៀក ទោះបីជា​ជម្ងឺ​ប្រភេទ​ណានោះទេ ដូចជា​អំបៅ​អំបែក និងមាន​ឡើងកូន​កណ្ដុរ នៅត្រ​ង់ក ត្រូវទៅ​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ខាង​មហារីក​ត្រចៀក ហើយ​ទទួលការ​ព្យាបាល​ឱ្យបាន​ទាន់​ពេលវេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១

Google Analytics Alternative