វិធី​សម្រក​ទម្ងន់

ខ្ញុំបាទ​មានចម្ងល់​អំពីការ​បញ្ចុះ​ទម្ងន់។ ខ្ញុំបាទ​អាយុ​២៩ឆ្នាំ មានកម្ពស់​១,៦០​ម៉ែត្រ និង​ទម្ងន់​៧៥​គីឡូក្រាម។ គេនាំគ្នា​ប្រាប់ ខ្ញុំបាទ​ថាខ្ញុំធាត់​ជ្រុល​ហើយ។ ដើម្បី​សម្រក ខ្ញុំបាទ​បាន​សាកល្បង​វិធី​ហាត់ប្រាណ​ផ្លូវកាយ​មួយចំនួន ដូចជារត់​នៅពេល​ព្រឹកព្រលឹម ជិះកង់ ឬ​លេងតែ​ន្នីស។ ងាកមក​មើល​ខ្លួនប្រាណ​ខ្ញុំបាទ ដូចជា​គ្មានអ្វី​ខុសពី​មុនគួរ​ឱ្យកត់​សម្គាល់​ទេ។ ដូច្នេះ តើមាន​ចំណុច​ពិសេស​ណាខ្លះ ដែរ​ឬទេ ដើម្បីឱ្យ​ស្រកសាច់? ខ្ញុំ​ចង់បាន​យោបល់​ផ្ទាល់​របស់​លោកវេជ្ជបណ្ឌិត គ្រាន់ជា​ការ​ណែនាំ​ដែលត្រូវ​ធ្វើ។ ខ្ញុំបាទ​សូម​អរគុណ​ជាមុន ចំពោះ​យោបល់ និងការ​ណែនាំ​របស់លោក​វេជ្ជបណ្ឌិត។
លោក ច.ច.រ អាយុ២៩ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើង ៖ តាម​មើល៍ ប្រហែលជា​ប្អូនធ្លាប់​មើល​កិច្ចសម្ភាសន៍​របស់​លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ នៅក្នុង​កម្មវិធី​សម្រស់ស្ដ្រី របស់​បណ្ដាញ​ទូរទស្សន៍​កម្ពុជា ស៊ីធីអ៊ិន និង​កម្មវិធី​នារី​សម័យថ្មី របស់​ទូរទស្សន៍​ប៉ុស្ដិ៍លេខ៣​ហើយមើល៍​ទៅ។ បើ​ប្អូន​ចង់ដឹង​ថាខ្លួន​មានទម្ងន់​ត្រឹមត្រូវ ឬ​ធាត់ ប្អូន​អាចធ្វើការ​គណនា​តាមវិធី​គណនា​កម្រិត​ម៉ាសខ្លួន​នៅក្នុង​សៀវភៅ“១០នាទី ដើម្បី​សម្រស់​រាងកាយ” ដែល និពន្ធ​ដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ។ ប្អូនប្រុស​អាចដឹង​ថាប្អូនប្រុស​មានទម្ងន់​បែបណា​ហើយ។ បើតាម​ការ​រៀបរាប់​របស់​ប្អូនប្រុស ហើយ​គណនារ​កកម្រិត​ម៉ាសខ្លួន​ប្អូនប្រុស​មានកម្រិត​ម៉ាសខ្លួន​២៩,៣ ស្ថិត​នៅត្រង់​ជួរលើស​ទម្ងន់។ ដូច្នេះ​ទម្ងន់ខ្លួន​របស់ប្អូន​នៅអាច​កែប្រែ​បាន ព្រោះ​ប្អូន​មិនទាន់​ធាត់ជ្រុល​នោះទេ។

ប្អូនប្រុស​យកចិត្ដ​ទុកដាក់​ជាខ្លាំង​ទៅលើការ​ហាត់ប្រាណ និង​លេងកីឡា តែប្អូន​មិនបាន​រៀបរាប់​អំពីការ​ទទួលទាន​សោះ។ ធាត់អាច​បណ្ដាល​មកពី​មូលហេតុ​ជាច្រើន ដូចជាការ​ទទួលទាន​ច្រើនជ្រុល ពូជ​ធាត់ ជាតិ​អ័រម៉ូន ការ​ប្រើប្រាស់​ឱសថ​ជាដើម។ ប្អូន​អាច សម្រក​បាន​ជោគជ័យ ដរាបណា​លុបបំបាត់​មូលហេតុ​បង្កធាត់​ជាមុនសិន។ បន្ទាប់មក​ប្អូនត្រូវ​ទទួលទាន​ឱ្យបាន​ត្រឹមត្រូវ និង​ហាត់ប្រាណ​ជាប្រចាំ។ ត្រូវ​លៃលក​ចំណូល ត្រូវឱ្យ​តិចជាង​ចំណាយ។ បើត្រួត​ពិនិត្យ​មូលហេតុ​ទាំងនេះ និង​អនុវត្ដបាន​ត្រឹមត្រូវ​ហើយ​នៅធាត់ទៀត នោះ​ប្អូនប្រុស​ត្រូវទៅជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​រកវិធី​សម្រក​ទម្ងន់ផ្សេងៗ​ទៀត ដូចជាការ​ប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative