ថ្នាំផ្សះ និង​រដូវ​មិនទៀង

នាងខ្ញុំ​មានអាយុ​២២ឆ្នាំ រៀបការ​បាន១ឆ្នាំ​ហើយ តែពេល​នេះខ្ញុំ​មិនទាន់​មានកូន​នៅឡើយ​ទេ។ នាងខ្ញុំ​មិនប្រើ​ថ្នាំពន្យា​កំណើតទេ។ នាងខ្ញុំ​ទើបតែ​ដកថ្គាម​ទល់រួច គ្រូពេទ្យ​បានឱ្យ​ខ្ញុំលេបថ្នាំ​អាម៉ុកស៊ីលីន​(ថ្នាំផ្សះ) នាងខ្ញុំ​បាត់រដូវ​១៤​ថ្ងៃ់ហើយ។ តើ​ថ្នាំផ្សះ​អាចរំ​ខាន​រដូវ​របស់​នាងខ្ញុំ ឬក៏​នាងខ្ញុំ​មាន​ផ្ទៃពោះ?
អ្នកនាង វ.ណ.ស អាយុ​២២ឆ្នាំ ខេត្ដកណ្ដាល

វេជ្ជបណ្ឌិត​យើង ៖ ជម្រាបសួរ​ប្អូនស្រី! រហូតមក​ដល់ពេល​នេះ មិនទាន់​មានការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​លេប ឬ​ប្រើប្រាស់​ថ្នាំ​អង់ទីប៊ី យ៉ូទិច​(ថ្នាំផ្សះ) ជះឥទ្ធិពល​ទៅដល់​ការមក​រដូវ ឬ​ពន្យារ​ពេលមក​រដូវ​នោះទេ។ ដោយសារ​អ្នកនាង​មិនទាន់​មាន​ប្រើវិធី​ពន្យាកំណើត​ ការតាំង​គភ៌​អាចជា​ហេតុផល​នៃការ​យឺតយ៉ាវ​ក្នុងការ​មកឈាម​រដូវនេះ។ ម្យ៉ាងទៀត​អាច​ដោយសារ​ហេតុផល​ផ្សេងទៀត ដូចជា​វិបត្ដិ​ ជាតិអ័រម៉ូន ឬ​វដ្ដរដូវ​ដែលគ្មាន​ការធ្លាក់​មេជិវិត​ជាដើម។

វេជ្ជបណ្ឌិតយើង​សូម​បញ្ជាក់​ប្អូនស្រី​ថា បើចង់​ដឹងច្បាស់​សូមធ្វើ​តេស្ដ​ទឹកនោម​រកការ​តាំងគភ៌ ពីព្រោះ​ថាការ​យឺតយ៉ាវ​នៃការ មក​រដូវ​ដល់ទៅ​១៤ថ្ងៃ អាច​ជាករណី​មានគភ៌​បានដែរ។ ជាទូទៅ​ការ​ខកខាន ឬ​យឺតយ៉ាវ​ក្រមក​រដូវ​ពី៤ ទៅ​៧ថ្ងៃ អាច​ចាប់ផ្ដើម​ធ្វើ តេស្ដ និង​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​រោគស្ដ្រី ដើម្បី​រកឱ្យ​ឃើញនូវ​ហេតុផល​នៃការ​ក្រមក​រដូវ​នេះ និង​ដើម្បី​ទប់ស្កាត់​បញ្ហាផ្សេងៗ​ទាន់​ពេលវេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative