ជម្ងឺ​តេតាណូស

ខ្ញុំបាទ​សូមសួរ​លោក​វេជ្ជបណ្ឌិត​ថាជម្ងឺ​តេតាណូស ជាជម្ងឺ​ឆ្លងឬ​ទេ? អាច​ពិនិត្យ​ឈាម​មើលឃើញ​ឬទេ? តើ​មាន​វ៉ាក់សាំង អាចចាក់​ការពារ​បានដែរ​ឬទេ?
លោក ជ.ស.ព អាយុ​២៤ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើង ៖ សំណួរ​របស់​ប្អូនប្រុស​រាងវែង​បន្ដិច តែ​វេជ្ជបណ្ឌិតយើង​នឹង​ព្យាយាម​ឆ្លើយ​ឱ្យបាន​គ្រប់ន័យ។ ជម្ងឺ​តេតាណូស​បង្ក ឡើង​ដោយ​មេរោគ​ឈ្មោះ​ក្លូសឌីញ៉ូម​តេតានី ដែលឆ្លង​ចូលទៅ​ក្នុងខ្លួន​មនុស្ស​តាមរយៈ​ការមុត ឬ​ប៉ះពាល់​ឧបករណ៍​ច្រេះ ឬ​មិនមាន អនាម័យ​ជាដើម ជាពិសេស​តាមរយៈ​កន្ដ្រៃ ឡាម ឬ​កាំបិត។ មេរោគនេះ​ពិតជា​អាចមាន​វត្ដមាន​នៅក្នុង​ឈាម ដែលយើង​អាច​វិភាគ ឃើញ​ដោយ​បច្ចេកទេស​ផ្សេងៗ ព្រោះ​ថាមេរោគ​ចូលទៅ​ក្នុងខ្លួន​តាម​សរសៃ​ឈាម បន្ទាប់មក​ចូលទៅ​ក្នុង​ខួរក្បាល។ តែ​គ្រូពេទ្យ​ព្យា បាល​អាចធ្វើ​រោគវិនិច្ឆ័យ​ជម្ងឺនេះ​បានយ៉ាង​ងាយ។ អ្នកជម្ងឺ​មានអាការ​កន្ដ្រាក់​សាច់ដុំ​ដៃជើង សាច់ដុំ​មុខសាច់​ដុំមាត់ កន្ដ្រាក់​ឡើង​រឹងក ឆ្អឹង​ខ្នងឡើង​កោងដូច​ឥន្ធនូ ខ្លាច​ពន្លឺ ឬ​សម្លេង​ជាដើម។

ជម្ងឺ​តេតាណូស​ពិតជាអាច​ការពារ ឬ​បង្ការ​បាន​តាមរយៈ​ការ​ចាក់ថ្នាំ​បង្ការ​ជាមួយ​នឹង​ប្រក្រតីទិន​ចាក់ថ្នាំ​បង្ការ​ត្រឹមត្រូវ។ តាមរយៈ​កម្មវិធី​ជាតិចាក់​ថ្នាំបង្ការ កុមារខ្មែរ​ស្ទើរ​គ្រប់រូប​សុទ្ធតែ​បានចាក់​ថ្នាំបង្ការ​ជម្ងឺ​តេតាណូស។ សម្រាប់​មនុស្ស​ពេញវ័យ ឬ​មនុស្សចាស់​ក៏អាច​ចាក់ថ្នាំ​ការពារ​តេតាណូស​នេះបាន​ដែរ។ ចំពោះ​ជម្ងឺ​តេតាណូស​នេះ សូម​ការពារ​ប្រសើរ​ជាងការ​ព្យាបាល ពីព្រោះ​ថាលទ្ធផល​ក្នុងការ​ព្យាបាល​ពិបាក​ក្នុងការ​ទាយទុក​ណាស់ សង្ឃឹម​ក៏មាន​តិចតួច​ដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative