លោក​ជំទាវ​កិត្ដិ​ព្រឹទ្ធបណ្ឌិត​សូមឱ្យ​អូស្ដ្រាលី​ជួយពី​បញ្ហា​ជម្ងឺ​មហារីក​មាត់ស្បូន

ជម្ងឺ​មហារីក​មាត់ស្បូន​គឺជាជម្ងឺ​មួយ​ដ៏កាច​សាហាវ ហើយ​លោកអ្នក​គិតថា​វាមិនអាច​ព្យាបាល​ជាបាន​ទេ។ បច្ចុប្បន្ន​នេះ ជម្ងឺ​មហារីក​មាត់ស្បូន​គឺជា​ជម្ងឺ​មួយ​ដែល​តាមយាយី​ជីវិតម​នុស្ស ជាពិសេស​ទៅលើ​ស្ដ្រី ហើយ​ក៏អាច​កើតមាន​លើនារី​វ័យក្មេង​ផងដែរ។ ប៉ុន្ដែ​ជម្ងឺនេះ​អាចបង្ការ​បាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​បានមាន​ប្រសាសន៍​ថា ប្រទេសកម្ពុជា​មិនទាន់​មានការ​ស្រាវជ្រាវ​លើបញ្ហា​ជម្ងឺ​មហារីក​មាត់ស្បូន​នៅឡើយ​ទេ ប៉ុន្ដែ​មានការ​ចាក់វ៉ាក់​សាំង​ការពារ​ជម្ងឺនេះ​ទៅលើ​ស្ដ្រី​ចំនួន​ពីរពាន់នាក់​រួចមក​ហើយ និង​លើកទី២​ចំនួន​ប្រាំបីពាន់នាក់​ដោយ​មិនទាន់​បានបញ្ចប់​នៅឡើយ​ទេ និងមាន​ដំណាក់​កាលលើក​ទី៣​ទៀត។ ជាទម្លាប់ ស្ដ្រី​កម្ពុជា​មានការ​អៀនខ្មាស​ច្រើន មិនងាយ​ចូលខ្លួន​ទៅពិនិត្យ​ស្បូន​ដោយ​ងាយៗ​ទេ។

លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានមាន​ប្រសាសន៍​បែបនេះ​ជម្រាប​ជូន​លោក​សាស្ដ្រចារ្យ អៀន ហ្វ្រេហ្ស័រ នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជម្ងឺ​មហារីក និង​ភាព​ស៊ាំ​នៃសាកល​វិទ្យាល័យ​ឃ្វីនឡេន ប្រទេស​អូស្ដ្រាលី ដែលបាន​ចូលជួប​ពិភាក្សា និង​សម្ដែង​ការគួរ​សម​នឹងលោក​ជំទាវ​កាលពី​ថ្ងៃទី៥ ឧសភា នៅទី​ស្នាក់ការ​កណ្ដាល​កាកបាទ​ក្រហម​កម្ពុជា។ លោក អៀន ហ្វ្រេហ្ស័រ បាន​ជម្រាប​ជូនលោក​ជំទាវថា ជម្ងឺ​មហារីក​មាត់ស្បូន​គ្មាន​នរណាដឹ​ងមុន​ទេ លុះត្រា​តែអ្នក​ជម្ងឺមាន​សភាព​ធ្ងន់ធ្ងរ​ទើបគេ​ដឹង។ នៅ​ប្រទេស​អូស្ដ្រាលី​ក៏មាន​យន្ដការ​ទប់ស្កាត់​ជម្ងឺនេះ​ខ្លាំងក្លា​ដែរ រីឯ​នៅ​ប្រទេស​កម្ពុជា​គួរតែ​មានការ​ពិភាក្សា និង​អប់រំ​ឱ្យបាន​ខ្លាំងក្លា ចំពោះ​ស្ដ្រី​ដែលមិន​ទាន់បាន​រៀបការ និង​ស្ដ្រីដែល​សម្រាលកូន​ហើយ។ បញ្ហា​អៀនខ្មាស​មិនមែន​តែនៅ​ប្រទេស​កម្ពុជាទេ គឺមាន​ប្រទេស​ជាច្រើន​ទៀត តែ​បញ្ហានេះ​គេអាច​បញ្ចៀស​បាន​តាមរយៈ​ការ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យុមាន​ការ​យល់ដឹង។

លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បាន​ស្នើសុំ​ទៅលោក​សាស្ដ្រចារ្យ និង​លោកជំទាវ​ផេនីរីឆាដស៏ ឯកអគ្គរាជ​ទូតអូស្ដ្រាលី សូម​ឱ្យមាន​ការ​ស្រាវជ្រាវ​ជម្ងឺ​មហារីក​មាត់ស្បូន​នៅក្នុង​ប្រទេស​កម្ពុជា និង​សូមឱ្យ​មានវ៉ាក់សាំង​ការពារ​ជម្ងឺ​មហារីក​មាត់ស្បូន​រួមទាំង មានការ​បណ្ដុះ​បណ្ដាល​ដល់អ្នក​ឯកទេស​នៅកម្ពុជា​ផងដែរ។ លោក​សាស្ដ្រចារ្យ​បានថ្លែង​ថា គេអាច​ធ្វើតេស្ដ​រកជម្ងឺមហារីកមាត់​ស្បូន​បានដែល​មានតម្លៃ​ថោកជាង​មួយ​ដុល្លារ​អាមេរិក ហើយ​មិនត្រូវ​ការ​ឧបករណ៍​ពិសេស​អ្វីឡើយ និង​អាចដឹង​លទ្ធផល​ក្នុង​រយៈពេល ២៤​ម៉ោង ថាតើ​ស្ដ្រីនោះ​កើតជម្ងឺ​មហារីក​មាត់ស្បូន​ឬអត់។

បន្ទាប់​ពីបាន​ជួប​ពិភាក្សា​ជាមួយ​លោក​សាស្ដ្រចារ្យ អៀន ហ្វ្រេហ្ស័រ លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានបន្ដ​ជួប​ជាមួយ លោកស្រី លីណា កាម៉ា រេណេន តំណាង​សហព័ន្ធ​កាកបាទ​ក្រហម​កម្ពុជា​អន្ដរជាតិ​ប្រចាំ​នៅកម្ពុជា និង​ប្រទេស​ឡាវ នៅក្នុង​កិច្ចពិភាក្សា​នោះ លោកស្រី លីណា កាម៉ា រេណេន បាន​កោតសរសើរ​ចំពោះ​ភាពរីក​ចម្រើន​យ៉ាងខ្លាំង​របស់​កាកបាទ​ក្រហម​កម្ពុជា ក្រោម​ការ​ដឹងនាំ​របស់​លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ហើយ​លោកស្រី​នឹងយក​ភាពរីក​ចម្រើន​របស់​កាកបាន​ក្រហម​កម្ពុជា​ធ្វើជាគំរូ​ដើម្បី​ផ្សព្វផ្សាយ​ដល់​កាកបាទ​ក្រហម​ប្រទេស​ដទៃទៀត។

លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បាន​ជម្រាបជូន​ភ្ញៀវថា កាកបាទ​ក្រហម​កម្ពុជា​បច្ចុប្បន្ន​មាន​បណ្ដាញ​ទាំងថ្នាក់ក​ណ្ដាល រហូតដល់​សហគមន៍ និងបាន​ទទួល​ជោគជ័យ​ក្នុងការ​ស្វែងរក​មូលនិធិ​ដែលកាល​ពីឆ្នាំ​២០១០​ទទួលបាន​ថវិកា៧.៥លាន​ដុល្លារ និង​ឆ្នាំ២០១១​ទទួលបាន​ថវិកា​៩លាន៥ម៉ឺន​ដុល្លារ។ បច្ចុប្បន្ននេះ​កាកបាទ​ក្រហម​កម្ពុជា​បាននឹង​កំពុង​ជួយដល់​ជនភៀសសឹក​នៅក្នុង​ប្រទេស ដែល​រងគ្រោះ​ដោយ​កងទ័ព​សៀម​បាញ់ចូល​ទឹកដី​កម្ពុជា ដោយបាន​ចំណាយ​ថវិកា​អស់​៣៣ម៉ឺន​ដុល្លារ​រួចហើយ ដើម្បី​ផ្ដល់​ស្បៀង អាហារ​ដល់​ពួកគេ និងជួយ​សាងសង់​ជួសជុល​ផ្ទះ​ប្រជាជន​ដែល​ខូចខាត​ដោយសារ​គ្រាប់ផ្លោង​ទៀត ដែល​សរុប​ដល់ការ​ជួយលើ​បញ្ហាស្បៀង​ផងនោះ មានតម្លៃ​ប្រហែល​៥សែនដុល្លារ​អាមេរិក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១

Google Analytics Alternative