ថ្នាំ​បំបាត់រោម

នាងខ្ញុំ​មានរោម​ច្រើន​នៅលើ​ដងខ្លួន និង​ដៃជើង។ នៅតាម​ហាង​កែសម្ផស្ស​មានដាក់​លក់ថ្នាំ​បំបាត់​រោម តើ​ប្រើអាច​មាន​ប្រសិទ្ធភាព​ឬទេ? សូមលោក​វេជ្ជបណ្ឌិត​ជួយផ្ដល់​ចម្លើយ​ដោយ​អនុគ្រោះផ​ង។
អ្នកនាង រ.ណ អាយុ​២៦ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើង ៖ សព្វថ្ងៃ​នេះ មានហាង​កែសម្ផស្ស​ជាច្រើន​បានបើក​ទ្វារបម្រើ​អតិថិជន ហើយ​ថែមទាំង​បានធ្វើការ​ផ្សព្វផ្សាយ​គួរជាទី​ទាក់ទាញ​ទៀតផង។ ផលិតផល​គ្រប់បែប​គ្រប់យ៉ាង​បាន​ហូរចូល​មកក្នុង​ប្រទេស​កម្ពុជា ទាំងមាន​គុណភាព​ល្អ​ទទួលការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ ទាំង​ក្លែងក្លាយ ជាហេតុ​នាំឱ្យ​មានការ​លំបាក​ជាច្រើន​ចំពោះ​អ្នក​ប្រើប្រាស់។ ងាកមក​សំណួរ​ប្អូនស្រី វេជ្ជបណ្ឌិត​យើង​ពិបាកឆ្លើយ​ឱ្យចំ​បន្ដិច ដោយសារ​មិនដឹង​ថាជា​ហាងណា មាន​អ្នកជំនាញ​រូបណា​ជាអ្នកផ្ដល់​ប្រឹក្សា ហើយ​និង​ប្រើប្រាស់​ផលិតផល​អ្វី​សម្រាប់ដក ឬ បំបាត់​រោម​នោះ។

ធម្មជាតិ​បានបង្កើត​មនុស្ស​ឱ្យមាន​ដុះរោម​នៅលើ​រាងកាយ។ រោមត្រង់​កន្លែងខ្លះ​មនុស្ស​ត្រូវការ ត្រង់​កន្លែង​ខ្លះទៀត​មនុស្ស មិន​សាទរ​ឡើយ។ បច្ចុប្បន្ន​នេះ រោម​ដើរតួនាទី​ជាសំខាន់​ទាក់ទង​នឹង​រូបសម្រស់។ រោម​ចិញ្ចើម និង​រោមភ្នែក​ដុះវែង ជួយ​សម្រស់​ផ្ទៃមុខ។ រោម​នៅលើ​ដងខ្លួន និង​ដៃជើង​របស់​បុរស ជួយលើក​សម្រស់ រីឯ​ស្ដ្រីវិញ​មិនស្វាគមន៍​ឡើយ។ ស្ដ្រី​មួយចំនួ​នសម្រេចចិត្ដ​ជម្រុះ​រោមនោះ​ចេញ ជាពិសេស​រោមជើង ដោយ​ស្វែងរក​វិធី​ផ្សេងៗ។ វិធី​បំបាត់​រោម​មានជាច្រើន​ប្រភេទ ដូចជា​ការដក​រោម ការ​កោររោម ដោយ​ឡាម កាំបិត​កោរ ឬ​ដោយ​ម៉ាស៊ីនកោរ ការ​ជម្រុះរោម​ដោយថ្នាំ​ក្រែមលាប ដកដោយ​ក្រមួន ប្រដាប់​ដកអេឡិក​ត្រូនិច​ជាដើម។ ម្យ៉ាងទៀត មាន​វិធី​បំបាត់រោម​មួយរយៈ​ខ្លី ឬ​មួយរយៈ​យូរទៀត​ផង។ ដូច្នេះ​ប្រសិទ្ធភាព​ដែល​ប្អូនស្រី​សួរនោះ ពិបាក​កំណត់​ថាមាន​លក្ខណៈ​បំបាត់​រោម​រយៈខ្លី ឬ​រយៈយូរ ឬ​រហូត​តែម្ដង។ ចំពោះ​វិធី​ប្រើនីមួយៗ ក៏ជាអ្នក​កំណត់​ប្រសិទ្ធភាព​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative