មាតា​​​មានជម្ងឺរ៉ាំរ៉ៃ​​​​អាចបំបៅ​​​ដោះ​កូន​​​បាន​​​ដែរ​​​ឬទេ?

ទារកដែលទើបតែកើតចេញ​ពីផ្ទៃរបស់មាតា រមែងតែងត្រូវការរបស់ដែលមានតម្លៃ​បំផុតសម្រាប់ចិញ្ចឹមជីវិត នោះគឺទឹកដោះម្ដាយ។ ទឹកដោះគឺជាវត្ថុដ៏ល្អបំផុត ហើយក៏​​​មិនបាច់​​​ចំណាយ​​​ថវិកា​​​សម្រាប់ទិញ​យកមកប្រើប្រាស់ដែរ។ ទឹកដោះម្ដាយមាន សារធាតុ​ជាច្រើនដែលអាចទ្រទ្រង់ជីវិត​របស់ទារក ធ្វើឱ្យទារកលូតលាស់បានល្អ និងអាចការពារការឆ្លងនូវមេរោគ​ផ្សេងៗបានថែមទៀតផង។ ប៉ុន្ដែនៅក្នុងរណី​ដែលមាតាមានជម្ងឺរ៉ាំរ៉ៃមួយចំនួន ការបំបៅកូនដោយទឹកដោះ​ម្ដាយត្រូវបានផ្លាស់ប្ដូរ ជាហេតុដែលបង្កឱ្យ មានផលវិបាក​សម្រាប់សុខភាពរបស់ទារក។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយ​លោកវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេសជម្ងឺកុមារនៃមន្ទីរពេទ្យកុមារជាតិ ដើម្បី យល់អំពីមូលហេតុ​ដែលមាតាមិនអាចបំបៅដោះកូនបាន។

សារៈប្រយោជន៍​នៃទឹកដោះម្ដាយ

នៅក្នុងការចិញ្ចឹមកូន ជាពិសេសទារកទើបនឹងកើត អាហារដែលសមស្រប​សម្រាប់ទារកទើបនឹងកើត ជាពិសេសទារក​ ដែលមានអាយុពី៤ទៅ៦ខែ​ដំបូងនោះគឺទឹកដោះម្ដាយ។ ទឹកដោះមានពីរប្រភេទ គឺទឹកដោះម្ដាយ និងទឹកដោះគោម្សៅ។ នៅក្នុង ចំណោម​ទឹកដោះទាំងពីរយ៉ាងនោះ ទឹកដោះម្ដាយគឺ​ជាអាហារដែលល្អបំផុត និងមានផលប្រយោជន៍​ច្រើនសម្រាប់​ទារកក៏ដូចជា សម្រាប់ម្ដាយ។ ទឹកដោះម្ដាយ​មានសមាសសារធាតុចិញ្ចឹម​ល្អបំផុត មានទាំងជាតិក្លុយស៊ីត ប្រូតេអ៊ីន ខ្លាញ់ និងវីតាមីនផ្សេងៗ​ជា ច្រើនទៀត ដែលទឹកដោះគោម្សៅ​ពិបាកនឹងធ្វើដូច។ ដោយសារទឹកដោះម្ដាយ​មានសមាមាត្រចិញ្ចឹមល្អបែបនេះហើយ ទើបអាចធ្វើឱ្យ អាហារ​ងាយនឹងរំលាយបានល្អ មិនមានបញ្ហា ដូចជាឈឺពោះ តឹងពោះញឹកញាប់ ដូចទឹកដោះគោម្សៅនោះទេ។ ទឹកដោះ ម្ដាយមានសូដ្យូមតិចតួច​មិនច្រើនពេក ដែលសមស្របជាមួយមុខងារ​តម្រងនោមរបស់ទារកទើបនឹងកើត ព្រោះទារកទើបនឹងកើត​ មិនត្រូវការជាតិសូដ្យូមច្រើនទេ ព្រោះសូដ្យូមច្រើនអាចធ្វើឱ្យ​កាល់ជាតិទឹក អំបិល តម្រងនោមបញ្ចេញមិនអស់ អាចធ្វើឱ្យហើមពោះ។ ទឹកដោះម្ដាយ​ប្រែប្រួលទៅតាមពេលវេលា ទៅតាមតម្រូវការរបស់កូន។ ក្នុងទឹកដោះម្ដាយមានសារធាតុ​ជួយដល់ប្រព័ន្ធការពារ​សម្រាប់ទប់ទល់​ទៅនឹងជម្ងឺឆ្លងផ្សេងៗ​បានច្រើនយ៉ាង អាចការពារជម្ងឺអាឡែកហ្ស៊ី​ចំណីអាហារ អាឡែកហ្ស៊ីផ្លូវដង្ហើម​ ជាពិសេស​ទឹកដោះម្ដាយ​អាចការពារកុំឱ្យកើតមានជម្ងឺធាត់ បើសិនជាម្ដាយបំបៅដោះកូន​បានលើសពី៦ខែ។ ទឹកដោះម្ដាយជួយឱ្យកូន​ លូតលាស់បានល្អ ទាំងចិត្ដគំនិត សតិអារម្មណ៍ល្អជាដើម។

មាតាមានជម្ងឺរ៉ាំរ៉ៃ​អាចបំបៅដោះកូន​បានដែរឬទេ?

នៅក្នុងករណីដែល​មាតាមានជម្ងឺរ៉ាំរ៉ៃ​មួយចំនួនដូចជា ៖

១ . មាតាមានជម្ងឺអេដស៍ ជម្ងឺខ្សោយបេះដូង ជម្ងឺខ្សោយក្រលៀន ជម្ងឺថ្លើមរ៉ាំរ៉ៃ។

២ . នៅក្នុងករណីដែលមាតាមានជម្ងឺ​ត្រូវព្យាបាលជាចាំបាច់ ដោយប្រើថ្នាំ ហើយថ្នាំនោះអាចជ្រាបចូល​ទៅទឹកដោះដែល អាចធ្វើឱ្យ​ប៉ះពាល់ដល់កូន។ មាតាត្រូវទៅជួបពិគ្រោះ​ជាមួយគ្រូពេទ្យ សុំយោបល់ ថាត្រូវប្រើថ្នាំណា ទើបអាចបំបៅដោះកូនបាន​ ឬក៏អ្វីផ្សេងៗទៀត​ទៅតាមការណែនាំ​របស់គ្រូពេទ្យ។

៣ . ករណីដែលមាតាមានក្បាលដោះ​មិនធម្មតា មិនមានក្បាលដោះ ក្បាលដោះតូចពេក កូនបៅដោះមិនកើត។

៤ . ករណីដែលមាតា​គ្មានចិត្ដចង់បំបៅដោះឱ្យកូន។

ទាំងនេះគឺជាករណីមួយចំនួនដែលមាតា​មិនអាចបំបៅដោះកូនបាននោះទេ ព្រោះអាចធ្វើឱ្យមានផលប៉ះពាល់​ដល់សុខភាព ទាំងម្ដាយ និងកូន។ ដូចនេះក្នុងករណីដែលមាតា​មិនអាចបំបៅដោះកូនបាន គឺត្រូវតែជ្រើសរើសម្សៅទឹកដោះគោ​មកប្រើប្រាស់ចំពោះ​ទារកតូចក្រោម​អាយុពី៤ខែទៅ៦ខែ ព្រោះមិនមានអាហារ​អ្វីផ្សេងក្រៅពីម្សៅទឹកដោះគោ​ឡើយ។ ហើយចាប់ពី៤ទៅ៦ខែឡើងទៅ​ទើបអាចឱ្យទារក​ទទួលទានអាហាររឹងៗបាន​ដូចជាបបរជាដើម។ មាតាបិតាគួរតែជ្រើសរើស​ម្សៅទឹកដោះគោ​ទៅតាមអាយុរបស់ទារក។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលប៉ះពាល់នៃការប្រើប្រាស់ទឹកដោះគោម្សៅ

ជាទូទៅទឹកដោះគោម្សៅគឺ​មិនល្អដូចជាទឹកដោះម្ដាយទេ ហើយផលប៉ះពាល់គឺ​ដោយសារតែទឹកដោះគៅម្សៅ​មិនមាន លក្ខណៈល្អដូចជា​ទឹកដោះម្ដាយ។

– ទឹកដោះគោម្សៅអាចធ្វើឱ្យទារក​បៅហើយរាក ជួនកាលធ្វើឱ្យទល់លាមក ហើមពោះ ឈឺពោះជាដើម។ ករណីខ្លះ​ដែលម្ដាយរៀបចំទឹកដោះគៅម្សៅ​ហើយមិនបានធ្វើអនាម័យបានល្អ អាចធ្វើឱ្យឆ្លងរោគ ឆ្លងជម្ងឺ ធ្វើឱ្យទារកកើតមានជម្ងឺផ្សេងៗ ជួនកាលអាចធ្ងន់ធ្ងរ ធ្វើឱ្យរលាកពោះវៀន ឬក៏អាចធ្វើឱ្យកុមារធាត់​លើសទម្ងន់ថែមទៀតផង។

វិធីការពារ​ចំពោះមាតា​ដែលឱ្យ​កូនបៅទឹកដោះគោ

មាតាគ្រប់រូបបានដឹងហើយថា ការបំបៅដោះកូនដោយទឹកដោះគោ​បានបង្កឱ្យមានផលវិបាក តែផលវិបាកខ្លះ​អាចការពារ បាន ហើយខ្លះទៀតក៏​មិនអាចការពារបានទេ។ ផលវិបាកដែលមិនអាចការពារបាន ដូចជាបញ្ហាការស្រូបមិនបានល្អ ដែលធ្វើឱ្យ​ទារករាករូស ហើមពោះ ងាយនិងកើតមានជម្ងឺ។ ចំណែកឯផលវិបាក​ដែលអាចការពារបាន ឬអាចកាត់បន្ថយបានខ្លះ គឺផលវិបាក​កើតឡើងដោយសារការ​ខ្វះអនាម័យនៅក្នុងការរៀបចំ។ ដូចនេះមាតា​ត្រូវតែមានអនាម័យ​នៅក្នុងការៀបចំម្សៅទឹកដោះគោ​ឱ្យកូនបៅ​ដោយត្រូវអនាម័យ​ទៅតាមការណែនាំ​របស់គ្រូពេទ្យមួយចំនួនដូចជា ៖

– ត្រូវសម្អាតកន្លែង​ដាក់ម្សៅទឹកដោះគៅ និងដបទឹកដោះគោ​ឱ្យបានស្អាតជានិច្ច។

– ត្រូវលាងដៃឱ្យ​បានស្អាតជាមួយនឹងសាប៊ូ មុននឹងរៀបចំលាយម្សៅទឹកដោះគោ​ឱ្យទារក។

– ដបទឹកដោះគោ ក្បាលដប គម្របដប និងសម្ភារៈដែលប្រើប្រាស់​សម្រាប់លាយទឹកដោះគោនោះ ត្រូវលាងសម្អាត ហើយត្រូវស្ងោរសម្លាប់មេរោគ។ ត្រូវលាងសម្អាត​ឱ្យសព្វគ្រប់កន្លែង ហើយស្ងោរសម្លាប់មេរោគ។

– ទឹកដោះគោដែលលាយហើយ​ត្រូវឱ្យទារកបៅដោះភ្លាមៗ

– ទឹកដោះគោមួយដបត្រូវឱ្យទារកដោះឱ្យអស់​ក្នុងរយៈពេលមួយម៉ោង ហើយបើទារកបៅឆ្អែត នៅសស់ត្រូវតែចាក់ចោល ព្រោះកាលណាដែលទុក​គឺអាចមានមេរោគដែលធ្វើឱ្យទារកឈឺ។

– បើសិនជាលាយទឹកដោះគោម្សៅ ហើយទារកមិនទាន់បៅត្រូវទុកក្នុងទូទឹកកក​ដែលត្រជាក់ តែមិនត្រូវទុកកន្លែងកកទេ។ ដល់ពេលទារកចង់បៅ​ទើបឱ្យទារកបៅ។

ដំបូន្មាន​អ្នកជំនាញ

ចំពោះមាតាដែលមិនអាចធ្វើការ​បំបៅដោះកូនបាន ដោយត្រូវជ្រើសរើស​យកទឹកដោះគោម្សៅ មាតាបិតា​ត្រូវធ្វើទៅតាម ការណែនាំ ដែលសរសេរនៅលើកំប៉ុងម្សៅ។ ជាពិសេសត្រូវប្រើស្លាបព្រាវាល់​ដែលគេដាក់មកជាមួយ​កំប៉ុងម្សៅទឹកដោះគោ មិនត្រូវ យករបស់អ្វីផ្សេងៗមកវាល់​ក្រៅពីស្លាបព្រាម្សៅទឹកដោះគោនោះទេ។ ត្រូវគោរពក្បួនច្បាប់អនាម័យ​ក្នុងការរៀបចំលាយម្សៅទឹក ដោះគោ​ឱ្យបានត្រឹមត្រូវ។ ត្រូវគោរពពេលវេលា​នៅក្នុងការរក្សាទឹកដោះគោ។ លោកស្រីអ្នកនាងកញ្ញា​ដឹងហើយថា ការលាយម្សៅ ទឹកដោះគោ​គឺលាយជាមួយទឹកក្ដៅ ដូចនេះត្រូវប្រុងប្រយ័ត្នទុកទឹកក្ដៅ ឬសម្ភារៈក្ដៅឱ្យផុតពីដៃក្មេង។ ជាពិសេសមិនត្រូវទុកឱ្យទារក ដេកបៅទឹកគោតែឯងនោះទេ ព្រោះអាចធ្វើឱ្យកូនឈ្លក់ កូនថប់ដង្ហើម មាតាបិតាមិនដឹង អាចបង្កឱ្យមានគ្រោះថ្នាក់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១


Google Analytics Alternative