អូរ៉ាល់​សិច និងការ​ឆ្លង​មេរោគ​អេដស៍

សូម​ជម្រាប​សួរ​លោក​វេជ្ជបណ្ឌិត។ នាងខ្ញុំ​ជាអ្នក​អាន​ទស្សនាវដ្ដី សុខភាព​យើង របស់​លោកម្នាក់។ នាងខ្ញុំ​មាន​សំណួរ មួយចំនួន​សូម​រៀបរាប់​ជូន​ដូចត​ទៅនេះ។ កាលពី​ថ្ងៃទី២០ និង​ទី២១ ខែ​មេសា ឆ្នាំ​២០០៨ នាងខ្ញុំ​បាន​រួមភេទ​ជាមួយ​បុរសម្នាក់ ដោយមាន​ប្រើប្រាស់​ស្រោម​អនាម័យ​ចំនួន​២លើក​(យើង​រួមភេទ​ជាមួយគ្នា​តែ២ដង​ប៉ុណ្ណោះ)។ កាលណោះ គាត់មាន​ប្រើមាត់ (អូរ៉ាល់សិច)ជាមួយ​នាងខ្ញុំ។ គាត់​ប្រើមាត់​ថើបទ្វារមាស​របស់​នាងខ្ញុំ​រៀងរាល់​ពីរបីនាទី​ម្ដង រាល់ពេល​រួមភេទ​ទាំងពីរ​លើកនោះ។

រយៈពេល​២២ថ្ងៃ​ក្រោយពេល​រួមភេទ​នេះ នាងខ្ញុំ​បានធ្វើ​តេស្ដឈាម​រកមេរោគ​អេដស៍ ហើយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន។ នាងខ្ញុំ​បានធ្វើ​តេស្ដជាថ្មី​នៅ៦២​ថ្ងៃក្រោយ ហើយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ដដែល ដែលតេស្ដ​នោះធ្វើឡើង​នៅគ្លីនិក​តែមួយ និងប្រើ​ឈ្មោះ​ដូចគ្នា។ ការធ្វើ​តេស្ដ​របស់​នាងខ្ញុំ​ធ្វើឡើង​នៅថ្ងៃទី​១៨កក្កដា​(៩០​ថ្ងៃក្រោយ)នៅគ្លីនិក​ដដែល ប៉ុន្ដែ​ពេលនេះ​ប្រើឈ្មោះ​ផ្សេងទៀត តែ​លទ្ធផល​នៅតែ​អវិជ្ជមាន​ដដែល។ ក្រោយមក​នៅថ្ងៃ​ទី២១ កក្កដា​(៩៣​ថ្ងៃក្រោយ) នាងខ្ញុំ​បានទៅ​ធ្វើតេស្ដ​នៅគ្លីនិក​ផ្សេងមួយ​ទៀត លទ្ធផលក៏​អវិជ្ជមាន​ទៀត។ តើអាច​និយាយបាន​ថា តេស្ដ​ទាំងអស់​នោះអាច​ជឿទុក​ចិត្ដបាន​ឬទេ? នាងខ្ញុំ​សូមបញ្ជាក់​ថា នាងខ្ញុំ​មិនមាន​សកម្មភាព​ផ្លូវភេទ​នៅក្នុង​រយៈពេល​នោះទេ មានន័យថា​ចន្លោះ​ពីថ្ងៃទី២២​មេសាដល់​ថ្ងៃទី២១ កក្កដា ២០០៨។ នាងខ្ញុំ​ធ្លាប់​ឮគេនិយាយថា​ តេស្ដអាច​ជាក់លាក់​យកជាការណ៍​បាន ដរាបណា​រយៈពេល​៦ខែ តែ​កន្លែងខ្លះ​ថាតែ១៤​ថ្ងៃ ឬ​២៥ថ្ងៃ អាចយក​ជាការណ៍​បាន​ហើយតើ​ពិតដែរ​ទេ? តើ​ពេលណា​ដែលអាច​រកមេរោគ​ឃើញ ក្រោយ​ពីមាន​ការ​រួមភេទ​ដែល​សង្ស័យ?
លោក​ស្រី ម. ច. ន អាយុ និង​ទីលំនៅ​(មិនស្គាល់ សំណួរ​តាមរយៈ​អ៊ីម៉ែល)

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជាបឋម ខ្ញុំបាទ​សូម​អរគុណ​លោកស្រី​ដែលបា​នគាំទ្រ​ទស្សនាវដ្ដី សុខភាព​យើង និង​សាកសួរ​ជា សំណួរ​មក​យើងខ្ញុំ។ ខ្ញុំបាទ​សូម​អនុញ្ញាត​ហៅប្អូនស្រី​ចុះ សូម​អភ័យទោស​បើអាយុ​ច្រើន​ជាងខ្ញុំបាទ។ ជាដំបូង សូម​កោត​សរសើរ​ប្អូន ស្រី​ដែលយក​ចិត្ដទុក​ដាក់​ចំពោះការ​ធ្វើតេស្ដ​ឈាម និងការ​រៀបរាប់​យ៉ាងក្បោះ​ក្បាយ។ ដើម្បី​ងាយស្រួល​យល់​សំណួរ ខ្ញុំ​សូម​សង្ខេប​ថា ប្អូនស្រី​ចង់សួរ​ទាក់ទង​នឹងការ​ឆ្លង​មេរោគអេដស៍​តាមការ​រួមភេទ និងការ​ធ្វើតេស្ដឈាម​(រយៈពេល​គួរធ្វើ​តេស្ដ, ទី​កន្លែង និង​គុណភាព តេស្ដ)។

ជាការ​ពិតណាស់​ការ​រួមភេទ​ពិតជា​អាចធ្វើ​ឱ្យមាន​ការ​ឆ្លងជម្ងឺ​កាមរោគ ឬ​ជម្ងឺឆ្លង​តាម​ផ្លូវភេទ ជាពិសេស​មេរោគ​អេដស៍។ ចំពោះការ​រួមភេទ​ដែល​មិនមាន​ការ​ស៊កបញ្ចូល​លិង្គ​ទៅក្នុង​ទ្វារមាស​ឬទ្វារលាមក ហើយ​គ្រាន់តែ​មានការ​ប្រើមាត់​(លិទ្ធ​ឬបៀម)​នោះ មិនមាន​ការឆ្លង​មេរោគអេដស៍​ទេ ហើយ​បើមាន​ក៏មាន​តិចតួច​បំផុត។ ចំពោះ​ជម្ងឺ​កាមរោគ​ផ្សេងទៀត​មិនប្រាកដ​ថាមិនឆ្លង​នោះទេ ជាអាទិ​ជម្ងឺ​រើម ឬ​រោគផ្សិត​ជាដើម។ ចង់​និយាយថា​បើបុរស​ឬស្ដ្រី​មាន​រោគ​ណាមួយ​អាចចម្លង​គ្នាទៅវិញ​ទៅមក បុរស​អាចចម្លង​ទៅស្ដ្រី ស្ដ្រីក៏អាច​ចម្លង​មកបុរស​វិញដែរ។

ទាក់ទង​នឹងការ​ធ្វើតេស្ដ​ឈាម រយៈពេល កន្លែង​ធ្វើតេស្ដ និង​គុណភាព​តេស្ដ​ពិតជា​សំខាន់​ខ្លាំងណាស់ តែអ្វី​ដែលសំខាន់​បំផុត​នោះគឺ​ប្រភេទ​តេស្ដឈាម​ឯណោះ​វិញទេ។ សព្វថ្ងៃ​នេះមាន​ប្រភេទ​នៃការ​ធ្វើតេស្ដឈាម​ជាច្រើន តែ​ខ្ញុំបាទ​សូមសង្ខេប​ថាមាន​ការធ្វើ តេស្ដ​គោល២​ប្រភេទ គឺការ​ធ្វើតេស្ដ​រកអង្គ​បដិបក្ខ​ប្រាណ​ប្រឆាំង​មេរោគអេដស៍​​(Anti-HIV antibody, EliSA) និងការ​ស្វែងរក​មេរោគអេដស៍​​(HIV PCR)។ តេស្ដឈាម​រកអង្គ​បដិបក្ខ​ប្រាណ អាចរក​ឃើញ​នៅក្នុង​ឈាម​ចាប់ពី​ថ្ងៃទី២១ ក្រោយការ​ប៉ះពាល់​ការឆ្លង។ នៅ​រយៈពេល​៣ខែ​តេស្ដ​អាចមើល​ឃើញ​ភាគច្រើន​លើសលប់ ហើយ​ធានា​ថាច្បាស់​១០០% លើសពី​រយៈពេល​៦ខែទៅ។ រីឯ​តេស្ដរក​មេរោគអេដស៍​ផ្ទាល់​តែម្ដង ជាទូទៅ​អាច​ចាប់មើល​ឃើញ​ចាប់ពី​១សប្ដាហ៍​(៧ថ្ងៃ)ទៅ តេស្ដនេះ​មិនសូវ​ប្រើប្រាស់​សម្រាប់ ការធ្វើ​តេស្ដបញ្ជាក់​ការ​ផ្ទុក​មេរោគអេដស៍​នោះទេ ជាទូទៅ​ប្រើ​សម្រាប់​តែករណី​កុមារ​ទើបនឹង​សម្រាល។ ដូច្នេះ​ករណី​ប្អូនស្រី ប្រហែល​ជាការ​ធ្វើតេស្ដ​ដោយប្រើ​តេស្ដ​រកអង្គបដិបក្ខ​ប្រាណ​ហើយ​មើលទៅ។ ការពិត​ប្អូនស្រី​មិន​ចាំបាច់​ទៅមើល​ដល់​ទៅ៤ដង​ដូចដែល​បាន​រៀបរាប់​នោះទេ ត្រឹមតែ​២ដង​យ៉ាងច្រើន​អាចយក​ជាការ​បានហើយ គឺ​ត្រូវធ្វើ​នៅ៣ខែ​ក្រោយ និង​៦ខែក្រោយ​ការរួមភេទ​ឬការ​ប៉ះពាល់​ដែល​សង្ស័យថា​ឆ្លង។ រីឯការ​ធ្វើតេស្ដ​តែប៉ុន្មាន​ថ្ងៃក្រោយ​មានការ​រួមភេទ​សង្ស័យ​នោះគ្រាន់តែ​បញ្ជាក់​ថា តើ​មុនការ​សង្ស័យ​ថាឆ្លង​នោះមានការ​ផ្ទុក​មេរោគ​នេះដែរ​ឬក៏អត់។

សរុបមក​ករណី​ប្អូនស្រី​ដែលសង្ស័យ​ថាឆ្លង​តាមការ​លិទ្ធ​ប្រដាប់ភេទ គឺជា​ករណី​កម្រ​បំផុត​ទាក់ទង​នឹងការ​ឆ្លងមេរោគ​អេដស៍។ ហើយ​ប្អូនស្រី​ក៏បាន​ធ្វើតេស្ដ​ចុងក្រោយ​លើសពី៣ខែ​ដែរ។ ជារួម​មកអាច​សន្និដ្ឋាន​បានថា ប្អូនស្រី​មិនអាច​ឆ្លង​មេរោគអេដស៍​ដ៏ ចង្រៃ​នេះបាន​នោះទេ។ សូម​ប្អូនស្រី​ឈប់​បារម្ភ​ទៀតទៅ ហើយ​សូមថែទាំ​ខ្លួន កុំឱ្យ​មានរឿង​សង្ស័យ​ទៀតអី។ សង្ឃឹមថា​ប្អូនស្រី អាច​ទទួលយក​ចម្លើយ​ទាំងនេះ​បាន តែបើ​មិនអស់​ចិត្ដ ប្អូនស្រី​អាច​សរសេរសំ​បុត្រ​មក​ទស្សនាវដ្ដី សុខភាព​យើង និង​ខ្ញុំបាទ​ជាថ្មីទៀត បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Google Analytics Alternative