វិធី​ជ្រើសរើស​សម្ភារៈ​ផ្ទះបាយ

ការ​ជ្រើសរើស​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​ជារឿង​មួយដ៏​សំខាន់​សម្រាប់​ចុងភៅឬ​មេផ្ទះ​គ្រប់រូប។ ព្រោះ​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​មានសារៈ​ប្រយោជន៍​ណាស់​សម្រាប់​គេហដ្ឋាន​នីមួយៗ​ដែល​មិនអាច​ខ្វះបាន។ សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​ក៏ជា​ផ្នែកដ៏​ធំមួយ​សម្រាប់​សោភ័ណភាព​នៃគេហដ្ឋាន រីឯការ​ជ្រើសរើស​ក៏មិនមែន​ជារឿង​ដែល​លំបាក​នោះទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​លោកស្រី សាពណ៌ នាយិកា​សាលា​បង្រៀន​កែសម្ផស្ស និង​ជំនាញ​រៀបចំ​គេហដ្ឋាន នឹង​ពន្យល់​ពីវិធី​ជ្រើសរើស​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ។

វិធី​ជ្រើសរើស​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ

ជាធម្មតា​នៅក្នុង​ផ្ទះបាយ​ត្រូវតែ​មាន​សម្ភារៈ​ប្រើប្រាស់​គ្រប់គ្រាន់​ទាំងអស់ មិនថា​ផ្ទះតូច​ឬក៏ផ្ទះធំ​នោះទេ ដែល​រួមមាន ៖

  • កែវ ៖ មានកែវ​គ្រប់​ប្រភេទ ដូចជា​កែវស្រា​ទៅតាម​ប្រភេទ​ស្រា កែវ​ទទួលទាន​ទឹក​សម្រាប់មនុស្ស​ធំ កូន​ក្មេង និង​កែវ សម្រាប់​ដាក់​ទឹក​ទទួល​ភ្ញៀវ។
  • ចាន ៖ មាន​ចានដាក់​បាយ ចាន​ស៊ុប ចាន​សម្រាប់​ដាក់ម្ហូប ចានដាក់​បង្អែម និង​ចានផ្សេងៗ​ជាច្រើន។
  • ស្លាប​ព្រា ៖ មាន​ស្លាបព្រា​បង្អែម ស្លាប​ព្រាបាយ មាន​សម វែក​សម្ល វែក​ឆា វែក​បាយ វែក​ស៊ុប​ជាដើម។
  • ឆ្នាំង ៖ មានឆ្នាំង​ដាំបាយ​តូច ឬ​ធំ ទៅតាម​ចំនួន​មនុស្ស។ ឆ្នាំង​សម្លតូច​ធំទៅតាម​ប្រភេទ​ឆ្នាំង ឆ្នាំង​ស៊ុប ឆ្នាំង​សម្រាប់ ធ្វើ​បង្អែម ខ្ទះ​សម្រាប់​ចៀនឆា​មានខ្ទះ​តូច​ខ្ទះធំ។
  • កាំបិត ៖ មាន​កាំបិត​តូចធំ កាំបិត​សម្រាប់​ធ្វើត្រី កាំបិត​ចិតបន្លែ កាំបិត​ចិតផ្លែ​ឈើ កាំបិត​ហាន់សាច់ជ្រូក​សាច់ត្រី មាន​ជ្រញ់​សម្រាប់​ធ្វើត្រី ហាន់​សាច់ កាត់​បន្លែ មាន​ទៅតាម​ប្រភេទ​ជ្រញ់នីមួយៗ ត្បាល់​តូចធំ។
  • កញ្ច្រែង ៖ មាន​កញ្ច្រែង​ដាក់​សាច់ត្រី សាច់ជ្រូក សម្រាប់​ដាក់បន្លែ ដាក់​ផ្លែឈើ​ប្រើ​ទៅតាម​ទំហំ​របស់​កញ្ច្រែង។
  • ទូ ៖ ទូទឹកកក ទូ​ដាក់ចាន​ឆ្នាំង ដាក់​កញ្ច្រែង ដាក់​គ្រឿងផ្សំ និង​ទូដាក់​កែវ​ជាដើម។
  • ចង្ក្រាន ៖ មាន​ចង្ក្រាន​អគ្គិសនី ចង្ក្រាន​ធ្យូង ចង្ក្រាន​អាំងសាច់​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធី​រៀបចំ​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ

ដើម្បី​ឱ្យសម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះបាយ​មាន​របៀប ងាយស្រួល​នៅក្នុង​ការ​ស្វែងរក​នៅពេល​ដែល​ត្រូវការ​យកមក​ប្រើប្រាស់ លោកអ្នក​ត្រូវតែ​មានការ​រៀបចំ​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ទំហំ និង​ទីកន្លែង​ផ្ទះបាយ​របស់​លោកអ្នក។

  • ផ្ទះ​វីឡា ៖ ជាទូទៅ​ផ្ទះវីឡា​គឺមាន​ផ្ទះបាយ​ធំ​ទូលាយ​ដោយ​មាន​ជាថ្នាក់ និង​កន្លែង​ដាក់​របស់របរ​បានច្រើន។ ចាន​ឆ្នាំង ត្រូវ​រៀបចំ​ទៅតាម​លេខរៀង ដូចជា​ចាន​សម្ល ចាន​បាយ ស្លាប​ព្រា សម កាំបិត ចង្កឹះដាក់​ទៅតាម​លេខរៀង​របស់វា​ឱ្យស្អាត។ ការ​រៀបចំ​កែវទឹក​កែវស្រា​ដាក់​ជាជួរមួយៗ​ទៅតាម​លេខរៀង ដាក់​ដោយឡែក​ពីគ្នា។ ចំណែកឯ​គ្រឿងផ្សំ​ត្រូវតែ​រៀប​ទៅតាម​លំដាប់ របស់​គ្រឿងផ្សំ ហើយ​ចំពោះ​គ្រឿងផ្សំ​ត្រូវតែ​ដាក់​នៅជិត​ចង្ក្រាន​ជានិច្ច ព្រោះ​ធ្វើឱ្យ​មាន​ភាព​ងាយស្រួល​នៅក្នុង​ពេលចម្អិន​ម្ហូប។
  • ផ្ទះ​ល្វែង ៖ ជាទូទៅ​សម្រាប់ផ្ទះ​ល្វែង​មិនសូវ​ជាមាន​កន្លែង​ធំទូលាយ​ប៉ុន្មាន​នោះទេ ដូចនេះនៅពេល​ដែលទិញ​របស់​របរ ត្រូវមើល​ថា តើមាន​កន្លែង​សម្រាប់​ដាក់​គ្រប់គ្រាន់​ដែរឬ​ទេ។ ហើយ​ទូផ្ទះល្វែង​មិនត្រូវ​ទិញ​សម្ភារៈ​ធំពេក​នោះទេ។ ត្រូវ​រៀបចំ​ចានធំ ហើយ​ធ្ងន់​មិនត្រូវ​ដាក់​នៅលើ​ធ្នើរខ្ពស់​ពេកនោះ​ទេ ព្រោះ​ធ្ងន់យូរៗ​អាចធ្លាក់​បាក់បែក ដូចនេះ​ត្រូវដាក់​នៅកន្លែង​ណាដែល​អាច​ទទួល​របស់​ធ្ងន់បាន ដូចជា​នៅថ្នាក់​ខាង​ក្រោមៗ។ ការ​រៀបចំ​ផ្ទះល្វែង​ត្រូវ​រៀបចំ​ទៅតាម​លំដាប់ ដូចជា​ទូដាក់​សម្ភារៈ ទូទឹកកក ទូ​ដាក់ចាន ឆ្នាំង​ជាដើម។ ចំណែក​ឯគ្រឿង​ផ្សំ​ត្រូវរៀប​ចំដាក់​តាម​លំដាប់​ហើយ​ត្រូវដាក់​ដោយ​ឡែក ហើយ​នៅជិត​ចង្ក្រាន ចំពោះ​កែវ​ត្រូវដាក់​ក្នុង ទូ​ឬដាក់​លើតុ​ដាច់​ដោយឡែក​ពីគេ។
  • ផ្ទះ​ឈើ ៖ សម្រាប់​ផ្ទះឈើ​តូចត្រូវ​វ៉ៃដែក​គោល​សម្រាប់​ព្យួរ​ឆ្នាំងព្យួរ​របស់​របរ​ផ្សេងៗ ទៅតាម​លេខ​រៀង ត្រូវ​រៀបចំ​ផ្ទះបាយ​ឱ្យដាច់​ដោយឡែក​ពីផ្ទះ​លោកអ្នក​រស់នៅ ហើយ​ចំពោះ​ការរៀបចំ​ក៏មិន​ខុសពី​ផ្ទះធំ​ប៉ុន្មាន​នោះ​ទេ គឺ​ត្រូវមាន​ទូធំ​ល្មម​ជាថ្នាក់ៗ ដោយ​ថ្នាក់​ទីមួយ​សម្រាប់ដាក់​កែវ ថ្នាក់​ទីពីរ​សម្រាប់​ដាក់ចាន មាន​ចានបាយ ចាន​សម្ល ចាន​ស៊ុប និង​កូនចាន​ចង្កឹះ​ជាដើម។ ចំណែក​ឯជាន់ទីបី​ត្រូវដាក់​កញ្ច្រែង​តូចធំ​ទៅតាម​លំដាប់ និង​ជាន់ទីបួន​ទុក​សម្រាប់​ដាក់ឆ្នាំង​តូចឆ្នាំង​ធំទៅតាម​លំដាប់ រីឯ​ចង្ក្រាន​មិនត្រូវ​ដាក់​ជិតជញ្ជាំង​ពេកនោះ​ទេ។ ចំណែក​ឯគ្រឿងផ្សំ​វិញត្រូវ​ដាក់​នៅជិត​កន្លែង​ធ្វើម្ហូប ដើម្បី​ឱ្យ​ងាយស្រួល​នៅក្នុង​ការ​យកមក​ប្រើប្រាស់។ រីឯ​ផ្ទះឈើ​ដែលធ្វើ​ដូចជា​លក្ខណៈ​ផ្ទះបុរាណ​លាយ​សម័យ​ហើយ​ធំទូលាយ ត្រូវ​រៀបធំ​ដូចជា​ផ្ទះវីឡា​ដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

 

សារៈ​ប្រយោជន៍​នៃការ​ជ្រើសរើស​សម្ភារៈ​ផ្ទះបាយ

លោកអ្នក​ត្រូវ​រៀបចំ​ទុកដាក់​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​បានស្អាត​ល្អ ហើយ​មាន​របៀប​រៀបរយ​ល្អ គឺអាច​ធ្វើឱ្យ​ផ្ទះស្អាត មាន​អនាម័យ ធ្វើឱ្យ​មាន​អារម្មណ៍​ចង់​រស់នៅ អាចធ្វើ​ឱ្យមាន​សុខភាព​ល្អ គ្រួសារ​មាន​សុភមង្គល និងអាច​ចៀសផុត​ពីការ​កើតជម្ងឺ​ផ្សេងៗ​បាន​ថែមទៀត​ផង។

ដំបូន្នាន​អ្នក​ជំនាញ

ដើម្បី​ឱ្យ​សុខភាព​ល្អ និង​ផ្ទះស្អាត​រួមទាំង​ចង់ឱ្យ​គ្រួសារ​មាន​សុភមង្គល​នោះ លោកអ្នក​ត្រូវតែចេះ​រៀបចំ​ទុកដាក់​ផ្ទះ​សម្បែង​ឱ្យបាន​ស្អាតល្អ ជាពិសេស​ផ្ទះបាយ​ឬក៏​បន្ទប់ទឹក​ត្រូវតែ​មានក្លិន​ក្រអូប​ជានិច្ច។ បើសិនជា​លោកអ្នក​មានការ​មមាញឹក និង​ការងារ​ច្រើន នៅពេល​ដែល​ទំនេរ​ពីការងារ​លោកអ្នក​គួរតែ​ឆ្លៀតពេល​ពី២០​ទៅ៣០​នាទី ដើម្បី​រៀបចំ​ផ្ទះ​លោកអ្នក​ឱ្យស្អាត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១

Google Analytics Alternative