កញ្ញា សួស វិស្សា ត្រូវ​គិតពីសុខភាព​ជាការ​ចាំបាច់

សួស វិស្សា ជាតារា​ចម្រៀង​មួយដួង​ដែលមាន​ទឹកដម​សម្លេង​ពីរោះ សព្វថ្ងៃ​វិស្សា​កំពុង​ទទួល​បានការ​ពេញនិយម និងការ​គាំទ្រ​ពីលំដាប់​ទស្សនិកជន​គ្រប់ស្រ​ទាប់វណ្ណៈ។ មួយថ្ងៃៗ​វិស្សា​មានការ​មមាញឹក​នឹង​ការងារ ដើម្បី​បម្រើ​អារម្មណ៍​របស់​មហាជន។ តែទោះបី​ជារវល់​យ៉ាងណា​ក្ដី វិស្សា​មិនដែល​ធ្វេស​ប្រហែល​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់នាង​ដែរ។

 

កញ្ញា សួស វិស្សា ពេញចិត្ដ​ទម្លាយ​អាថ៌កំបាំង​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​រាងកាយ​នាង តាមរយៈ​ការធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង ជូន​ប្រិយមិត្ដ​អ្នកអាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រវត្ដិ​មុនឈាន​ចូល​សិល្បៈ

នៅឆ្នាំ​២០០០ កញ្ញា សួស វិស្សា បានចូល​រៀន​នៅសាកលវិទ្យាល័យ​វិចិត្រសិល្បៈ​ផ្នែក​របាំបុរាណ ប្រពៃណី យីកេ កញ្ញា ក៏ធ្លាប់​បានចេញ​ទៅសម្ដែង​នៅឯក្រៅ​ប្រទេស ដូចជា​ប្រទេស​បារាំង ប្រទេស​សូវៀត​ជាដើម។ នៅឆ្នាំ​២០០៧-២០០៨​តម្រូវឱ្យ​កញ្ញា​លាឈប់​ពីសិល្បៈ​មួយរយៈ​ ដោយសារ​កញ្ញា​មានការ​ផ្លាល់​ប្ដូរទីលំនៅ​ដែល​នៅឆ្ងាយ​ពីសាលា។ ថ្ងៃមួយ​ផលិតកម្ម​រ៉ុកបាន​ជ្រើសរើស​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ដោយមាន​ទឹកដម​សំនៀង​ពីរោះ​បានធ្វើ​ឱ្យកញ្ញាប្រឡង​ជាប់បាន​ជ័យ​លាភីលេខ១។ កញ្ញា​បានចូល​ច្រៀង​នៅផលិតកម្ម​រ៉ុក​បានពី​១៦ទៅ១៧​វ៉ុលមក​ហើយ បទចម្រៀង​ដំបូង​ដែលកញ្ញា​មានការ​ទទួល​ស្គាល់​ពីយុវវ័យ​គឺបទ ស្រឡាញ់ទាំងអស់​ស្មោះតែមួយ មាន​ជាក្រុម Rock girl គឺបទ Baby Cute Boy ទឹកភ្នែក​គ្មាន​ស្រោម។

វិធី​ថែរក្សា​សម្រស់

វិធី​ថែរក្សា​សម្រស់​របស់​កញ្ញា សួស វិស្សា វិញនោះ​ក៏មាន​អាថ៌កំបាំង​បន្ដិចបន្ដួច​ផងដែរ ដើម្បី​រូបសម្រស់​ស្រស់​ត្រកាល​របស់នាង។ ស្ដ្រី​ចៀស​មិនផុត​ពីការ​ថែរក្សា​សម្រស់​របស់​ខ្លួន ព្រោះ​មនុស្សស្រី​ដាច់ខាត​ត្រូវតែ​មើលឃើញ​ស្អាត​គ្រប់ពេលវេលា​ទាំងអស់ ទាំងភាព​ស្រស់ស្អាត​លើ​រាងកាយ និងទាំង​ចរិត​មារយាទ​ផងដែរ។ ដូច្នេះ​លោកស្រី​អ្នកនាង​កញ្ញា​ត្រូវគិតពី​សម្រស់ និង​សុខភាព​ខ្លួនឯង​ជាចម្បង ព្រោះ​កាលណា​សុខភាពល្អ នោះនឹង​អាចធ្វើអ្វី​ផ្សេងៗ​បានទាំងអស់។

  • ការ​ថែរក្សា​សក់ ៖ ចំណែក​ឯសក់​វិញ វិស្សា​តែងតែ​ប្រើសាប្រាយ​ច្រើន កិបគាប​ពេលធ្វើ​សក់ឡើង​ឆាក ធ្វើឱ្យ​សក់ស្រួយ។ ដូច្នេះ​ការ​ថែរក្សាសក់​គឺត្រូវ​កក់សក់​ចេញ ហើយ​ប្រើថ្នាំ​អប់សក់ទុក​រយៈពេល​១៥នាទី ដើម្បី​កុំឱ្យសក់​ជ្រុះដាច់​ជាដើម។ មួយស​ប្ដាហ៍ កញ្ញា​កក់សក់​២ទៅ៤ដង និង​ប្រើថ្នាំ​បន្ទន់សក់​ដើម្បី​ជំនួយដ​ល់​សរសៃសក់។
  • ការ​ថែរក្សា​ស្បែកមុខ ៖ ការ​ថែរក្សា​ស្បែកមុខ​ជារឿង​មួយ​សំខាន់​បំផុត​សម្រាប់​នារីៗ ជាពិសេស​គឺជីវិត​អ្នកសិល្បៈ។ ស្បែកមុខ​របស់​កញ្ញា​តែង​ទទួល​រងនូវការ​កម្ដៅ​ថ្ងៃ និង​គ្រឿងសម្អាង​គ្រប់ប្រភេទ​នៅពេល​ចូល​កម្មវិធី កញ្ញា​តែងតែ​យកកូន​កន្សែង​ទន់ៗ​យកមក​ជូតសម្អាត។ ក្រៅពីនេះ​កញ្ញា​តែងតែ​ប្រើប្រាស់​វិធី​ធម្មជាតិ​ជាជំនួយ​ផងដែរ ដូចជា​បិទត្រសក់ ផ្លែចេក​លាយ​ជាមួយ​ទឹកដោះគោ​ឆៅ ឬក៏​យកម៉ាស​មកបិទ​មុខ​ទុករយៈពេល​១៥នាទី​រួចលាង​មុខចេញ ដើម្បី​ធ្វើឱ្យ​ស្បែកមុខ​ស្រស់ស្អាត​បែប​ធម្មជាតិ។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ជាទូទៅ​កញ្ញា​តែងតែ​ប្រើសាប៊ូ​ដែលត្រូវ​នឹងស្បែក​ខ្លួន នៅពេល​ដែល​ងូតទឹក​រួចហើយ ភាគច្រើន​កញ្ញា​ប្រើប្រាស់​ផលិតផល​ការពារ​ស្បែក​លាបខ្លួន​ទៅតាមការ​ពេញចិត្ដ និង​ក្លិន​ផលិតផល​នីមួយៗ។ នៅពេល​ទំនេរ​កញ្ញាចូលចិត្ដ​ស្ទីមខ្លួន ដើម្បី​ជួយឱ្យ​ស្បែកស្អាត។
  •  ការ​ថែរក្សា​ធ្មេញ ៖ ជាទូទៅវិ​ស្សា​សម្អាត​ធ្មេញ​ក្នុងមួយថ្ងៃ​៣ដង​ជាប្រចាំ ជាមួយ​នឹងថ្នាំ​ដុសធ្មេញ​ដែលមាន​សារជាតិ ជួយឱ្យ​ធ្មេញ​រឹងមាំ និង​ស។ វិស្សា​តែងតែ​ទៅជួប​គ្រូពេទ្យ​ធ្មេញ​រៀងរាល់​៦ខែម្ដង​ជាប្រចាំ ដើម្បី​ពិនិត្យ និង​សម្អាត​ធ្មេញ​មិនដែល​ខកខាន​ឡើយ។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម និង​បបូរមាត់ ៖ ភាគច្រើន​វិស្សា​ប្រើផលិតផល​បណ្ដុះ​រោមភ្នែក​ដោយ​ប្រើម៉ាស្ការ៉ា​ណាដែល​អាចថែរក្សា​រោមភ្នែក​ឱ្យបាន​ល្អ។ ចំពោះ​បបូរមាត់​កញ្ញា​តែងតែ​ស្វែងរកក្រេម​ដែលល្អ​ដើម្បី​ការពារ​យកមក​លាបលើ​បបូរមាត់ ព្រោះ​ត្រូវការពារ​កុំឱ្យ​បបូរមាត់​ប្រេះ។
  • ការ​ថែរក្សា​ក្រចកដៃ និង​ក្រចកជើង ៖ ចំពោះ​ក្រចកដៃ​ក្រចកជើង វិស្សា​លាប និង​កែលម្អ​ជារៀង​រាល់ថ្ងៃ និង​ប្ដូរពណ៌​ជានិច្ច​ទៅតាម​កម្មវិធី​ផ្សេងៗ។ ជាមួយគ្នា​នេះដែរ នាង​តែងតែសម្អាត​ជាមួយ​ក្រូចឆ្មារ និង​ត្រាំទឹកក្ដៅ​ឧណ្ហៗ និងឱ្យ​ជាងសម្អាត​ជាប្រចាំ​ផងដែរ។ ចំពោះ​ប្រអប់ដៃ​ប្រអប់ជើង នាង​តែងតែ​ប្រើឡេ​ការពារ​ជានិច្ច ដើម្បី​ឱ្យមាន​ភាពស្រឡូន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការ​ថែរក្សា​សុខភាព​រាងកាយ

នៅពេល​ដែលការ​សម្ដែង​មានការ​នឿយហត់ កញ្ញា​ត្រូវតែ​គេងឱ្យ​បាន​គ្រប់គ្រាន់ ទទួលទាន​អាហារ​ឱ្យបាន​គ្រប់គ្រាន់ ដែលមាន​សារជាតិ​បន្លែ និង​ផ្លែឈើ។ លើសពីនេះ​ដើម្បី​ឱ្យរាងកាយ​មាំមួន និង​សម្រស់​កាន់តែ​ស្រស់ស្អាត នាងក៏​ជ្រើសរើស​ការហាត់​កីឡា បើទោះ​បីជាកញ្ញា​មិនបាន​ចេញទៅ​ហាត់​នៅតាមក្លឹប​ក៏កញ្ញា​ហាត់​នៅផ្ទះ​ផងដែរ ដោយ​វិធីងាយៗ​ដែលអាច​ធ្វើទៅ​បាន។

គោល​បំណង​ទៅថ្ងៃអនាគត

កញ្ញា​វិស្សាបាន​ប្រាប់ថា បើសិនជា​ទស្សនិកជន​នៅតែ​មានការ​គាំទ្រ កញ្ញា​ប្រឹងប្រែង​បន្ដក្នុង​ការ​ប្រឡូក​ក្នុងវិស័យ​សិល្បៈ នឹង​នៅតែ​ច្រៀង​បំពេរ​អារម្មណ៍ទ​ស្សនិកជន​រហូត អាជីព​ជាអ្នក​សិល្បៈ​កញ្ញា​នៅតែ​បន្ដជានិច្ច មិន​បោះបង់​ចោល​នោះទេ។

បណ្ដាំផ្ញើ​របស់​កញ្ញា សួស វិស្សា

វិស្សា​ចង់ផ្ដាំផ្ញើ​ទៅសុភាពនារី​ទាំងឡាយ​ថា ចំពោះ​ការថែ​សម្រស់ និង​សុខភាព​ជាការចាំបាច់​បំផុត យ៉ាងណាមិញ​ការជ្រើសរើស​ផលិតផល​ឱ្យបាន​ត្រឹមត្រូវ​សមស្រប​ទៅនឹង​ប្រភេទ​ស្បែក​របស់​យើង ក៏​គួរតែ​យកចិត្ដ​ទុកដាក់​ឱ្យបាន​ល្អ ដើម្បី​ចៀសវាង​ពីបញ្ហា​ទាំងឡាយ​ចំពោះ​សម្រស់។ ចំពោះ​សុខភាព​វិញ​ក៏ដូចគ្នា​ដែរ សុខភាពល្អ​សម្រស់​ក៏ស្រស់​ស្អាត​ទៅតាម​នឹងដែរ។ ដូចេនេះ​សម្រស់​នឹង​សុខភាព​វាពិត​ជាមាន​សារៈ​សំខាន់​ទាំងអស់។

ការ​រៀបរាប់​ជូនខាងលើ​នេះ ជាការ​យល់ឃើញ និងការ​អនុវត្ដ​របស់​កញ្ញា សួស វិស្សា តែប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង​កញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថាល្អ​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បានហើយ។

  • អាយុ ៖ ២០ឆ្នាំ
  • កម្ពស់ ៖ ១,៦០ម៉ែត្រ
  • ទម្ងន់ ៖ ៤៥គីឡូ​ក្រាម
  • ទំហំ​ទាំងបី ៖ ៣៦, ២៧, ២៧
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១

Google Analytics Alternative