ធ្មេញ​ព្រៃ

នាងខ្ញុំ​មានកូន​ប្រុសម្នាក់​អាយុ​១០ខែ​ហើយ តែ​មិនទាន់​ដុះធ្មេញ​ទេ។ នាងខ្ញុំ​ចង់ដឹង​អំពី​ធ្មេញ​ដែលដុះ​ដំបូង​នៅលើ​ក្មេង សូម​វេជ្ជបណ្ឌិត យើង​ជួយ​បំភ្លឺ​នាងខ្ញុំ​ផង។
លោក​ស្រី ហ.ក.រ អាយុ​២៧ឆ្នាំ ខេត្ដ​កំពង់ធំ

វេជ្ជបណ្ឌិត​យើងៈ ធ្មេញ​ដំបូង​នេះ និយម​ហៅថា​ធ្មេញព្រៃ ឬ​ធ្មេញ​ទឹកដោះ ច្រើនតែ​ដុះពីរ​បីនៅ​មុខ នៅខែ​ទី៦​(អាយុ​បាន៦ខែ)។ ប៉ុន្ដែ​ក្មេងខ្លះ​ឆាប់ដុះ​ធ្មេញព្រៃ រីឯ​ក្មេងខ្លះ​ក្រដុះ។ ព្រោះថា​មានក្មេង​ខ្លះដុះធ្មេញ​ព្រៃ ពេល​ទើបនឹង​កើត​ជាដើម។ ផ្ទុយ​ទៅវិញ ក្មេង​ខ្លះ អាចដុះ​នៅចន្លោះ​ពី៩ ទៅ​១២ខែ។ កុមារ​តូចៗ​ខ្លះអាច​ដុះធ្មេញ​នេះដល់​ទៅ២០​ឯណោះ ទាំងស្និត​លើ ទាំងស្និត​ក្រោម គឺមាន​ធ្មេញព្រៃ មុខ​៤ ឬ​ធ្មេញព្រៃ​ចង្កូម២ និង​ធ្មេញព្រៃ​ថ្គាម​ចំនួន៤។ ធ្មេញ​ព្រៃទាំងអស់​នេះនឹង​ចាប់បាក់ ឬជ្រុះ​នៅអាយុ​៣ឆ្នាំ។ នៅអាយុ​បាន៦​ឆ្នាំ ធ្មេញព្រៃ​ត្រូវបាក់ ឬ​ជ្រុះអស់ ហើយ​ជំនួស​ដោយ​ធ្មេញ​សម្រាប់​មួយជីវិត។ ដូច្នេះ​ក្នុង​ករណី​កូនប្រុស​របស់​លោកស្រី​អាចក្រដុះ​ធ្មេញព្រៃ ប្រហែល​ជានឹង​ដុះ​នៅពេល​ឆាប់ៗ​នេះហើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative