តំណម​បួនយ៉ាង​ជួយ​កាត់បន្ថយ​ជម្ងឺ​មហារីក​ត្រចៀក ច្រមុះបំ​ពង់ក

បើទោះជា​យើង​មិនអាច​បញ្ឈប់​ឬមិនឲ្យ​កើតជម្ងឺ​មហារីក​ក្តី ប៉ុន្តែ​យើង​មាន​វិធី​បួនយ៉ាង​អាចជួយកា​ត់បន្ថយ​ហានិភ័យ បណ្តាល​ឲ្យកើត​ជម្ងឺ​មហារីក​ត្រចៀក ច្រមុះ និង​បំពង់ក​បាន។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ក្រុម​គ្រូពេទ្យ​ផ្នែក​ជម្ងឺ​មហារីក​នៃមន្ទីរពេទ្យ​កាល់ម៉ែត្រ បានមាន​ប្រសាសន៍​ឲ្យដឹង​កាលពី​ពេលថ្មីៗ​នេះថា អ្នក​វិទ្យាសា​ស្រ្ត​មិនទាន់​រកឃើញ​មធ្យោបាយ​ការពារ​កុំឲ្យ​កើតជម្ងឺ​មហារីក​ត្រចៀក ច្រមុះ​​បំព​ង់​ក​នៅទ្បើយ​ទេ ប៉ុន្តែ​យើងមាន​មធ្យោបាយ​បួនយ៉ាង​ដើម្បី​កាត់បន្ថយ​ជម្ងឺនេះគឺ​ តម​កុំពិសា​ស្រា ជក់​បារី ប្រើ​ទឹកខ្ពុរ​មាត់​សម្លាប់​មេរោគ និង​ជៀសវាង​ការធ្វើ​ឳរ៉ាល់សិច ។ លោកបន្ត​ថា ប្រសិនជា​យើង​មិនអាច​បញ្ឈប់ការ​ទទួលទាន​សុរា​បាន យើង​អាច​ចាប់ផ្តើម​កាត់​បន្ថយ​វាជា​បណ្តើរ​ជាការ​ប្រសើរ។

លោកបន្ត​ថា ជម្ងឺ​មហារីក​ត្រចៀក ច្រមុះ និង​បំពង់ក ជាប់​ចំណាត់​ថ្នាក់លេខ​បី​នៃករណី​ជម្ងឺ​មហារីក​សរុប ដែល​រកឃើញ​នៅកម្ពុជា ហើយ​ជម្ងឺ​ទាំងបីនេះ​មាន​មូលហេតុ​ផ្សេងៗ​គ្នា ដូចជា​ជម្ងឺ​មហារីក​ច្រមុះ​បណ្តាល​មកពី​ផ្សែងបារី ការ​ផ្លុំភ្លើង​ដោយ​ទុយោ នាំឲ្យ​ផ្សែង​ហុយ​ចូល​ច្រមុះ ឬ​ជាងឈើ​ដែលប្រឈម​នឹង​ការ​ហុយ​កំទេច​ឈើចូលក្នុ​ងច្រមុះ ។ ចំណែក​ជម្ងឺ​មហារីក​បំពង់ក បណ្តាល​មកពី​មេរោគ​EBSTEINBAR ដែល​ចូលក្នុង​ក្រពេញ​ទឹកមាត់ ហើយ​មេរោគនេះ​សម្ងំ​​ក្នុងខ្លួន​យើង មុនកើត​ជម្ងឺ​នេះ ប៉ុន្តែ​មិនមែន​មនុស្ស​ឆ្លង​មេរោគនេះ​​សុទ្ឋតែកើ​តជម្ងឺ​​នេះទ្បើយ។

អ្នក​វិទ្យាសាស្រ្ត​មិនទាន់​រកឃើញ​មូលហេតុ​ពិតប្រាកដ បណ្តាល​ឲ្យកើត​ជម្ងឺ​មហារីក​ត្រចៀក​នៅទ្បើយ ប៉ុន្តែ​គេសង្ស័យ​ថាវា​បណ្តាល​មកពី​ផ្សែងបារី។

តើគេ​អាចដឹង​រោគ​សញ្ញា​ជម្ងឺនេះ​យ៉ាង​ដូចម្តេច? ​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ​បាន​ពន្យល់​ថា ជម្ងឺ​មហារីក​ច្រមុះ វានាំ​ឲ្យមាន​ការឈាម​ច្រមុះ​ញឹកញាប់ និង​ឈឺ​តិចៗ​ក្នុងខ្ទង់​ច្រមុះ ប៉ុន្តែ​គេមិនអាច​រកឃើញ​ជម្ងឺនេះ​ដោយ​ភ្នែកបានទេ វា​ទា​ម​ទារ​ឲ្យគ្រូពេទ្យ​ពិនិត្យ​មើល តាមរយៈ​ឧបករណ៍​ថតឆ្លុះ​ទើបមើល​ឃើញ។ ចំ​នែក​ជម្ងឺ​មហារីក​បំពង់ក គេអាច​មើលឃើញ​តាមរយៈ​ដំបៅ​រលួយ ឬ​ដុះសាច់​ក្នុងបំពង់​ក ប៉ុន្តែ​បើវា​កើតលើ​បំពង់​សម្លេង​យើង​មិនអាច​មើលឃើញ​ទេ វា​ទាមទារ​​ការថតឆ្លុះ​ដោយ​ឧបករណ៍​ទំនើបៗ ប៉ុន្តែ​គេអាច​កត់សម្គាល់ជម្ងឺ​នេះតាមរយៈ​សម្លេង​របស់​អ្នកជម្ងឺ​ចេះតែមាន​សម្លេង​ស្អកៗ​កើនទ្បើង​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

រីឯជម្ងឺ​មហារីក​ត្រចៀក គឺវា​តែងមាន​ទឹកថ្លាៗ និង​ឈឺចាប់​ក្នុងត្រ​ចៀក​រហូ​ត​មិនអាច​ទ្រាំបាន។

លោក​បន្តថា អ្នកកើត​ជម្ងឺនេះ​ជាមធ្យម​មានវ័យ​៥១ឆ្នាំ ប៉ុន្តែ​នៅកម្ពុជា​មាន​​វ័យក្មេង​ជាងនេះ គឺ​អាយុ​ចន្លោះពី​៣០ទៅ​៤០ឆ្នាំ ហើយ​ជម្ងឺនេះកើ​តលើ​ស្រ្តី និង​បុរស​ក្នុងចំនួន​ស្មើគ្នា។ ជម្ងឺនេះ​អាច​ព្យាបាល​បាន​ជាសះស្បើយ​៥០ភាគរយ ប៉ុន្តែ​​នៅអឺរ៉ុប​ឬសហរដ្ឋ​អាមេរិក​អត្រា​ជាសះស្បើយ​មាន​រហូតដល់​៦០ភាគរយ ដោយ​សារ​ប្រជាជន​ប្រទេស​ទាំងនោះ ពួកគេ​យកចិត្ត​ទុកដាក់​ថែរទាំ និង​ពិនិត្យ​សុខភាព​ជា​ប្រចាំ។

អត្ថបទដោយ ៖​គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២

Google Analytics Alternative