ថ្នាំ​បន្សាប​សារធាតុ​គីមី

តើមាន​ថ្នាំអ្វី ដែល​អាច​បន្សាប​សារធាតុ​គីមី​ដែលគេ​ប្រើទៅ​លើបន្លែ​ផ្លែឈើ​ឬសាច់?
លោក ជ.ស.ប៉ អាយុ ២៤​ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើង(១) ៖ វាពិត​ជាមិនមាន​ថ្នាំអ្វី​ទាំងអស់ សម្រាប់​បន្សាប​សារធាតុ​គីមី​បានទេ។ ព្រោះថា​រាល់ពេល​ដែលក​សិករ​ប្រើថ្នាំ​ដែលមាន​សារធាតុ​គីមី​ដាក់ទៅ​លើ​បន្លែផ្លែឈើ ឬ​សាច់ដែល​យើង​បរិភោគ​រាល់ថ្ងៃ ជាតិថ្នាំ​បាន​ជ្រាប​ចូល​ទៅក្នុង​កោសិកា​បន្លែ ផ្លែឈើ ឬ​សាច់​រួចទៅហើយ។ មាន​វិធី​ងាយ​ម្យ៉ាង គឺការ​លាង​បន្លែ​ផ្លែឈើ​ច្រើនដង ឬចិត​សម្បក អាច​កាត់បន្ថយ​តិចតួច​នូវ​សារធាតុ​គីមី ដែល​ពុំទាន់​ជ្រាប​ចូលក្នុង​កោសិកា​បន្លែ ផ្លែឈើ ឬ​សាច់​នោះ។ ទោះបី​ជាបងប្អូន​បាន​ចម្អិន​បន្លែ ឬ​សាច់នោះ​ឆ្អិនក៏​ដោយ ក៏​មិនអាច​បន្សាប​សារធាតុ​គីមី​នោះបាន​ដែរ ហើយ​មាន​សារធាតុ​គីមីខ្លះ ពេល​ដែលបាន​ចម្អិនឆ្អិន​ហើយ​អាចមាន​ប្រតិកម្ម​ខ្លាំង​ជាងមុន​ទៅទៀត។ ឧទាហរណ៍ មាន​កសិករ​ម្នាក់​គាត់​បាញ់ថ្នាំ​អាដេតេ​ទៅលើ​បន្លែ​នៅលើ​ភ្នំ ពេលនោះ​ជាតិថ្នាំ​បាន​ជ្រាបចូល​ក្នុង​កោសិកា​បន្លែ និង​មាន​ជាតិថ្នាំ​ខ្លះទៀត បាន​ហូរចុះ​ពីលើភ្នំ​ចូល​ទៅក្នុង​ទឹកបឹង ឬ​ស្ទឹង​ដែលនៅ​ក្បែរ​នោះ។ ហើយ​សារធាតុ​ពុល​នោះក៏​អាច​បណ្ដាល​ឱ្យសត្វ​ដែល​នៅក្នុងទឹក​ស្លាប់​បាន។ ទោះបីជា​វាធ្លាក់​ពីលើភ្នំ​ខ្ពស់​ប៉ុណ្ណា​ក៏ដោយ ក៏សារ​ធាតុពុល​នៅតែ​មានខ្លាំង​ដដែល។ សូម​ជម្រាប​ប្អូនប្រុស​ថា ទស្សនាវដ្ដី សុខភាពយើង លេខ​០០៤ ខែ​ឧសភា ឆ្នាំ​២០០៦ ធ្លាប់លើក​មកជម្រាប​ជូនអំពី​ផលវិបាក អត្ថ​ប្រយោជន៍ និង​ដំបូន្មាន​ល្អៗ ទាក់ទង​នឹង​សារធាតុគីមី​កសិកម្ម នៅក្នុង​អត្ថបទ “ថ្នាំ​គីមី​កសិកម្ម​បំផ្លាញ់​សុខភាព”។

(១) ចម្លើយ​ទាំងពីរនេះ​ផ្ដល់​ប្រឹក្សា​ដោយ​វេជ្ជបណ្ឌិត ទឹក ចាន់ណារិន ប្រធាន​ការិយាល័យ​រដ្ឋបាល នៃ​មជ្ឈមណ្ឌល​ជាតិលើក កំពស់ សុខភាព

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative