ក្មេង​ទំនើង

មាតាបិតា​គ្រប់រូប​ចិញ្ចឹម​បីបាច់​ថែរក្សា​អប់រំកូន​គឺប្រាថ្នា​ចង់ឱ្យកូន​ល្អ និង​មាន​អនាគត ប៉ុន្ដែ​កូន​មួយចំនួន​បែរជា​យល់ខុស​នឹង​បំណង​របស់​មាតាបិតា បែរជា​ទៅ​ប្រព្រឹត្ដ​នូវអំពើ​ផ្សេងៗ​ដែល​តែងតែ​កើតមាន​ឡើងក្នុង​សង្គម។ តើ​កត្ដា​ទាំងអស់​នេះ បណ្ដាល​មកពី​មូលហេតុ​អ្វី?

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​មហា​សុវណ្ណ​ប្បជោត កង ណាម៉ានី ចៅអធិការ​វត្ដសំពៅមាស និង​ជាវិន័យ​ធរអនុគណ​ខ័ណ្ឌ​៧មករា ព្រះតេជគុណ​នឹងធ្វើការ​បកស្រាយ​អំពី​ប្រធានបទ​ក្មេង​ទំនើង ដើម្បី​ឱ្យ​លោកអ្នក​នាងកញ្ញា​បាន​ជ្រាប និង​យល់​កាន់តែ​ច្បាស់អំពី​ប្រធានបទ​នេះ។

ក្មេង​ទំនើង​ជាអ្វី?

ក្មេង​ទំនើង​ជាពាក្យ​មួយដែល​ទើបនឹង​ប្រើប្រាស់​សព្វថ្ងៃនេះ​ រហូត​ដល់មាន​ពាក្យ​ចាស់ទំនើង​ទៀត។ នៅក្នុង​វចនាក្រម សម្ដេច ជួន ណាត លោក​ពន្យល់ថា​ទំនើង​គឺអ្វី​ដែលធ្វើ​ទៅតាម​អំពើចិត្ដ ធ្វើ​ទៅតាម​អ្វីដែល​នឹកឃើញ មិនមាន​ក្រែងរអែង​នឹង​ច្បាប់ ក្រែង​រអែង​នឹង​ទំនៀមទម្លាប់ ក្រែង​រអែង​នឹង​សង្គម និង​ក្រែង​រអែង​ចិត្ដមាតាបិតា​ឡើយ នឹក​ចង់ធ្វើអី​ធ្វើនឹង។ ដោយ​ក្មេង​ទំនើង គឺក្មេង​ដែលមាតាបិតា​ប្រដៅ​មិនស្ដាប់ ធ្វើអ្វី​ទៅតាម​អំពើចិត្ដ​របស់ខ្លួន។

មូលហេតុ​ដែលកើត​មានឡើង​នូវក្មេង​ទំនើង

មូលហេតុ​ដែលបង្ក​ឱ្យមាន​ក្មេងទំនើង​កើតមាន​ឡើង​នៅក្នុង​សង្គមខ្មែរ ព្រោះ​ដោយសារ​ក្មេងខ្លះ​កើតមក​ពីតូច​មាតាបិតា មាន​បញ្ហា​ឬវិបត្ដិ​អ្វីមួយ ដូចជា​ការជួប​គ្រោះថ្នាក់ ឬ​ដោយសារតែ​សង្គ្រាម​ហើយ​ត្រូវស្លាប់ រីឯ​កូននៅ​តូចៗ​មិនមាន​ភាព​កក់ក្ដៅ មិនមាន​ការ​អប់រំ​ថែរក្សា និងអាច​មកពី​មាតាបិតា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ដោយសារ​ជម្ងឺ​បន្សល់​ទុកកូន​ឱ្យកំព្រា​នៅម្នាក់​ឯង។ ហើយ​បញ្ហា​ផ្សេងមួយ​ទៀត​ដែលកើត​មាននូវ​ក្មេង​ទំនើង​នេះគឺ​ដោយសារ​កត្ដា​ជាច្រើន​មាន​ដូចជា ៖

1 . កត្ដា​ទី១ ៖ ផ្ដើមចេញ​ពីមាតាបិតា​មានការ​ធ្វេស​ប្រហែស ហើយ​ស្រឡាញ់​កូនខ្លាំង​ពេក ធ្វើឱ្យ​កូនបាន​ចិត្ដ និង​តាមតែ​ទំនើងចិត្ដ​របស់​កូន រហូត​ក្លាយ​ទៅជា​ទម្លាប់។

2 . កត្ដា​ទី២ ៖ មាតាបិតា​ខ្វះការយក​ចិត្ដទុក​ដាក់​ចំពោះ​កូន មិនសូវ​ផ្ដល់​ភាព​កក់ក្ដៅដល់​កូន ព្រោះ​មាតាបិតា​ជាគ្រូ​ដើម បង្រៀន​កូនឱ្យ​មាន​បែបបទ ព្រោះ​នៅសាលារៀន​គ្រូគ្រាន់តែ​ជាអ្នក​ផ្ដល់​ចំណេះ​ដឹង ប៉ុន្ដែ​ការ​បង្រៀន​ពីការ​រស់នៅ ការ​អប់រំ​ចរិត មារយាទ និង​ឥរិយាបថ​គឺមាតា​ជាអ្នក​បង្រៀន ដូចពាក្យ​ចាស់​បានពោល​ថា ពត់ដែក​ទាន់នៅក្ដៅ​ ប្រដៅ​កូនចៅ​ទាន់នៅក្មេង។

3 . កត្ដាទី៣ ៖ បរិយាយ​កាស​សង្គម ដោយភាព​ហ៊ឺហា ភាព​សប្បាយ​តាមមិត្ដ​ភក្ដិ តាមពួក​ខិលខូច ធ្វើឱ្យ​ក្មេង​អាចទៅជា​ក្មេង​ទំនើង​បាន។ សង្គមខ្មែរ​យើង​មានច្បាប់​គ្រប់គ្រាន់​ហើយ ប៉ុន្ដែការ​អនុវត្ដន៍​ច្បាប់​ដូចជា​មិនសូវ​បាន​ដិតដល់​នៅឡើយ​ទេ ដោយ​អ្នកខ្លះ​មានការ​ភ័យខ្លាច​នឹងអំណាច ខ្លាច​ឥទ្ធិពល បានជាធ្វើ​ឱ្យ​ក្មេងទៅជា​ទំនើង មិនមាន​នរណា​ទៅចាប់ ឬ​ទៅយក​មក​អប់រំ ព្រោះ​មាតាបិតា​របស់​ក្មេងទំនើង​មានយសសក្ដិ​ធំ មានមុខ​មានមាត់ កូនធ្វើ​អ្វីខុស​មិនមាន​នរណា​មួយហ៊ាន​ចាប់់ ឬដាក់​ទោស ដាក់​ទ័ណ្ឌកម្ម​ឡើយ។ ដោយសារ​កត្ដា​ទាំងអស់​ហើយ​បានជា​កើតមាន​នូវក្មេង​ទំនើង កើតមាន​ឡើងនៅក្នុង​សង្គម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផល​ប៉ះពាល់​ដល់បញ្ហា​ក្នុង​សង្គមជាតិ និងក្រុ​មគ្រួសារ

រឿង​ផល​ប៉ះពាល់​នេះមាន​ច្រើន​ណាស់ កាលណា​មនុស្ស​គ្មានបែប​បទ វា​ចាប់ផ្ដើម​ពីនៅក្នុង​សង្គម និង​គ្រួសារ។

  • ខ្លួនឯង​ផ្ទាល់ ដោយកូន​ជាមនុស្ស​ខូច មនុស្ស​អប់រំ​លែងបាន ប្រដៅ​លែងបាន ធ្វើអ្វី​តាមអំពើចិត្ដ។ កាលណា​ក្មេង​ទំនើង អាច​ទៅជា​បោះបង់​ចោលការ​សិក្សា ធ្វើឱ្យ​បាត់​អនាគត អាច​ឈានចូល​សង្គម​គ្រឿងញៀន ចូល​ទៅក្នុង​សង្គម​បងតូច​បងធំ និង​អាចឈាន​ក្នុងរឿង​ចោរកម្ម​ណាមួយ​ជាមិនខាន។
  • ក្រុម​គ្រួសារ ព្រោះ​ក្មេង​ទំនើង​តែងតែ​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្ដិ​របស់​មាតាបិតា ពេល​ដែលមាតាបិតា​ទិញ​របស់​របរផ្សេងៗ ដូចជា​ទិញម៉ូតូ​ឱ្យកូន កូនយក​ម៉ូតូ​ទៅលក់ ឱ្យលុយ​ទៅបង់​សាលា​យកលុយ​ដែលបង់​សាលា​ទៅចាយ​វាយ។ ករណីក្មេង​មួយចំនួន​ទៀត​មាតាបិតា​ឱ្យលុយ​ទៅបង់​សាលា ប៉ុន្ដែ​កូន​បែរជា​មិនយក​លុយទៅ​បង់សាលា យក​លុយ​ទៅដើរ​លេងចាយខ្ជះ​ខ្ជាយ ជួនកាល​អាចយក​លុយ​ទៅទិញ​គ្រឿងញៀន​ជក់ក៏​ថាបាន។ ភាព​សប្បាយ​រីករាយ​ច្រើនទៅ​ អាច​ធ្វើឱ្យ​ក្មេង​លែងរៀន​សូត្រ លែងចូលសា​លា គិតតែ​រឿង​សប្បាយ ធម្មតា​ការ​សប្បាយ​របស់​មនុស្ស​ត្រូវការ​ចាយលុយ បើអត់​លុយ​សប្បាយ​អត់កើត។ ដូច្នេះ​នៅពេល​ដែល​អត់លុយ​មានតែ​លួចលុយ​មាតាបិតា ព្រោះ​ពេល​សុំលុយ​មិនឱ្យ​មានតែ​លួច ឬអាច​ទៅបង្ក​រឿង​នៅខាងក្រៅ បង្ក​ទំនាស់​ជាមួយ​អ្នកដទៃ រហូត​មាតាបិតា​ជាអ្នក​ចេញសង​រាល់ការ​ខូចខាត វាធ្វើឱ្យ​មាន​ផល​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​ក្រុម​គ្រួសារ និង​កិត្ដិយស​ក្រុម​គ្រួសារ​ទៀត។
  • កាលណា​មានក្មេង​ទំនើង​តែងតែ​មានផល​ប៉ះពាល់​ដល់​បញ្ហា​ក្នុងសង្គម​ជាតិ ដូចជា​ក្មេង​ទំនើង​ទៅបង្កើត​ជាក្រុម បង្កើត​ទៅជាពួក​បង្កភាព​អនាធិបតេយ្យ ដើរ​វាយកាប់​ចាក់គ្នា ដើរ​លួច ដើរប្លន់ ដើរកាប់​សម្លាប់​គ្នា។

កត្ដា​ទាំងអស់​នេះហើយ​ដែលធ្វើ​ឱ្យក្មេង​ក្លាយ​ខ្លួនទៅជា​ក្មេង​ទំនើង​បាន។

មធ្យោបាយ​ការពារ​ទប់ស្កាត់​ក្មេង​ទំនើង

ដើម្បី​ទប់ស្កាត់​នូវបញ្ហា​នេះ មាតាបិតា​គ្រប់រូប​មិនត្រូវ​បណ្ដោយ​តាមអំពើ​ចិត្ដ​របស់​កូនទេ។ ដូចពាក្យ​ចាស់​បុរាណ​បាន​ពោលថា ចង់ពត់​ឈើទាន់​ឈើនៅ​តូច ចង់​ប្រដៅ​មនុស្ស​ទាន់​មនុស្សនៅ​ក្មេង ដូច្នេះ​មាតាបិតា​ជាអ្នក​ចាប់ផ្ដើម​អប់រំ​កូនពីតូច និង​បង្រៀនកូន​ឱ្យចេះ​គោរព ចេះស្ដាប់បង្គាប់​មាតាបិតា ជាពិសេស​មាតាបិតា​មិនត្រូវ​ទំនើង មិនត្រូវ​បណ្ដោយ​ទៅតាម​អំពើ​ចិត្ដកូន ឡើយ។ ស្រឡាញ់​កូនមិន​ត្រូវផ្ដល់​អ្វីហួសហេតុ​ដល់កូន​ទេ ត្រូវ​មើល​កាលៈទេសៈ​ទាក់ទង​នឹងសម្ភារៈ​ប្រើប្រាស់​ផ្សេងៗ កាលណា​មាតាបិតា​បណ្ដោយ​កូនពេក​ទៅជា​ធ្វើឱ្យ​កូនអាច​ក្លាយទៅជា​ក្មេងទំនើង​បាន។

ដំបូន្មាន​អ្នក​ប្រឹក្សា

មាតាបិតា​គ្រប់រូប​ប្រាថ្នា​ចង់ឱ្យ​កូនល្អ​នៅក្នុង​សង្គម។ កូន​ប្រុសស្រី​ទាំងអស់​បើ​ស្រឡាញ់​ខ្លួន​ត្រូវចេះ​គោរព​មាតាបិតា ព្រោះ​មាតាបិតា​ជាព្រះ​រស់ ដូច្នេះ​កូន​ត្រូវតែ​គោរព​ត្រូវឱ្យ​តម្លៃខ្ពស់ ជីវិត​កូនចៅ​ប្រុសស្រី​ទាំងអស់់​គ្នាមាតាបិតា​ជាអ្នកផ្ដល់​ឱ្យ ពាក្យ​ដែល​មាតាបិតា​និយាយ​ទូន្មាន​អប់រំ​គួរតែ​ស្ដាប់ និង​ត្រូវយក​មកដាក់​នៅក្នុង​ចិត្ដ ត្រូវ​គោរព ត្រូវ​ប្រតិបត្ដិ​ឱ្យក្លាយ​ទៅជា​កូនល្អ ហើយ​មិនត្រូវ​បំភ្លេច​ពាក្យ​មាតាបិតា​ទេ។ ដោយសារ​កូន​ភាគច្រើន​ដែល​ក្លាយខ្លួន​ទៅជាក្មេង​ទំនើង​ដោយសារ​ការ​បំភ្លេច​បណ្ដាំ​មាតាបិតា និង​មិនយក​ចិត្ដទុក​ដាក់​ស្ដាប់ពាក្យ​មាតាបិតា បែរជា​ចងចាំ​នូវពាក្យ​របស់​មិត្ដភក្ដិ​និយាយ​យ៉ាងម៉េច​ធ្វើតាម មិនហ៊ាន​ក្បត់​មិត្ដភក្ដិ សុខចិត្ដ ចោល​មាតាបិតា។ ដូច្នេះ​កូន​ប្រុសស្រី​គប្បី​ត្រូវ​គោរព​និងស្ដាប់​ដំបូន្មាន​របស់​មាតាបិតា​ទើប​ជីវិត​មានភាព​ប្រសើរ និង​រុងរឿង​នាថ្ងៃអនាគត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១

Google Analytics Alternative