ទារក និង​ថ្នាំជាតិ​កាល់ស្យូម

ជម្រាប​សួរ​លាកវេជ្ជបណ្ឌិត ចេងហ៊ុយ។ ដូច​ដែល​នាងខ្ញុំ​បានផ្ញើ​សារជាមួយ​លោក​វេជ្ជបណ្ឌិត​តាម facebook ខ្ញុំ​សូម​ជម្រាប​លោក​គ្រូជាថ្មី​ថា ខ្ញុំ​មានកូន​ម្នាក់អាយុ​៦ខែ។ នាងខ្ញុំ​ឱ្យគាត់​បៅ​ទាំងពីរ​យ៉ាង ទឹកដោះ​ម្ដាយផង និង​ម្សៅទឹកដោះគោ​ផង នាងខ្ញុំ​ចង់សួរ​នូវ​សំណួរ​ដូចតទៅ។ នាងខ្ញុំ​ចង់ឱ្យ​កូន​របស់​នាងខ្ញុំ​ទទួលបាន​ជាតិកាល់ស្យូម​ចាប់ពី​អាយុ​៦ខែ​ឡើងទៅ តើអាច​ឬទេ? បើសិនជា​អាច តើត្រូវ​ផ្ដល់​ឱ្យគាត់​រហូត​ដល់អាយុ​ប៉ុន្មាន​ឆ្នាំទៅ? សូមលោក​វេជ្ជបណ្ឌិត​ជួយ​ណែនាំ​ឈ្មោះថ្នាំ​ដែលមាន​ជាតិ​កាល់ស្យូម ដែលល្អ​សំខាន់​សម្រាប់​ទារក​របស់ខ្ញុំ ខ្ញុំ​ចាត់ទុក​កូន​របស់ខ្ញុំ​ជាមាស ខ្ញុំ​ចង់ឱ្យ​គាត់​ធំលូតលាស់​បានល្អ។ ប្រសិនបើ​លោក​វេជ្ជបណ្ឌិត​មាន ដំបូន្មាន​ផ្សេងទៀត សូមជួយ​ណែនាំ​ផង។ សូម​អរគុណ​នូវការ​ឆ្លើយតប​ជាវិជ្ជមាន​របស់​លោក​វេជ្ជបណ្ឌិត។ សូម​គោរពលា។
លោក​ស្រី ភ. រ. វ អាយុ​មិនដឹង ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ គឺជាការ​អនុវត្ដ​ដ៏ត្រឹមត្រូវ​មួយ ដែល​ម្ដាយ​មានចំពោះ​កូន។ ការបន្ថែម​ម្សៅ​ទឹកដោះគោ​ដែលមាន​ជាតិកាល់ស្យូម និង​អាហារ​បំប៉ន​នានា គឺជាការ​ល្អ​សម្រាប់​ទារក។ ព្រោះថា​ទារក​មិនចាញ់​មនុស្ស​ពេញវ័យ​ប៉ុន្មាន​ទេ គេត្រូវ​ការសារធាតុ​ចិញ្ចឹម អាហារ​សាងសង់ និង​អាហារ​បំប៉ន​នានា ដើម្បីការ​រីក​លូតលាស់។ តាមពិត​សរីរាង្គកាយ របស់​កុមារ​ត្រូវការ​នូវសារធាតុ​ជាច្រើន ដូចជា​វីតាមីន រ៉ែខនិជ ជាតិ​កាល់ស្យូម វីតាមីនដេ ប្រូតេអ៊ីន អាស៊ីត​សរីរាង្គ​ផ្សេងៗទៀត។ល។ សម្រាប់ការលូ​តលាស់ និង​សាងសង់​នានា។ ចំពោះ​ជាតិកាល់ស្យូម វាពិតជា​ផ្ដល់​អត្ថប្រយោជន៍​ដល់​ទារក​តាំងពីកើត​រហូតដល់​ពេញវ័យ ដែលជា​សារធាតុ​មួយជួយ​ឱ្យឆ្អឹង​លូតលាស់​បានរឹងមាំ​ល្អ ប៉ុន្ដែ​ដើម្បីឱ្យ​ការលូតលាស់​ល្អ ដាច់ខាត​ត្រូវប្រើ​លាយ​ជាមួយ​វីតាមីនដេ។ ហេតុនេះ​បើលោកស្រី​ឱ្យទារក ឬ​កូន​របស់​លោកស្រី​ញ៉ាំតែថ្នាំ​ជាតិកាល់​ស្យូម ឬ​ទឹកដោះគោ​ដែលមានតែ​ជាតិកាល់ស្យូម​តែមួយ​មុខ ពិតជាមិន​ត្រឹមត្រូវ​នោះទេ។ ដោយសារ​ពិបាក​កំណត់​គុណភាព​នៃអាហារ​បំប៉ន ឬ​ទឹកដោះគោ​ម្សៅ​នៅលើ​ទីផ្សារ​កម្ពុជា ខ្ញុំបាទ​សូមរក្សា​សិទ្ធិ​មិនណែនាំ​លោកស្រី​ទៅលើថ្នាំ​ជាតិកាល់ស្យូម ឬ​ម្សៅ​ទឹកដោះគោ​ណាមួយ​នោះទេ។

ជាការ​ពិតណាស់ មាតាបិតា​គ្រប់រូប​ស្រឡាញ់​កូនស្មើ​នឹងកែវ​ភ្នែក មិនចង់​ឃើញកូន​មិនមាន​សុខភាព​ល្អ ឬ​ទាបតឿ​នោះទេ ប៉ុន្ដែ​ក៏មិន​ត្រូវពន្លូត​ឱ្យខ្ពស់​ហួសហេតុ​នោះទេ។ ហេតុនេះ​សូមផ្ដល់​ដល់ទារក​នូវចំណី​អាហារ​ដែលមាន​សារធាតុ​ចិញ្ចឹម សាងសង់ និង អាហារ​ថាមពល​សព្វមុខ ដើម្បី​សុខភាព​ទារក និងការ​លូតលាស់​បានល្អ។ សូម​ឱ្យកូន​របស់​លោកស្រី​មាន​សុខភាពល្អ និង​រាងកាយ​លូតលាស់​សមសួន។

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៨ ខែកញ្ញា ឆ្នាំ២០១១

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *