ជម្ងឺ​ស្លន់ស្លោ

ជម្ងឺ​ស្លន់ស្លោ​ច្រើន​កើតមាន​ជាតំណាក់​កាលៗ ផ្ដើមចេញ​ពីលោកអ្នក​ដែល​តែងតែ​កើតមាន​ជម្ងឺ​ថប់អារម្មណ៍ ហើយ​ឆាប់​ភ័យ ខ្លាច និង​មានស្មារតី​តិច។ ប្រសិនបើ​មិនធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​នោះ ជម្ងឺនេះ​អាចបង្ក​ផល​ប៉ះពាល់​យ៉ាងខ្លាំង​មកលើ​សុខភាព និង​ជីវភាព​រស់នៅ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​យល់ច្បាស់​អំពី​ជម្ងឺនេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេស ជម្ងឺ​ផ្លូវចិត្ដ នៃ​មន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត។

ជម្ងឺ​ស្លន់ស្លោ​ជាអ្វី?

ស្លន់ស្លោ​គឺជា​ជម្ងឺម្យ៉ាង​ដែលកើត​ចេញពី​លោកអ្នក​មាន​ស្មារតី​តិច ធ្លាប់​បាក់ស្បាត ថប់​អារម្មណ៍ និង​ខ្សោយ​បេះដូង។ ជម្ងឺនេះកើតមាន​នៅលើ​មនុស្ស​ដែលគិត​ច្រើន ប៉ុន្ដែការ​គិតនោះ​វាមិន​អាចយក​ជាការ​បាននោះ​ឡើយ។ ហើយ​ទង្វើដែល​អ្នកជម្ងឺ ប្រភេទនេះ​ធ្វើហាក់​បីដូចជា​មិនសូវ​មានអ្នក​គាំទ្រ​នោះទេ ព្រោះធ្វើ​ទៅលើ​អ្វីដែល​ខ្លួនគិតថា​ត្រឹមត្រូវ​ហើយ​ខុសឆ្គង។ ជម្ងឺ​ស្លន់ស្លោ​នេះ មានដើម​កំណើត​ដោយសារ​តំណពូជ​ដែរ សូម្បីតែ​កូនក្មេង​តូចៗ​ក៏មាន​ជម្ងឺ​ស្លន់ស្លោ ព្រោះ​ពេលខ្លះ​ក្មេងតូចៗ​ទាំងនេះ​ពេលឃើញ​ម្ដាយ រងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​អ្វីមួយ ឬឃើញ​បងៗយំ​ក៏ធ្វើឱ្យ​អារម្មណ៍​របស់ក្មេង​នេះមាន​ការភ័យខ្លាច​ក៏យំ​តាម ហេតុផល​នេះអាច​ធ្វើឱ្យ​កុមារ​មានអារម្មណ៍​ស្លន់ស្លោ​បានដែរ។

រោគសញ្ញា​ជម្ងឺ​ស្លន់ស្លោ

អ្នកមាន​ជម្ងឺ​ស្លន់ស្លោ​បានបង្ហាញ​ឱ្យឃើញ​នូវ​អាកប្ប​កិរិយា​មិន​ប្រក្រតី ដូចជា​ពេលមាន​រឿងរ៉ាវ​តិចតួច​ឆាប់ស្លុត ញ័រ​ដើមទ្រូង ងងឹត​មុខ ស្រឺត​បាត់ម្ចាស់​ការលើ​ខ្លួនឯង។ អ្នក​មានជម្ងឺ​ប្រភេទនេះ​មិនត្រូវ​ឱ្យនៅ​ម្នាក់ឯង​នោះទេ ហើយ​ក៏មិនត្រូវ​ឱ្យគិត​ច្រើន​ដែរ។ ហើយ​មិនត្រូវ​បង្ហាញ​នូវ​ហេតុការណ៍​ណាដែល​បង្កឡើង​មានភាព​រន្ធត់ៗ​នោះឡើយ ព្រោះ​អ្នកជម្ងឺ​អាចមាន​អារម្មណ៍​គិតដល់ រឿងនោះ​ហើយ​សន្លប់​បាត់ស្មារតី​តែម្ដង។

វិធី​ព្យាបាល​អ្នកជម្ងឺ​ស្លន់ស្លោ

ខណៈពេល​ដែលអ្នក​ជម្ងឺ​ស្លន់ស្លោ​កំពុងតែ​មាន​សភាព​សន្លប់ស្ដូក​ស្ដឹង ត្រូវ​ជ្រើសរើស​វិធីសាស្ដ្រ​ពន្យល់​ប្រាប់អ្នក​ជម្ងឺ​ដោយលើក​ទឹកចិត្ដ ដោយ​បញ្ជាក់​ប្រាប់ថា​មិនមាន​បញ្ហាអ្វី​នោះទេ។ ហើយ​មិនត្រូវ​ឱ្យអ្នក​ជម្ងឺ​គិតច្រើន ត្រូវ​យកចិត្ដ​ទុកដាក់​លើអ្នក​ជម្ងឺ ឱ្យបាន​ត្រឹមត្រូវ និង​ធ្វើឱ្យ​អ្នកជម្ងឺ​សប្បាយ​ចិត្ដ លួងលោម​ដល់អ្នក​ជម្ងឺ​ឱ្យធ្វើ​កិច្ចការ​អ្វីមួយ​អមដោយ​លើកទឹកចិត្ដ​គ្រប់ពេលវេលា។ ប៉ុន្ដែ​ពេលខ្លះ​អ្នកជម្ងឺ​ក៏អាច​ព្យាបាល​ដោយការ​ប្រើប្រាស់​ថ្នាំពេទ្យ​ផងដែរ ដើម្បី​កាត់​បន្ថយ​នូវជម្ងឺ​ថប់អារម្មណ៍ ព្រោះវា​ជាដើមចម បណ្ដាល​ឱ្យមាន​ជម្ងឺស្លន់ស្លោ។

ផល​ប៉ះពាល់​របស់​ជម្ងឺ​ស្លន់ស្លោ

នៅពេល​ដែល​លោកអ្នក​មាន​បងប្អូន​ឬគ្រួសារ​មានជម្ងឺ​ស្លន់ស្លោ​នេះកើត​ឡើង ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្លាំង និង​ត្រូវចេះ​ព្យាបាល​ឱ្យទាន់​ពេលវេលា។ ព្រោះ​អ្នកជម្ងឺ​អាច​សន្លប់ និង​ថប់អារម្មណ៍​រហូតដល់​គ្រោះថ្នាក់​ដល់​ជីវិតបាន ប្រសិន​បើមិន​ចេះកែ​សម្រួល​អារម្មណ៍​របស់​អ្នកជម្ងឺ​ទេនោះ។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិនបើ​លោកអ្នក​មានជម្ងឺ​ស្លន់ស្លោ​មិនត្រូវគិត​ច្រើន​នោះទេ ហើយ​ត្រូវរក​ថ្នាំព្យាបាល​ជម្ងឺនេះ ដើម្បី​ជួយ​សម្រាល​ដល់អារម្មណ៍​តក់ស្លុត​របស់ខ្លួន។ ហើយ​ត្រូវរក​ឱកាស​ដើរកម្សាន្ដ​ឱ្យបាន​ច្រើន លក្ខណៈ​ជាក្រុម ដើម្បី​ជជែកគ្នា​លេង​ពីនេះ​ពីនោះ ដែល​មិនមែន​ជារឿងរ៉ាវ​រន្ធត់ ឬ​កម្សត់ តក់ស្លុត​ឡើយ។ ការ​ពិភាក្សា​ទាំងនេះ​អាចជួយ​សម្រាល​ដល់អ្នក​មានជម្ងឺ​ស្លន់ស្លោ ជ្រះស្រឡះ ខួរក្បាល​ឈប់គិត​ពីរឿង​ពិបាកចិត្ដ អ្នកជម្ងឺ​អាច​ធូរស្រាល​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *