រ៉ែខនិជ ៖ ជាតិ​ផ្លុយអ័រ(ត)

នៅលេខ​នេះ គឺដល់​វេនជាតិ​ផ្លុយអ័រ​ម្ដងហើយ ដែលត្រូវ​ចូលខ្លួន​មក​បង្ហាញ​ជូន​លោកអ្នកផ​ងដែរ។ លោកអ្នក​ពិតជា​ធ្លាប់ឮ ហើយ​នូវការ​ផ្សព្វផ្សាយ​អំពី​សារជាតិ​នេះ ដោយ​គ្រូពេទ្យ​ធ្មេញ និង​ថ្នាំដុស​ធ្មេញ។ ជារួម​ផ្លុយអ័រ​ត្រូវបាន​ស្គាល់ថា​ជាជាតិ​ជួយធ្មេញ ឬ​ប្រឆាំង​នឹងរោគ​ដង្កូវ​ស៊ីធ្មេញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តួនាទី​ជាតិ​ផ្លុយអ័រ

សារធាតុ​ផ្លុយអ័រ​ដែលបាន​ចាត់បញ្ចូល​ទៅក្នុង​ចំណាត់ថ្នាក់​រ៉ែខនិជ ឬ​អាហារ​បំប៉ន​ត្រូវបាន​គេស្គាល់​ថាជា​ជាតិរ៉ែខនិជ​ប្រឆាំង រោគ​ដង្កូវ​ស៊ីធ្មេញ។ វា​មិនមាន​តួនាទី​ច្បាស់លាស់​ដូចជា​ជាតិរ៉ែខនិជ​ផ្សេងទៀត​នោះទេ ព្រោះ​វាមិនមាន​តួនាទី និង​សកម្មភាព​ទូទៅឡើយ។ គេឃើញ​ថាវាមាន​អត្ថ​ប្រយោជន៍​តែជាមួយ​ធ្មេញ ឆ្អឹង និង​ពួរសាច់ដុំ។ ទោះបីជា​បរិមាណ​តិចតួចក្ដី​ វាអាច​ការពារ​ធ្មេញ នឹង​រោគដង្កូវ​ស៊ីធ្មេញ​ឬពុកធ្មេញ​បានយ៉ាង​មាន​ប្រសិទ្ធភាព។

របប​អាហារូបត្ថម្ភ​ប្រចាំថ្ងៃ​របស់​ជាតិ​ផ្លុយអ័រ

ផ្លុយអ័រ​មិនមែន​ជាជាតិ​រ៉ែខនិជ​សារវ័ន្ដ និង​មិនមាន​ការឱ្យ​និយមន័យ​បាន​ច្បាស់​ថាវាមាន​សារៈ​ប្រយោជន៍​កម្រិត​ជីវិតនោះ​ទេ ។ ហេតុនេះ​កម្រិត​តម្រូវការ​ប្រចាំថ្ងៃ​មិនត្រូវ​បានយក​ចិត្ដទុក​ដាក់​ខ្លាំងនោះ​ទេ។ ខ្លួនប្រាណ​របស់​មនុស្ស​ពេញវ័យត្រូ​វការ​ចំនួនពី២ទៅ២,៥​មីលីក្រាម​ក្នុងមួយ​ថ្ងៃ ដោយឡែក​កុមារ​ពួកគេ​មិនត្រូវ​ទទួលទាន​លើសពី០​,២៥ទៅ​១,៥​មីលីក្រាម​នោះទេ។

ការ​លើសជាតិ​ផ្លុយអ័រ​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្មេញ

ជាតិ​ផ្លុយអ័រ​ខុសពី​សារធាតុ​រ៉ែខនិជ​ដទៃទៀត​ដែលពេល​មានកង្វះ​អាចបង្ក​ជាផល​ប៉ះពាល់​ដល់សុ​ខភាព​សព៌ាង្គកាយ។ ជាតិ ផ្លុយអ័រ​ពេលមាន​កង្វះ​មិនឃើញ​មានផល​ប៉ះពាល់​ធំដុំ​ដល់​សុខភាព​នោះឡើយ ដោយឡែក​វាអាច​នាំឱ្យ​មានផល​ប៉ះពាល់​ដល់ធ្មេញ និង​ឆ្អឹង នៅក្នុង​ករណី​លើស​ដូស ឬ​កម្រិត​ប្រើប្រាស់ ដោយ​ធ្វើឱ្យ​ធ្មេញ និង​ឆ្អឹងពុក​ផុយ។

ចំណី​អាហារ​ដែលមាន​ជាតិ​ផ្លុយអ័រ

ជាតិ​ផ្លុយអ័រ​មាន​នៅលើ​ចំណីអាហារ​មួយចំនួន ដូចជា​ទឹកខនិជ តែ អំបិល សម្ល​ជាដើម។ លើសពីនេះ​ជាតិផ្លុយអ័រ​មាន​នៅ ក្នុង​ថ្នាំ​ដុសធ្មេញ និង​ថ្នាំខ្ពុរមាត់។

ជាតិ​ផ្លុយអ័រ​ជាគ្រាប់ថ្នាំ​អាហារ​បំប៉ន

ការ​ប្រើប្រាស់​ថ្នាំ​អាហារ​បំប៉ន​ជាតិផ្លុយអ័រ មិន​ត្រូវបាន​ទូន្មាន​ដោយ​គ្រូពេទ្យ​ព្យាបាល ឬ​អ្នកជំនាញ​ខាង​ចំណីអាហារ​នោះ ទេ។ ព្រោះ​ជាតិផ្លុយអ័រ​មាន​នៅក្នុង​ថ្នាំ​ដុសធ្មេញ និង​អំបិល​សម្ល​អាចជាការ​គ្រប់គ្រាន់​បានហើយ។
(សូម​បន្ដអាន​នៅលេខ​ក្រោយ)
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១

Google Analytics Alternative