រោគសញ្ញា​ដាច់​សរសៃ​ឈាម​ខួរក្បាល

ប៉ុន្មានខែ​ចុងក្រោយ​នេះ នៅ​ប្រទេសកម្ពុជា​មាន​អ្នកល្បីៗ​ជាច្រើន​បានស្លាប់​ដោយសារ​ដាច់​សរសៃឈាម​នៅក្នុង​ក្បាល។ ការស្លាប់​របស់​ពួកគេ​ដូចជា​ផុយស្រួយ​ណាស់។ ខ្ញុំ​ចង់សួរ​លោក​វេជ្ជបណ្ឌិត​ថាតើ​មានវិធី​សម្គាល់ និងទ​ប់ស្កាត់​បែបណា​ខ្លះទៅ ចំពោះ​ការ​ដាច់​សរសៃ​ឈាម​នៅក្នុង​ក្បាល​នេះ? សូម​អរគុណ​លោក​វេជ្ជបណ្ឌិត​ជាមុន។
លោក​ស្រី យ. ដ. ល អាយុ​២៩ឆ្នាំ ខេត្ដកំពត

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ការដាច់​សរសៃឈាម​ក្នុងក្បាល​គឺជា​ផលប៉ះពាល់​នៃជម្ងឺ​ណាមួយ​ដូចជា​ជម្ងឺ​លើស​ឈាម ជម្ងឺ​ក្រិន រឹង​សរសៃឈាម​ក្រហម​ជាដើម។ សព្វថ្ងៃ​នេះវា​កំពុង​ក្លាយជា​ឃាដករ​ដៃឯក​សម្លាប់​មនុស្ស​នៅប្រទេស​កម្ពុជា ហើយ​ក៏ជា​ឧក្រិដ្ឋជន ដែល​បង្កការ​ពិការ​ភាព​សម្រាប់​មនុស្ស​ចំណាស់​ជាច្រើន​ផងដែរ។ តាមការ​ប៉ាន់​ប្រមាណ ការដាច់​សរសៃ​ឈាម​ក្នុងក្បាល​ដែល​ច្រើនតែ កើត​នៅលើ​មនុស្ស​វ័យចំណាស់​នេះ គឺ​ប្រហែល​ជា៧៥%​ឯណោះ កើតលើ​មនុស្ស​អាយុ​លើសពី​៦០ឆ្នាំ និងមាន​ប្រមាណ​តែ២០% ប៉ុណ្ណោះ​កើតលើ​មនុស្ស​ពេញវ័យ​ដែលកំពុង​ប្រកប​វិជ្ជាជីវៈ។ នៅ​ប្រទេសកម្ពុជា​មិនទាន់​មាន​តួលេខ​ច្បាស់ថា​តើក្នុង​១ឆ្នាំ​មានមនុស្ស ប៉ុន្មាននាក់នោះ​ទេ ដែល​រងការ​ដាច់​សរសៃឈាម​ក្នុង​ក្បាលនេះ​នៅឡើយ​ទេ។ ប៉ុន្ដែមាន​ប្រជាពលរដ្ឋខ្មែរ​ជិត​១លាន​នាក់​ឯណោះ​ដែល​កំពុងមាន​ជម្ងឺ​លើសឈាម និង​ជម្ងឺ​ទឹកនោម​ផ្អែម។

ទាក់ទង​នឹង​វិធីសម្គាល់​ការ​ដាច់​សរសៃឈាម​ក្នុងក្បាល លោកស្រី​អាចធ្វើការ​សង្កេត​នូវ​អាការ​រោគ​មួយចំនួន​ដូចតទៅ ៖

  • សុខៗ​ស្រាប់តែ​ដៃម្ខាង ឬ​ជើងម្ខាង​កម្រើក​លែងរួច មុខម្ខាង​ធ្លាក់ ស្ពឹក​មួយ​ចំហៀង និង​វៀចមាត់ រឹតតែ​ធ្ងន់ធ្ងរ ជួនកាល​អាចស្លាប់​មួយ​ចំហៀង​ខ្លួនតែម្ដង។
  • ជួនកាល​ស្រាប់តែ​ស្ពឹកដៃ​ម្ខាង ឬ​ជើងម្ខាង ស្ពឹកមុខ ឬ​ស្ពឹក​មួយចំហៀង​ខ្លួន​តែម្ដង។
  • ពិបាក​នឹកឃើញ​ពាក្យសម្ដី​ដែលធ្លាប់​ប្រើ ឬ​ជួនកាល​និយាយ​ពាក្យ​ទាំងនោះ​លែងចេញ​តែម្ដង។
  • ជួនអាច​ឈរលែង​នឹង និង​ដើរលែង​កើត ឬ​លែងត្រង់​ផ្លូវ។
  • ភ្លាមៗ​ភ្នែក​មួយចំហៀង​សម្លឹង​លែង​ឃើញ ពិលភ្នែក ឬ​សម្លឹង​ឃើញ​ដូចព្រិល​ធ្លាក់មេឃ​ចុះអព្ភ។
  • ឈឺក្បាល​គំហុក និង​ខ្លាំង​មួយ​រំពេច​ដោយ​មិនបាន​ដឹងមុន ឬ​គ្មានមូលហេតុ​តែម្ដង។

បែបនេះ​ការដាច់​សរសៃឈាម​ក្នុងក្បាល​គឺពិតជា​ធ្ងន់ធ្ងរ​ណាស់។ នៅប្រទេស​កម្ពុជា​យើង​ក្នុងមួយ​ឆ្នាំៗ​មាន​ប្រជាពលរដ្ឋខ្មែរ រាប់ពាន់​នាក់ដែល​ទទួល​រងគ្រោះ​ដោយសារ​ជម្ងឺនេះ។ តាមការ​អង្កេត​មានជន​រងគ្រោះ​គេចផុតពី​មរណភាព និង​ពិការភាព​តិចតួច​បំផុត ពោល​គឺយ៉ាង​ហោចណាច់​ក៏ជន​រងគ្រោះ​លើសពី​៣ភាគ៤​ដែលជា​មកវិញ នៅមាន​ពិការភាព និងផល​ប៉ះពាល់។

សរុបមក​ការពារ​គឺប្រសើរ​ជាង​ព្យាបាល។ វិធី​ទប់ស្កាត់​គឺព្យាបាល​ជម្ងឺ​ដើមហេតុ​ដែលបង្ក​ការដាច់​សរសៃឈាម​ក្នុងក្បាល​ឱ្យ បាន​ត្រឹមត្រូវ​តាម​ដំបូន្មាន និងការ​ព្យាបាល​របស់​គ្រូពេទ្យ​ព្យាបាល។ សូម​លោកស្រី និង​ក្រុមគ្រួសារ​មាន​សំណាង​ល្អ ចៀសផុត​ពីគ្រោះ ថ្នាក់​អាក្រក់​បែបនេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative