រួមភេទមិនបានប្រើស្រោម

កាលពី​ម្សិលម៉ិញ ខ្ញុំបាន​ទៅជួប​អតីត​សង្សារ​របស់ខ្ញុំ។ យើង​ក៏បាន​នាំគ្នា​ដើរលេង​ញ៉ាំបាយ​ជាមួយ​គ្នា ចូល​កន្លែងរាំ និង​ច្រៀង​ខារ៉ាអូខេ​យ៉ាង​សប្បាយ។ ទីបំផុត​យើងបាន​រួមភេទ​ជាមួយ​គ្នាដោយ​មិនខ្វល់អ្វី​ទាំងអស់។ ខ្ញុំ​ភ័យខ្លាំង​ណាស់​ពេលដែល នាង​ប្រាប់ខ្ញុំ​ថា ប្ដី​របស់​នាងបាន​ស្លាប់​បាត់ទៅ​ដោយសារ​ជម្ងឺ។ សូមលោក​វេជ្ជបណ្ឌិត​ជួយខ្ញុំ​បាទផង។
លោក ហ. ហ. រ អាយុ៤០ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ពេលដែល​មានការ​រួមភេទ​មិនបាន​ប្រើស្រោម​អនាម័យ ឬ​រហែក​ស្រោម​អនាម័យ គឺអាច​សន្មតថាជាការ​រួមភេទ​ដែលគ្មាន​សុវត្ថិភាព។ ស្ថានភាព​ទាំងនេះ​គឺជា​ប្រភព​នៃការ​ឆ្លងមេរោគ​អេដស៍ ជម្ងឺ​អេដស៍៍ និង​មេរោគជម្ងឺ កាមរោគ​ដែលជា​ជម្ងឺ​ឆ្លងតាម​ផ្លូវភេទ​ដទៃទៀត។ បើសិនជា​លោក​មានការ​សង្ស័យ មិនត្រូវ​នៅស្ងៀម​នោះទេ។ លោកត្រូវ​សាកសួរ ទៅកាន់​ស្ដ្រីជាដៃគូ​នោះថា តើស្វាមី​របស់នាង​ស្លាប់​ដោយសារ​ជម្ងឺ​អេដស៍ ឬជម្ងឺ​អ្វីទៅ។ តើនាង​ធ្លាប់ធ្វើ​តេស្ដ​រកមេរោគ​អេដស៍​ថ្មីៗនេះ ដែរ​ឬទេ? តើនាង​មាន​ដៃគូ​ណាផ្សេង​ដែរឬទេ បន្ទាប់ពី​ធ្វើតេស្ដ​រួចមក? បើចម្លើយ​ពាក់ព័ន្ធ​នឹងការ​មាន​ឆ្លងមេរោគ​អេដស៍ ឬ​នាង សង្ស័យ​ថាអាច​ឆ្លង​មេរោគអេដស៍​នោះ លោក​ត្រូវជួប​គ្រូពេទ្យ​ដើម្បី​ប្រើប្រាស់​ថ្នាំកាត់​បន្ថយការ​ឆ្លងពីនាង។ ចំពោះ​រូបលោក​ក៏ត្រូវ ធ្វើ​តេស្ដ​ផងដែរ ថាមាន​មេរោគ​ដែរឬ​ក៏អត់។ សកម្មភាព​ទប់ទល់​ទាំងនេះ​ត្រូវធ្វើ​ភ្លាមៗ​ក្រោយពីការ​រួមភេទ​រួច ក្នុង​កំឡុង​រយៈពេល ក្រោម​៤៨ម៉ោង។ បើសិន​ជាតេស្ដ​អះអាង​ថានាង​មាន​ផ្ទុក​មេរោគអេដស៍​(លទ្ធផល​វិជ្ជមាន) និង​លោក​មិនមាន​ផ្ទុក​មេរោគអេដស៍ (លទ្ធផល​អវិជ្ជមាន)​នោះ តម្រូវ​ឱ្យមាន​ការ​ប្រើប្រាស់​ថ្នាំ​ទៅតាម​ដំបូន្មាន​របស់​គ្រូពេទ្យ​ឯកទេស​ខាងជម្ងឺ​អេដស៍។ រីឯ​ករណី​ជម្ងឺកាមរោគ ឬ​ជម្ងឺ​ឆ្លងតាម​ផ្លូវភេទដទៃទៀត​ក៏ត្រូវ​ចាត់​វិធានការ​ផងដែរ។

ផ្ទុយ​ទៅវិញ បើសិន​ជាការ​រួមភេទ​ដែល​សង្ស័យ​នោះ​យូរពេល​លើសពី៤៨​ម៉ោង វិធី​ព្យាបាល​កាត់បន្ថយ​ការឆ្លង​លែងសូវ មាន​ប្រសិទ្ធភាព​ហើយ។ អ្វីដែល​លោក​ត្រូវធ្វើគឺ​ត្រូវ​ទៅជួប​ជាមួយ​គ្រូពេទ្យ​ធ្វើ​តេស្ដឈាម ឬ​គ្រូពេទ្យ​ព្យាបាល ដើម្បី​វាយតម្លៃ​លម្អិត ថា​ត្រូវធ្វើ​អ្វីខ្លះ​សម្រាប់​លោក។ សូម​បញ្ជាក់ថា​ការសង្ស័យ​ថាឆ្លង​ក្រោយ​រយៈពេល​ក្រោម៣ខែ តេស្ដ​ដែលប្រើ​នៅតាម​មណ្ឌលធ្វើ​តេស្ដ ឈាម​ទូទៅ​មិនអាច​វាយតម្លៃ​បាន​នោះទេ គឺត្រូវ​ធ្វើតេស្ដ​នៅ៣ខែ​ក្រោយទៀត​ម្ដងទៀត។ សូមលោក​មាន​សំណាងល្អ គេចផុត​ពីគ្រោះ ឆ្លង​មេរោគអេដស៍​នេះ។ សង្ឃឹម​ថា លោកនឹង​ប្រើប្រាស់​បាតុភូត​នេះជា​មេរៀន សម្រាប់​សុវត្ថិភាព​ទៅថ្ងៃក្រោយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative